+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយឈរជើង៨ឆ្នាំមកនេះ ONE Championship បានប្រែក្លាយជា​ទ្រព្យ​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 132

ស្ថាប័នក្បាច់គុនដែលមានមូលដ្ឋាននៅសិង្ហបុរី ONE Championship បានប្រែក្លាយខ្លួនជាទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលត្រឹម៨ឆ្នាំ ហើយនៅពីក្រោយជោគជ័យនេះគឺគ្មាននរណាក្រៅពីមនុស្សដែលបង្កើតក្រុមហ៊ុននេះឡើយ។

រាប់តាំងពីផ្នែកបដិសណ្ឋារកិច្ចនៅខាងមុខរហូតដល់ផ្នែកផលិតកម្មនៅខាងក្រោយឆាកអំឡុងពេលនៃព្រឹត្តិការណ៍នីមួយៗ គ្រប់គ្នាបានរួមចំណែកដល់ការរីកចម្រើនយ៉ាងរហ័សរបស់ ONE តាំងពីចាប់កំណើតក្នុងឆ្នាំ២០១១មក។

សព្វថ្ងៃនេះ ONE Championship គឺជាស្ថាប័នក្បាច់គុនមួយក្នុងចំណោម២គត់ក្នុងពិភពលោកនេះដែលមានតម្លៃលើសពី១ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលរបស់ស្ថាប័ននេះស័ក្ដិសមនឹងការវាយតម្លៃ១ពាន់លានដុល្លារនោះ។ ភាពរីកចម្រើនយ៉ាងខ្លាំងក្លាកម្រិតស្វ័យគុណត្រូវបានរំពឹងទុកថានឹងកើតឡើង។

ភាពរីកចម្រើនកម្រិតស្វ័យគុណនោះមានន័យថា ONE Championship កំពុងស្ថិតលើផ្លូវទៅកាន់ការរកបានចំណូលលើស១០០លានដុល្លារក្នុងពេលអនាគតខ្លីខាងមុខ។
ONE ក្ដោបបានជោគជ័យដូច្នេះដោយសាររក្សាភាពសច្ចៈចំពោះគោលការណ៍ស្នូលរបស់ខ្លួនក្នុងការលើកស្ទួយក្បាច់គុនដែលជាមរតកវប្បធម៌អស្ចារ្យបំផុតរបស់អាស៊ី។

ក្នុងវត្តមានឈរជើង៨ឆ្នាំរបស់ពួកគេ ONE បានចាក់គ្រឹះយ៉ាងរឹងមាំក្នុងឋានៈជាជម្រកនៃក្បាច់គុន (Home of Martial Arts)។ ONE បាននាំអ្នកប្រយុទ្ធល្អៗបំផុតក្នុងពិភពលោកលើប្រភេទក្បាច់គុនជាច្រើនផ្សេងគ្នាមកប្រកួតដើម្បីសាទរភាពស្រស់ស្អាតនិងស្មារតីដ៏មុតមាំនៃក្បាច់គុនអាស៊ី។

រាប់ចាប់ពីជើងឯកពិភពលោកខាងប្រដាល់ថៃ គុនខ្មែរ ប្រដាល់kickboxing រហូតដល់ម្ចាស់ខ្សែក្រវាត់ខ្មៅឆ្នើមៗក្នុងកីឡាជឺជីតស៊ូ និង យូដូ ធ្វើឱ្យ ONE ផ្ដុំទៅដោយជើងឯកពិភពលោកច្រើនបំផុតមកពីគ្រប់ប្រភេទក្បាច់គុន។

មកទល់សព្វថ្ងៃនេះ ONE ជាជម្រកនៃអត្តពលិកដ៏មានទេពកោសល្យប្រមាណ៥៥០នាក់។ ក្នុងចំណោមអត្តពលិកប្រកបដោយទេពកោសល្យលំដាប់ពិភពលោកទាំងនោះ មានជាង១៣០នាក់ជាជើងឯកពិភពលោកក្នុងប្រភេទកីឡាផ្សេងៗគ្នាជាច្រើន។

អត្តពលិកទាំងនេះបានជួយយ៉ាងពិតប្រាកដក្នុងការលើកស្ទួយ ONE Championship ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាទំនងខ្លាំងណាស់ថា ONE នឹងបន្តរីកចម្រើនថែមទៀតស្របពេលក្រុមហ៊ុនចេះតែដើរទៅមុខ។

ប្រាក់ចំណូលរបស់ ONE Championship មានសក្ដានុពលធំធេងដោយសារតែឱកាសទីផ្សារដ៏ធំក្នុងទ្វីបអាស៊ី ហើយពួកគេមានសក្ដានុពលក្នុងការវ៉ាលើសប្រាក់ចំណូលរបស់លីគបាល់ឱបអាមេរិក NFL ក្នុងទិសដៅរយៈពេលវែង ដ្បិតអាស៊ីមានអត្រាប្រជាជន៤ពាន់លាននាក់៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖