+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិប «អាណាចក្រប្រយុទ្ធ» កំពុងបណ្ដុះកីឡាករឈានប្រកួតប្រជែងលើសង្វៀន ONE និង កម្មវិធីអន្តរជាតិនានា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 147


ក្លិប «អាណាចក្រប្រយុទ្ធ» ឬ ហៅ Kingdom Fight Gym (KFG) ស្ថិតនៅខេត្តសៀមរាប។ ក្លិបនេះកំពុងតែបណ្ដុះបណ្ដាលកីឡាករវ័យក្មេងជាច្រើននាក់នៅឯខេត្តសៀមរាប ដើម្បីឲ្យពួកគេមានសមត្ថភាពអាចប្រកួតប្រជែងលើសង្វៀនកម្រិតពិភពលោក ONE និង កម្មវិធីអន្តរជាតិនានា។ គង់ សំបូរ ដែលជាកីឡាករលេចធ្លោម្នាក់នៅក្លិបនេះក៏បានប្រឡូកលើសង្វៀនONE ដែរកាលខែ កុម្ភៈ កន្លងទៅ។ ONE បានជួបសម្ភាសន៍លោក Kwok Leung Tsang ដែលជាសហស្ថាបនិក របស់ក្លិប «អាណាចក្រប្រយុទ្ធ» ដូចខាងក្រោម៖

ONE: ជម្រាបសួរលោក! តើក្លិប «អាណាចក្រប្រយុទ្ធ» ដំណើរការបានរយៈ ពេល ប៉ុន្មានឆ្នាំហើយ? តើមានកីឡាករអាជីពច្រើនទេនាពេលបច្ចុប្បន្ននេះ?

Kwok Leung Tsang: KFG បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ពោលទទួលកូនសិស្សហ្វឹកហាត់ជាង ១ ឆ្នាំមកហើយ។ ក្រៅពីកូនសិស្សខ្មែរ ឬ បរទេស ចង់ចេះក្បាច់គុន និង ហាត់ដើម្បីសុខភាព យើងមានកូនសិស្សហាត់អាជីពចំនួន ៤ រូប។ ហើយក៏មានកូនសិស្សចូលរួមចុះឈ្មោះជាហូរហែដែរ។ យើងរំពឹងថា ទទួលបានកូនសិស្សអាជីពជាបន្តទៀត។


ONE: ជើងខ្លាំងក្នុងស្រុក គង់ សំបូរ និង ឫទ្ធ សាស្ត្រាវុធ សុទ្ធតែទទួលការហ្វឹកហាត់នៅទីនោះ។ តើអ្វីជាគម្រោងបន្ទាប់សម្រាប់បណ្ដុះបានកីឡាករថ្មីៗបន្ថែមទៀត?

Kwok Leung Tsang: យើងមានកីឡាករមានទេពកោសល្យម្នាក់អាយុត្រឹម ១៨ ឆ្នាំ ដែលគេកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ហើយយើងក៏មានកីឡាករក្មេងៗពីរបីនាក់ទៀតដែរ ដែលពួកគេហាត់ដើម្បីចង់ប្រកួត។ ជាគំនិត ខ្ញុំចង់បង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលកីឡាករវ័យក្មេងជាច្រើនទៀត ប៉ុន្តែភាពរាំងស្ទះគឺ ដោយសារថវិកាមានកម្រិត។ ប៉ុន្តែយើងបានបង្កើតកម្មវិធីមួយនៅ ហុល្លង់ ដើម្បីទទួលបានការគាំទ្រផ្នែកថវិកា និងយកមកអភិវឌ្ឍកម្មវិធីថ្នាលកីឡាកររបស់យើង។ កីឡាករ និង ក្មេងៗនៅ KFG ទទួលបានការស្នាក់នៅ ញុំាអាហារ ការហ្វឹកហាត់ និង ការសិក្សាភាសាអង់គ្លេសឥតគិតថ្លៃ។ យើងត្រូវការជ្រើសរើសកីឡាករក្មេងៗជាច្រើនទៀត ប៉ុន្តែជំហានដំបូងយើងត្រូវឲ្យមនុស្សស្គាល់កន្លែងហ្វឹកហាត់របស់យើងសិន។

ONE: គុនខ្មែរមានរូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាងនៅខេត្តសៀមរាប ប៉ុន្តែបែរមិនសូវមានសកម្មភាពផុសផុលនៅខេត្តវ័យចំណាស់មួយនេះ។ តើលោកយល់យ៉ាងណា?

Kwok Leung Tsang: ដោយមានការរៀបចំសង្វៀនប្រកួតនៅខេត្តសៀមរាប ខ្ញុំសង្ឃឹមថានឹងមានការប្រកួតយ៉ាងផុលផុសឡើងវិញនៅខេត្តនេះ។ ប៉ុន្តែរឿងតែមួយគត់គឺ កម្រិតថវិកា។ មួយទៀត កីឡាករត្រូវតែរស់នៅបានល្អ។ ពួកគេត្រូវការទទួលប្រាក់ឧបត្ថម្ភទៀងទាត់ ទើបពួកគេមិនទៅធ្វើការផ្សេង ក្រៅពីហ្វឹកហាត់ និង ឡើងប្រកួត។ នេះជាចំណុចដែលយើងព្យាយាមធ្វើ ដោយផ្ដល់ឱកាសដល់កីឡាករ វាមិនងាយស្រួលទេ វាជាការងារលំបាក និង ត្រូវហ្វឹកហាត់ឲ្យខ្លាំង។ ធ្វើបែបនេះ ទើបយើងអាចនាំពួកគេទៅយកបទពិសោធន៍កម្រិតពិភពលោកបាន។


ONE: ក្រៅពីការបង្វឹកគុនខ្មែរ តើមានបើកបង្ហាត់ គុនចម្រុះ (MMA) ឬ នៅ? តើរយៈពេលប៉ុន្មានដែលកីឡាករ MMA របស់លោកអាចប្រកួតប្រជែងបាននៅសង្វៀនអន្តរជាតិដូចជា ONE?
Kwok Leung Tsang:
យើងអត់ទាន់មានការបង្ហាត់កីឡាករ MMA នៅឡើយទេនៅក្លិបរបស់យើង ប៉ុន្តែយើងកំពុងតែស្វែងរកគ្រូបង្វឹកដែលមានជំនាញ ជីជិតស៊ូ និង គុនចម្រុះ។ ពេលមានគ្រូបង្វឹកត្រឹមត្រូវក្លិបនឹងរៀបចំឲ្យមានកូនសិស្សផ្នែកនេះ។

ONE: តើមានចំណុចអ្វីបន្ថែមទៀតចំពោះសំណួរខ្ញុំមិនបានសាកសួរពីខាងលើ?
Kwok Leung Tsang:
យើងកំពុងពង្រឹងកីឡាករគុនខ្មែរឲ្យដល់ចំណុចខ្លាំងមួយទៀត ដែលគេឲ្យឈ្មោះថា Kun Khmer 2.0។ យើងបង្ហាត់លាយជាមួយស្ទិលប្រដាល់ K1 Kickboxing ដើម្បីឲ្យពួកគេអាចប្រកួតប្រជែងនៅកម្រិតអន្តរជាតិ។ យើងអាចឃើញការអភិវឌ្ឍន៍ឆាប់រហ័សរបស់ «មួយថៃ»ប្រមាណមួយទសវត្សចុងក្រោយនេះ ហើយដ្បិតគុនខ្មែរជាក្បាច់គុនយូរយាររបស់ដូនតាខ្មែរ ប៉ុន្តែនៅដើរពីក្រោយ មួយថៃ។ យ៉ាងណាក្ដី យើងអាចរៀនអំពីបទពិសោធន៍ថ្មីៗដែលជោគជ័យរបស់គេ លើកឆាកអន្តរជាតិ ខណៈដែលយើងមានក្បាច់គ្រឹះរួចស្រាប់ទៅហើយ។ ដោយសារតែភាពវឹកវរ និង ប្រវត្តិសាស្ត្រខ្មៅងងឹតរបស់កម្ពុជា ទើបធ្វើឲ្យ យើងដើរក្រោយគេប្រើប្រៀបធៀបប្រទេសផ្សេង។ បែបណាក៏ដោយ ខ្ញុំនៅតែជឿជាក់ថា ព្រលឹងរបស់ខ្មែរ យើងរួមទាំងឆន្ទៈផង នឹងអាចនាំកីឡាករកំពូលៗ របស់កម្ពុជាទៅប្រកួតកម្រិតពិភពលោកបាន៕


អត្ថបទ៖ ស៊ីធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖