+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង សុភី ដែលបង្ហាញខ្លួនលើសង្វៀន ONE មុនគេបង្ហើបចំណុចអស្ចារ្យមួយចំនួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 290

ឡុង សុភី ដែលគេស្គាល់ច្បាស់រយៈក្បាច់ជង្គង់ និងក្បាច់កែងដ៏មានប្រសិទ្ធភាពនោះជាកីឡាករដំបូងគេតំណាងកម្ពុជាឡើងប្រកួតនៅសង្វៀន ONE: CHAMPIONS AND WORRORS កាលខែ កញ្ញា ឆ្នាំ ២០១៣ នៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។


កីឡាករគុនខ្មែរដែលធ្លាប់ប្រកួតនៅ Thai Fight បានម្ដងរូបនេះបានថ្លែងថា ៖«ខ្ញុំបានមើលការរៀបចំរបស់ ONE អស្ចារ្យណាស់ និងការស្វាគមន៍មុនឡើងរេញដ៏រំភើប ហើយកាលនោះមានតែខ្ញុំទេដែលប្រកួតដំបូងគេក្នុងនាមកីឡាករកម្ពុជា។ ប៉ុន្តែគ្រានោះខ្ញុំអត់មានទំនុកចិត្តក្នុងការប្រើក្បាច់ដែលយើងធ្លាប់វៃគុនខ្មែរទល់នឹងកីឡាករឥណ្ឌូណេស៊ី Max Metino សោះ។ ខ្ញុំប្រើជំហរ MMA ដែលគេចាប់ខ្ញុំឃ្លេបានហើយអាជ្ញាកណ្ដាលរាប់បញ្ឈប់ខ្ញុំតែម្ដង ទាំងខ្ញុំមិនទាន់បានគោះដៃចុះចាញ់សោះ។ ពេលនោះខ្ញុំក៏ អត់សូវយល់ដែរនៅគាត់បញ្ឈប់ត្រឹមទឹកទី២»។

បើរំលឹកពេលនោះ នៅទឹកទី១ ឡុង សុភីត្រូវបានកីឡាករគុនចម្រុះឥណ្ឌូណេស៊ី Max Metino ប្រើបុកចូលឱបដោយសាររូបគេពូកែខាងគុនចម្រុះ។ Max Metino បានព្យាមចូលកៀក និង បោក ចាប់ឃ្លេ ចំនួន ២ ដង ប៉ុន្តែ សុភី រើរួចឃ្លេ និង ប្រឹងវ៉ៃពីលើវិញ ហើយ ត្រូវជាប់ឃ្លេម្ដងទៀតរហូតដល់ចប់ទឹកទី១។ ចូលដល់ទឹកទី២ សុភី ព្យាយាមកុំឲ្យ Max ចូលកៀក តែមិនអាចទប់បានរហូតដល់កីឡាករម្ចាស់ផ្ទះចូលចាប់ឃ្លេបានដដែល។ Max ចូលកៀក និង នៅពីលើដោយប្រើកំភួនដៃអុក សុភី រហូត ខណៈដែលដៃ និង ជើងម្ខាងគាបឃ្លេទាល់តែអាជ្ញាកណ្ដាលបញ្ចប់ការប្រកួតត្រឹមចុងទឹកទី២តែម្ដង។

យ៉ាងណាក្ដី ប្អូនប្រុសបង្កើតរបស់គ្រូបង្វឹក ឡុង សាលវ័ន្ត រូបនេះបង្ហើបអំពីការតាំងចិត្តថា ៖« បើមានឱកាស ខ្ញុំចង់ទៅប្រកួតនៅសង្វៀន ONE ជាថ្មីម្ដងទៀត ព្រោះឥឡូវនេះគេមានគូប្រកួត Kickboxing ដែលត្រូវជំនាញរបស់ខ្ញុំ។ ពេលខ្ញុំប្រកួតលើកមុន ខ្ញុំទៅវ៉ៃក្នុងការប្រកួតគុនចម្រុះ ហើយ ខ្ញុំហាត់ក្បាច់ឃ្លេ គាប និង ចាប់ បានរយៈពេលខ្លីត្រឹម ២ សប្ដាហ៍ប៉ុណ្ណោះ។ ការប្រកួត Kickboxing គឺល្អជាងគុនចម្រុះ ព្រោះជាក្បាច់បាតយើងហាត់តាំងពីដើមមក។ ត្បិតខ្ញុំពូកែខាងប្រើកែង តែ Kickboxing គេបិទកែង។ វាមិនជាបញ្ហាទេ ខ្ញុំគោរពតាមកម្មវិធីប្រកួត និង គោរពគោលការណ៍របស់គេ»។


គួររំលឹក ឡុង សុភី បច្ចុប្បន្ននេះមានអាយុ ៣១ ឆ្នាំហើយ។ គេមានស្រុកកំណើតនៅភូមិ ស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ឡុង សុភី ឡើងប្រកួតយ៉ាងតិចពីចន្លោះពី ៥០០ ទៅ ៦០០ ដង បើគិតទាំងការប្រកួតតាមតំបន់ក្នុងកម្មវិធីផ្សេងៗ និង តាមខេត្តរួមទាំងការឡើងសង្វៀនតាមទូរទស្សន៍។ ក្នុងអាជីពជាអ្នកប្រដាល់ កីឡាករមកពីខេត្តបាត់ដំបងដដែលធ្លាប់ឈ្នះខ្សែក្រវាត់ស្រាសាច់ដុំ, Gold Region, ឈ្នះប្រាក់រង្វាន់ពីធនាគារ, K-Cement និង ឈ្នះមេដាយមាសជាច្រើនក្នុងការប្រកួតថ្នាក់ជាតិ៕

អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖