+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតល្អៗបំផុតនៅ ONE Championship ក្នុងពេល៤ខែដំបូងក្នុងឆ្នាំ ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 120

រយៈពេល៤ខែដំបូងនៃឆ្នាំ២០១៩ មានការប្រកួតដ៏ជក់ចិត្តគួរឱ្យចងចាំជាច្រើនលើសលប់ពីសំណាក់អត្តពលិក ONE Championship តែ៦ប្រកួតខាងក្រោមនេះជាការប្រកួតជក់ចិត្តបំផុតក្នុងចំណោមការប្រកួតល្អៗបំផុតទាំងនោះ។

១- Stamp Fairtex ផ្ដួល Janet Todd នៅ ONE: CALL TO GREATNESS


វាមិនមែនរាល់ថ្ងៃទេដែលអត្តពលិកម្នាក់បង្កើតប្រវត្តិសាស្ត្រ។ នៅ ONE: CALL TO GREATNESS ក្នុងខែកុម្ភៈ Stamp Fairtex បានក្លាយជាអត្តពលិកទី១ដែលបានឈ្នះខ្សែក្រវាត់ពិភពលោកក្នុង២ប្រភេទកីឡាផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រ ONE Championship។ ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion នាងបានឡើងប្រកួតទល់នឹង Janet Todd ដើម្បីសម្ពោធខ្សែក្រវាត់ ONE Atomweight Muay Thai World Title។ នៅទីបញ្ចប់ Stamp បានឈ្នះពិន្ទុដោយឯកច្ឆ័ន្ទ។ មែនទែនទៅ កីឡាករគុនចម្រុះមីយ៉ាន់ម៉ា Aung La N Sang ក៏កាន់កាប់ខ្សែក្រវាត់ពិភពលោក២ដែរ តែក្នុងប្រភេទកីឡាតែមួយ គ្រាន់តែ២ប្រភេទទម្ងន់ផ្សេងគ្នា។ ដូចគ្នានេះដែរ កីឡាករវៀតណាម Martin Nguyen ក៏បានសម្រេចជោគជ័យបែបនេះក្នុងឆ្នាំ២០១៨ផងដែរ។ តែសមត្ថភាពដែល Stamp សម្រេចបានគោលដៅខ្ពស់បំផុតគឺជើងឯកពិភពលោកក្នុង២ប្រភេទកីឡាផ្សេងគ្នានោះគឺជាសមិទ្ធផលពិសេសដាច់ដោយឡែកមួយ។


២- Xiong Jing Nan ផ្ដួល Angela Lee នៅ ONE: A NEW ERA

កីឡាការិនីចិន Xiong បានបង្ហាញពីភាពត្រួតត្រារបស់នាងលើគ្រប់កីឡាការិនីដែលនាងបានប្រឈមមុខជាមួយនៅក្នុងប្រភេទទម្ងន់ ONE Women’s Strawweight។ តែកាលពីថ្ងៃទី៣១ខែមីនានៅ ONE: A NEW ERA នៅជប៉ុន Xiong បានប្រឈមមុខនឹងការប្រជែងដ៏តានតឹងបំផុតក្នុងអាជីពរបស់នាង។ ជើងឯក ONE Women’s Atomweight World Champion : Angela Lee បានដំឡើងទម្ងន់ដើម្បីព្យាយាមឈ្នះខ្សែក្រវាត់២ប្រភេទទម្ងន់ផ្សេងគ្នាដូច Aung La N Sang និង Martin Nguyen។ តែបន្ទាប់ពីត្រូវបាន Xiong ត្រួតត្រាអស់៤ទឹក នៅទឹកទី៥ Angela ត្រូវបាន Xiong ចាប់ក្លេពីក្រោយបង្ខំឱ្យចុះចាញ់ ដើម្បីរក្សាខ្សែក្រវាត់របស់ខ្លួន។


៣- Jonathan Haggerty ផ្ដួល Sam-A Gaiyanghadao នៅ ONE: FOR HONOR

សឹងតែគ្មាននរណាម្នាក់គិតថាអ្នកប្រដាល់សេរីវ័យក្មេងអង់គ្លេស Jonathan Haggerty នឹងផ្ដួលវីរបុរសប្រដាល់ថៃ Sam-A ឡើយ ប៉ុន្តែគេបានធ្វើវាបានសម្រេចនៅ ONE: FOR HONOR។ ក្នុងការប្រកួតដ៏ជក់ចិត្ត វាយទៅវាយមកនោះ Jonathan បានដណ្ដើមយកខ្សែក្រវាត់ ONE Flyweight Muay Thai World Championship របស់ Sam-A។ Jonathan វាយដោយគ្មានភ័យព្រួយ តក់ស្លុតអ្វីឡើយ ហើយកែង ជង្គង់ និងកណ្ដាប់ដៃរបស់គេបានផ្ដល់បរាជ័យដល់ Sam-A។


៤- Joshua Pacio ផ្ដួល Yosuke Saruta នៅ ONE: ROOTS OF HONOR 


កុំទម្លាប់មើលស្រាលគូប្រកួតឱ្យសោះ! នោះប្រហែលជាអ្វីដែល Joshua Pacio បានធ្វើក្នុងការប៉ះលើកដំបូងជាមួយ Yosuke Saruta។ កីឡាករជប៉ុនខាងក្រោយនេះបានផ្ដួល Pacio យ៉ាងភ្ញាក់ផ្អើលនៅ ONE: ETERNAL GLORY ក្នុងខែមករា ដើម្បីដណ្ដើមយកខ្សែក្រវាត់ ONE Strawweight World Title។ ក្នុងការប្រកួតសងសឹកដែលធ្វើនៅ ONE: ROOTS OF HONOR នៅប្រទេសកំណើតរបស់ Pacio កីឡាករហ្វ៊ីលីពីនរូបនេះបានដណ្ដើមជ័យជម្នះមកវិញក្នុងរបៀបយ៉ាងអស្ចារ្យដោយផ្ដួលឱ្យ Saruta សន្លប់ ក្នុងទឹកទី៤ ដោយទាត់ជើងស្ដាំចំក្បាល។


៥- Zebaztian Kadestam ផ្ដួល Georgy Kichigin នៅ ONE: REIGN OF VALOR

ក្នុងខែមីនា នៅ ONE: REIGN OF VALOR ជើងខ្លាំងស៊ុយអែត Zebaztian Kadestam ហាក់មានបញ្ហាពេលប្រកួតទល់នឹង Georgy Kichigin។ ក្នុង២ទឹកដំបូង Kichigin បានគ្រប់គ្រងលើម្ចាស់ជើងឯក ONE Welterweight World Champion នៅលើផ្ទៃសង្វៀន តាមរយៈកម្លាំងចាប់ និងមិនបណ្ដោយឱ្យ Kadestam មានឱកាសវាយនៅពេលឈរឡើយ។ តែបន្ទាប់មក Kichigin ភ្លាត់ស្នៀតខ្លួនឯងទល់នឹងទ្រុង បើកមុខខ្លួនឯងឱ្យ Kadestam វាយចូលកែងស្ដាំយ៉ាងធ្ងន់នៅចុងទឹកទី២ តែ Kichigin បានបន្តរហូតចប់ទឹកនោះ។ តែនៅដើមទឹកទី៣ Kichigin មានបញ្ហា មិនអាចបន្តការប្រកួតទៀតបាន ដូច្នេះ Kadestam នៅតែរក្សាខ្សែក្រវាត់បន្តទៀត។


៦- Shinya Aoki ផ្ដួល Eduard Folayang នៅ ONE: A NEW ERA

វីរបុរសជប៉ុន Shinya Aoki បានចាញ់២ប្រកួតចុងក្រោយជាប់ៗគ្នា ដែលបរាជ័យទី១បានបណ្ដាលឱ្យគេរបូតខ្សែក្រវាត់ ពេល Eduard Folayang ផ្ដួលគេសន្លប់ដើម្បីយកខ្សែក្រវាត់ ONE Lightweight World Tittle។ តែបន្ទាប់មក Aoki ព្យាយាមពង្រឹងសមត្ថភាពឡើងវិញ និងដណ្ដើមបានឱកាសត្រលប់មកប្រកួតខ្សែក្រវាត់វិញ។ ទីបំផុត Aoki សងសឹក Folayang យកខ្សែក្រវាត់ត្រលប់មកវិញ ហើយក្លាយជាកីឡាករទី២ដែលគ្រងជើងឯកទម្ងន់ lightweight ២ដងក្នុងប្រវត្តិសាស្ត្រ ONE Championship៕

ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព​&រូបថត​៖ ONE Championship

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖