+855 16 757 168     samnob@keiladaily.com
KD Logo

ផេតដាំ បង្ហើបប្រាប់ពីធាតុផ្សំសម្ងាត់មួយដែលនាំឱ្យគេជោគជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 245

និមិត្តរូបប្រដាល់ថៃ Petchdam “Baby Shark” Petchyindee Academy បានប្រកាសពីការមកដល់របស់គេក្នុងសង្វៀន ONE Championship ក្នុងរបៀបយ៉ាងគួរឱ្យស្ញប់ស្ញែង ដោយបានឈ្នះទាំង៣ប្រកួតជាប់ៗគ្នាតាមរយៈការផ្ដួលគូប្រកួតឱ្យសន្លប់ជាបន្តបន្ទាប់។

ជ័យជម្នះជាបន្តបន្ទាប់នេះបានផ្ដល់ឱកាសដល់តារាប្រដាល់ថៃវ័យក្មេងរូបនេះក្នុងការប្រកួតសម្ពោធខ្សែក្រវាត់ ONE Flyweight Kickboxing World Championship ទល់នឹងកីឡាករអាល់ហ្សេរីកាត់បារាំង Elias "The Sniper" Mahmoudi នៅ ONE: WARRIORS OF LIGHT នាថ្ងៃសុក្រទី១០ខែឧសភាឆ្នាំ២០១៩នេះនៅ Impact Arena ក្នុងទីក្រុងបាងកក។

ក្រៅពីការបង្ហាញសមត្ថភាពវាយយ៉ាងសាហាវនៅលើរេញ Petchdam ក៏ល្បីឈ្មោះខាងកំប្លុកកំប្លែងដោយដើរមកកាន់សង្វៀនអមដោយបទចម្រៀងកុមារ Baby Shark កំដរអារម្មណ៍ រហូតជាប់រហស្សនាមជា Baby Shark នេះតែម្ដង។

អ្នកគាំទ្រជាច្រើនងឿងឆ្ងល់ថាហេតុអ្វីបានជាកីឡាករប្រដាល់លំដាប់កំពូលដូច Petchdam យកបទចម្រៀងកុមារមកចាក់ពេលដើរមកកាន់សង្វៀនដូច្នេះ?

Petchdam បានពន្យល់ថា៖ “លោក Nuttadaj (អ្នកចាត់ការរបស់គេ) បានប្រាប់ខ្ញុំឱ្យច្នៃប្រតិដ្ឋបង្កើតស្ទីលផ្ទាល់ខ្លួន ជាប្រភេទអ្វីមួយដែលទាក់ទាញចំណាប់អារម្មណ៍។ ខ្ញុំចូលចិត្តចម្រៀង Baby Shark ព្រោះវាសប្បាយរាំ ដូច្នេះខ្ញុំក៏ជ្រើសយកវាទៅ”។

Petchdam បង្ហើបឱ្យដឹងថាកាលឡើងវាយនៅ ONE លើកទី១ គេមានអារម្មណ៍ភ័យនៅពេលដើរមកកាន់សង្វៀន ព្រោះមានមនុស្សច្រើនកំពុងទស្សនា តែនៅពេលចម្រៀងចាប់ផ្ដើមលេង ក្បាច់រាំរបស់គេក៏ចេញមកដោយធម្មជាតិតែម្ដង។ គេថាពីដំបូងៗការរាំរបស់គេរាងឆ្គងដែរ តែឥឡូវថ្នឹកហើយ។

កាលប្រកួតឈ្នះកីឡាករជប៉ុន Mashide Kudo នៅ ONE: CALL TO GREATNESS ក្នុងខែកុម្ភៈ Petchdam បានបង្ហាញភាពកំប្លុកកំប្លែងរបស់គេឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងគួរឱ្យចងចាំជាថ្មីទៀត គួបផ្សំជាមួយគុណផលប្រកួតយ៉ាងអស្ចារ្យនៅលើរេញ។

កីឡាករវ័យ២០ឆ្នាំបញ្ជាក់ថានៅពេលហ្វឹកហាត់ គេហាត់ដោយយកចិត្តទុកដាក់យ៉ាងម៉ដ្ឋចត់ តែគេចូលចិត្តធ្វើឱ្យខ្លួនគេមានអារម្មណ៍ស្រស់ស្រាយដើម្បីជំរុញទឹកចិត្តខ្លួនឯង គឺគេចូលចិត្តនិយាយលេងសើចធ្វើឱ្យអ្នកជុំវិញខ្លួនសប្បាយ។ វាជាអត្តចរិតផ្ទាល់ខ្លួនរបស់គេ។ នៅលើបណ្ដាញសង្គមក៏គេចូលចិត្តលេងសើចដែរព្រោះវាជាវិធីមួយក្នុងការបំបាត់ស្ត្រេស៕

ប្រែ​សម្រួល​៖ គជសារ
ប្រភព​&​រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖