+855 16 757 168     samnob@keiladaily.com
KD Logo

សាន សៅយ៉ាន់ ទម្លាយរឿងឈឺចាប់ និងសប្បាយចិត្តខ្លះពេលនាំសុខ ធី ទៅប្រកួតនៅ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 559

គ្រូបង្វឹក សាន សៅយ៉ាន់ ដែលបានដឹកនាំជើងខ្លាំង សុខ ធី ទៅប្រកួតចំនួន ៣ ដងលើសង្វៀនផ្សេងគ្នានៅម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ នោះបានរៀបរាប់អំពីរឿងរ៉ាវឈឺចាប់ និង សប្បាយចិត្តមួយចំនួនកន្លងមក។


គ្រូបង្វឹកវ័យ ៤០ ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានប្រាប់អំពីរឿងឈឺចាប់ថា ៖«ខ្ញុំសោកស្ដាយដែលគេសុទ្ធខ្លាំងៗ និង ឈ្នះខ្សែក្រវាត់នៅថៃជាច្រើន ហើយ យើងមិនទាន់ឈ្នះ ១ ប្រកួតសោះក្នុង ៣ លើកចុងក្រោយនៅ ONE។ ខ្ញុំតូចចិត្តខ្លាំង យើងចង់បានលុយ និង កិត្តិយស មិនមែនទៅវ៉ៃលំៗយកតែលុយទេ។ ខ្ញុំក៏ឈឺចាប់ បងប្អូនអ្នកគាំទ្រមួយចំនួនក៏ឈឺចាប់ដូចគ្នា។ ប៉ុន្តែមានរឿងពីរត្រូវយោគយល់ ទី១ យើងមានកិច្ចសន្យាជាមួយគេរួចហើយ ដែលយើងមិនអាចប្រកែកបានពេលគេចាប់គូត្រូវតែទៅវ៉ៃ។ ទី២ គីឡូ សុខ ធី ត្រឹម ៥៦,៧ គីឡូក្រាម ហើយគេអត់មានគីឡូស្រាលដូចយើងទេក្នុងការប្រកួត Kickboxing គេមានតែគីឡូលើយើង។ ប៉ុន្តែបើប្រកួត MMA ទើបមានគីឡូស្រាល ដូច្នេះយើងមានតែដំឡើងទៅវ៉ៃគីឡូគេ។ វាជារឿងលំបាកពេលគីឡូតូចត្រូវដំឡើងទៅវ៉ៃដូចគីឡូធំ រាងយ៉ាប់ណាស់។ សូម្បីយើងគិតក៏ពិបាកហើយព្រោះយកអាតូចទៅវ៉ៃអាធំមិនងាយទេ។ មួយទៀតពេលដំឡើងទៅយើងតូចជាងគេនិងទាបជាង។ ពេលខ្លះអារឿងនាំទៅវ៉ៃ អត់សង្ឃឹមឈ្នះ ក៏រឹតតែឈឺចាប់ ប៉ុន្តែយើងជាទឹកចិត្តកីឡាករត្រូវតែប្រឹងឲ្យអស់កម្លាំងកាយចិត្ត»។

ក្នុងការបង្ហាញខ្លួន ៣ លើកនៅសង្វៀនលំដាប់ពិភពលោក ONE សុខ ធី ចាញ់ជើងខ្លាំងម្ចាស់ខ្សែក្រវាត់ជាច្រើននៅថៃ Leardsila ចំនួន ២ លើក និង ចុងក្រោយចាញ់កីឡាករម្ចាស់ផ្ទះថៃ Rodtang Jitmuangnon នៅសង្វៀន ONE: WARRIORS OF LIGHT កាលថ្ងៃទី ១០ ខែ ឧសភា នៅក្រុងបាងកក។ គ្រូបង្វឹកវ័យ ៤០ ឆ្នាំដដែលរំពឹងថា ខាង ONE អាចចាប់គូឲ្យស្របាក់ស្របាលគ្នាក្នុងការប្រកួតលើកក្រោយ ពោល កុំឲ្យល្អលើសបែបនេះពេក។ បន្ទាប់ពីប្រកួតចប់ បច្ចុប្បន្ន សុខ ធី ទើបចាប់ផ្ដើម ហ្វឹកហាត់ រត់បានតិចៗ ដោយសាររបួសជើងឆ្វេង កាលប្រកួតទល់នឹង Rodtang។ គ្រូបង្វឹកបន្តថា ការត្រៀមខ្លួនទៅប្រកួតនៅសង្វៀនមួយនៅថៃ គឺ អត់ទេ ព្រោះគេដាក់ឈ្មោះកូនសិស្សរបស់លោកដោយមិនបានប្រាប់មុន ដូច្នេះ លោកបានដកខ្លួន ទាំងសុខ ធី និង ប៉េប៉េ។


យ៉ាងណាក្ដី អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាមកាលឆ្នាំ ២០០២សរសើរស្ញប់ស្ញែងទៅកាន់ ONE ថា ៖« ONE រៀបចំបានល្អ ការស្នាក់សណ្ឋាគារល្អៗ ហូបចុកគ្រប់គ្រាន់ ការធ្វើដំណើរ និង ការចំណាយផ្សេងៗ គឺមិនមានបញ្ហា។ ហើយមុនការប្រកួតមានការពិនិត្យសុខភាពតឹងតែងណាស់។ បើសិនជាពិនិត្យសុខភាពធ្លាក់ ឬ មានបញ្ហាតិចតួចក៏គេមិនឲ្យឡើងប្រកួតដែរ»។

គ្រូបង្វឹក សាន សៅយ៉ាន់ បច្ចុប្បន្នជាគ្រូបង្វឹកនៅក្លិបរបស់ខ្លួនឈ្មោះ «សៅយ៉ាន់នាគា» ស្ថិតនៅខេត្តបន្ទាយមានជ័យ។ លោកបានចូលហ្វឹកហាត់ប្រដាល់តាំងពីរៀនថ្នាក់ទី ៨ ជាមួយគ្រូ ដុន ផូ និង ពូរបស់ខ្លួន មុនបន្តទៅហ្វឹកហាត់ជាមួយ គ្រូ ឈុត សេរី នៅខេត្តបាត់ដំបង។ លោកហក់ល្បីខ្លាំងជំនាន់ហ្វឹកហាត់ជាមួយគ្រូឈុតសេរី។ កាលនៅជាកីឡាករលោកធ្លាប់ខ្សែក្រវាត់ M150 ទម្ងន់ ៥៧ គីឡូក្រាម នៅឆ្នាំ ២០០២។ អំឡុងឆ្នាំ ២០០៣ និង ២០០៤ លោកធ្លាប់វ៉ៃជាមួយជើងខ្លាំង ជ័យ កុសល ចំនួន ៣ ដែរ ហើយលទ្ធផល ឈ្នះ១ ស្មើ ១ និង ចាញ់ ១ ដង។ លោករំលឹកថា ពេលប្រកួតជាមួយជ័យ កុសល លោកប្រើកម្លាំងរហូតដល់បាក់ដៃចំនួន ២លើក ដែលកាលនោះមានបាក់ប្រអប់ដៃ និង ម្រាមដៃខាងស្ដាំ។ បន្ទាប់មកលោកឈប់ឡើងប្រកួតដោយសារមានរបួស មុនចូលរោងការបង្កើតគ្រួសារនៅឆ្នាំ ២០០៥៕


អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖