+855 16 757 168     samnob@keiladaily.com
KD Logo

គន្លឹះ Yoshihiro Akiyama ក្លាយជាតារាក្បាច់គុនចម្រុះពិភពលោកចេញមុខនៅ ONE លើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 129

Yoshihiro Akiyama ឬ ហៅ ថា “Sexy Yama” គឺមានជំនាញខាងក្បាច់គុនយូដូ ដែលធ្វើឲ្យគេក្លាយជាតារាគុនចម្រុះលេចធ្លោក្នុងលោក ដែលឡើងប្រកួតទល់នឹងកីឡាករល្បីៗ និង ទទួលបានលទ្ធផលជាទីគាប់ចិត្ត។ កីឡាករជើងចាស់ជនជាតិជប៉ុនរូបនេះនឹងបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE Championship ដែលតតាំងនឹងជើងខ្លាំងម៉ាឡេស៊ី វ័យក្មេង Agilan Thani នៅ ONE: LEGENDARY QUEST នាថ្ងៃសៅរ៍ ទី១៥ ខែ មិថុនា ខាងមុខនៅក្រុងសៀងហៃប្រទេសចិន។


ក្នុងការឈានដល់ជាកីឡាករកម្រិតកំពូល “Sexy Yama” ត្រូវបានគេទទួលស្គាល់ថាមានកម្រិតក្បាច់គុនយូដូខ្លាំងក្លា បត់បែនក្នុងការប្រកួតលើរេញ មានការប្រកួតប្រជែងដ៏ជោគជ័យនៅក្នុងអាជីព មានរូបរាងស្អាតស្រស់សង្ហា និង មានក្រមសីលធម៌ល្អ។ «ខ្ញុំគិតថា គោលបំណង និង មនោសញ្ចេតនា នៅពីក្រោយ ONE Championship គឺផ្សារភ្ជាប់ទៅនឹងក្បាច់គុនចម្រុះ។ នេះជាស្ថាប័នដែលឲ្យតម្លៃនិង ការគោរពសម្រាប់គូប្រកួត។ ទាំងនេះជាអ្វីដែលខ្ញុំបានរៀនពី យូដូ ហើយខ្ញុំ និង ONE មានរឿងស្រដៀងគ្នាច្រើន»។ នេះជាការថ្លែងរបស់ Akiyama។

“Sexy Yama” បានចាប់ផ្ដើមជីវិតរៀនក្បាច់គុននៅអាយុ ៣ ឆ្នាំ ដែលមានឳពុកជាគ្រូបង្វឹក និង នាំគេទៅកន្លែងហ្វឹកហាត់រហូត។ ពេលកាន់តែធំ គេបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ជាពិសេសស្រលាញ់ក្នុងការប្រើកម្លាំង និង បច្ចេកទេសពីក្បាច់គុននេះ។ ក្បាច់គុនបានជះឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់ក្នុងជីវិតរបស់គេ។ អ្នកលេងគុនចម្រុះវ័យ ៤៣ ឆ្នាំដដែលពន្យល់ថា ៖«វាជាការពិតខ្ញុំស្រលាញ់ការប្រកួត ប៉ុន្តែ អ្វីដែលនាំឲ្យខ្ញុំចូលចិត្តក្នុងជីវិត យូដូនោះគឺពាក់ព័ន្ធនឹងវិន័យល្អ។ ខ្ញុំបានរៀនច្រើនអំពីវា ហើយវាជាទស្សនៈវិស័យរបស់កីឡាយូដូ»។


ដោយសារតែវិន័យនិងការខិតខំប្រឹងប្រែងទើបធ្វើឲ្យកីឡាករសញ្ជាតិជប៉ុនរូបនេះឈ្នះជើងឯកជាច្រើន និង មានឈ្មោះបោះសំឡេងក្នុងពិភពលោក។ នៅឆ្នាំ ២០០១ Akiyama ឈ្នះមេដាយមាស នៅក្នុងកម្មវិធី Kodokan Cup និង ព្រឹត្តិការណ៍ប្រកួតយូដូទ្វីបអាស៊ី (Asian Judo Championships)។ នៅឆ្នាំ ២០០២ គេក៏ឈ្នះមេដាយមាស Jigoro Kano Cup, មេដាយមាសនៅ Tournoi De Paris, និង ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games។ នៅឆ្នាំ ២០០៣ កីឡាករជប៉ុនរូបនេះឈ្នះជើងឯក All-Japan Championships បន្ទាប់ពីឈ្នះម្ចាស់មេដាយអូឡាំពិក Kenzo Nakamura, និង ទទួលបានកៅអីក្នុងក្រុមជប៉ុនទៅប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក World Judo Championships។

អ្នកលេងគុនចម្រុះរូបសង្ហាគូសបញ្ជាក់ដូច្នេះ ៖«ខ្ញុំចង់ដឹងថាខ្ញុំនៅល្អកម្រិតណា ហើយក៏ត្រូវដាក់កំហិតខ្លួនឯងដែរ តើអាចទៅរួចប៉ុណ្ណាក្នុងការប្រកួត។ ទោះខ្ញុំឈ្នះការប្រកួតជាច្រើនក្នុងពិភពកីឡាយូដូ ហើយរឿងដ៏មានន័យបំផុតក្នុងជីវិត គឺ ឈ្នះជើងឯកពិភពលោក World Judo Championships »។ រហូតដល់ឆ្នាំ ២០០៤ “Sexy Yama” បានផ្លាស់ប្ដូរដោយទៅហ្វឹកហាត់ធ្វើជាកីឡាករអាជីព ហើយគេធ្វើបានល្អខ្លាំងណាស់តាមរយៈទេពកោសល្យរបស់ខ្លួន។ មិនយូរប៉ុន្មាន “Sexy Yama” បានក្លាយជាជើងឯក « K-1 HERO’S Grand Prix Champion»។ ការប្រកួតដ៏មានជំនាញ ក្បាច់បោក និងក្បាច់សម្លាប់ បានធ្វើឲ្យរូបគេជោគជ័យ ហើយក៏ជាផ្នែកសំខាន់ក្នុងការត្រលប់មកសង្វៀនBaoshan Arena នាក្រុងសៀងហៃនាពេលខាងមុខ។

Akiyama សង្កត់ធ្ងន់ថា ៖«រឿងសំខាន់ក្នុងយូដូ ដែលក្លាយជាកីឡាករគុនចម្រុះ គឺជាភស្តុតាងតាមរយៈការទស្សនាការប្រកួតរបស់ខ្ញុំ។ បច្ចេកទេសកាច់បោក ឬ ផ្ដួលគូប្រកួតគឺជាតិចនិកសំខាន់។ ដូច្នេះខ្ញុំគិតថា យូដូ វាពិតជាចាំបាច់ណាស់សម្រាប់ការប្រកួតគុនចម្រុះ។ ក្បាច់គុន បង្ហាញភាពខ្លាំង សុភាពរាបសា និង ល្អសម្រាប់រាល់គ្នា។ នេះជាគោលការណ៍របស់ខ្ញុំ ហើយទៅថ្ងៃមុខក៏ខ្ញុំប្រកាន់គោលជំហរបែបហ្នឹង»។ យ៉ាងណាក្ដី បុរសវ័យ៤៣ឆ្នាំ ក៏មានជំនាញចាប់ ដែលធ្វើឲ្យគេក្លាយជានិមិត្តរូបកំពូលមួយក្នុងចំណោមអ្នកលេងគុនចម្រុះក្នុងលោក។


ការប្រកួតរបស់ជើងឯកយូដូលំដាប់ពិភពលោករូបនេះតែងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកពីអ្នកគាំទ្រ។ បន្ទាប់ពីសម្រាកជិត ៤ ឆ្នាំ Akiyama បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញខ្លួនក្នុងការប្រកួតលើសង្វៀនលំដាប់ពិភពលោក ONE លើកដំបូងក្នុងការស្វែងរកអ្នកគាំទ្រថ្មី។ កីឡាករគុនចម្រុះលំដាប់ពិភពលោករូបនេះសង្ឃឹមថាយុវជនជំនាន់ក្រោយចូលរួមហ្វឹកហាត់កីឡាក្បាច់គុន ដើម្បីប្រកួតតំណាងជាតិបានល្បីឈ្មោះ និង ទទួលបានការគាំទ្រដូចខ្លួន៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖