+855 16 757 168     samnob@keiladaily.com
KD Logo

នៅ ស្រីពៅ បង្ហើបកីឡាចូលចិត្តមួយប្រភេទទៀត ក្រៅ​ពី​គុនខ្មែរ និងគុនចម្រុះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 189

បច្ចុប្បន្ននេះ នៅ ស្រីពៅ បានក្លាយជាកីឡាការិនីប្រដាល់គុនខ្មែរ និង គុនចម្រុះកំពូលម្នាក់នៅក្នុងចំណោមកីឡាករនៅកម្ពុជា។ មុនឈានជើងចូលក្នុងវិស័យកីឡាប្រដាល់តាំងពីដើមឆ្នាំ ២០១៤ មកនោះ ស្រីពៅ បង្ហើបថា កីឡាដែលខ្លួនចូលចិត្តក្រៅពីប្រដាល់គឺ «កីឡាហែលទឹក»។


កីឡាការិនីវ័យ ២៤ឆ្នាំបញ្ជាក់បែបនេះ ៖«ខ្ញុំចូលចិត្តកីឡាហែលទឹកតាំងពីតូច ទោះធំឡើងមិនមែនក្លាយជាកីឡាការិនីហែលទឹកក៏ដោយ។ ប៉ុន្តែ រៀងរាល់ថ្ងៃព្រហស្បតិ៍ ខាងគ្រូហាត់ប្រដាល់ខ្ញុំ គាត់ឲ្យទៅហែលទឹក ឬ ទាត់បាល់។ ប៉ុន្តែឥឡូវខកខានមួយរយៈរឿងហែលទឹកព្រោះគេជួសជុលអាងទឹកថ្មីនៅពហុកីឡដ្ឋានជាតិ។ ខ្ញុំចូលចិត្តហែលទឹកតាំងពីតូច អាយុប្រហែល ១០ ឆ្នាំ។ ក្បែរផ្ទះម៉ាក់ប៉ាខ្ញុំនៅចំការដូងចិញ្ចឹមទានៅបឹង ហើយ ប៉ាខ្ញុំប្រាប់ថាខ្ញុំចេះហែលទឹកនៅបឹងនោះដោយគ្មានអ្នកបង្ហាត់ទេ។ កាលនៅក្មេងហែលទឹកសឹងមួយព្រឹកទល់ល្ងាចក៏មាន»។

កីឡាការិនីដដែលនេះរៀបរាប់ទៀតថា កីឡាហែលទឹកធ្វើឲ្យសុខភាពល្អ និង រក្សារាងរៅបានស្អាតដែលខុសពីប្រដាល់ដែលធ្វើឲ្យឈឺសាច់។ យ៉ាងណាក្ដី កីឡាទាំងពីរនេះមានចំណុចល្អរៀងៗខ្លួន។ ប៉ុន្តែបើហាត់ប្រដាល់សាច់ដុំឡើងកង់ៗ ស្របពេល ហែលទឹកជួយឲ្យរាងកាយរឹងមាំ និងស្អាតជាង។ ការមិនបានចាប់អាជីពយកកីឡាហែលទឹក ដោយសារមានបងប្រុសរបស់ខ្លួនឈ្មោះ នៅ ស៊ីថា ហ្វឹកហាត់ប្រដាល់។ ការស្រលាញ់ជារឿងមួយផ្នែក ខណៈ មានការជំរុញពីបងប្រុសផងនេះ ធ្វើឲ្យ ស្រីពៅ មានឈ្មោះក្នុងវិស័យប្រដាល់ដល់សព្វថ្ងៃ។ យ៉ាងក្ដីកីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship នាប្រទេស មីយ៉ាន់ម៉ា បានបន្ថែមថា៖«កីឡាការិនីហែលទឹកដែលខ្ញុំស្គាល់នាពេលបច្ចុប្បន្ននេះ គឺ ហែម ថុនវិទិនី។ ការលេងកីឡាហែលទឹកធ្វើឲ្យរាងកាយរបស់គាត់ស្អាត សាច់ណែន។ យ៉ាងណា យើងហាត់ប្រដាល់មិនអាចទៅច្រណែនជាមួយអ្នកហែលទឹកទេបង...ព្រោះកីឡាខុសគ្នា»។

នាពេលនេះកីឡាប្រដាល់បានធ្វើឲ្យជីវភាពរបស់ ស្រីពៅ បានប្រសើរឡើងបន្ទាប់ពីធ្លាប់បម្រើការងារនៅរោងចក្រមួយកន្លែងម្ដុំព្រែកថ្លឹង អំឡុងឆ្នាំ ២០១៣។ ក្ដីស្រលាញ់ក្នុងវិស័យកីឡាប្រដាល់ធ្វើឲ្យកីឡាការិនីជម្រើសជាតិរូបនេះដកខ្លួនលែងរួច និង ខិតខំហ្វឹកហាត់កាន់តែខ្លាំងក្លាថែមទៀតជាពិសេសកំពុងហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានៅចុងឆ្នាំ ២០១៩ នេះនៅប្រទេសហ្វីលីពីន។


គួររំលឹកដែរថា នៅ ស្រីពៅ ឈានជើងចូលហ្វឹកហាត់ប្រដាល់ដំបូងជាគ្រូបង្វឹក ញ៉ូវ ម៉ាក និង លោក ម៉ាក សាខន នៅក្លិបតាឡីដំរីមានរិទ្ធិ។ ពេលហាត់បានត្រឹម រយៈពេលមួយខែ ស្រីពៅ ក៏មានទីផ្សារឡើងប្រកួតបណ្ដើរៗតាំងពីពេលនោះមក។ គេចាំបានថា ការប្រកួតដំបូងគឺតតាំងជាមួយប្អូន វី ស្រីខួច ឈ្មោះ វ័ ស្រីល័ក្ខ នៅសង្វៀនប៉ុស្ដិ៍បាយ័ន ហើយ ស្រីពៅ ជាអ្នកឈ្នះពិន្ទុ ដោយទទួលបានតម្លៃខ្លួន ៣០ ម៉ឺនរៀល។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក មានទីផ្សារហក់ឡើងជាហូរហែជាពិសេសឡើងសង្វៀន ONE Championship ក្រោយហាត់គុនចម្រុះជាមួយលោក ហ៊ុន ច័ន្ទរាជ្យ។ កំណត់ត្រាគួរឲ្យចងចាំចុងក្រោយនេះ ស្រីពៅ បានយកឈ្នះកីឡាការិនីមានបទពិសោធន៍ច្រើនថៃ Rika Ishige មុនពេលចាញ់កីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ដោយពិន្ទុនាដើមខែ ឧសភា នេះ៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖