+855 16 757 168     samnob@keiladaily.com
KD Logo

Han Zi Hao ប៉ងយកឈ្នះម្ដងហើយម្ដងទៀតរហូតទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 78

ខណៈកំពុងត្រៀមឡើងរេញក្នុងប្រទេសកំណើតនៅ ONE: LEGENDARY QUEST នាថ្ងៃសៅរ៍ទី១៥ខែមិថុនាឆ្នាំ២០១៩ ក្នុងទីក្រុងសៀងហៃប្រទេសចិន កីឡាករ Han Zi Hao ជឿជាក់ថាគេកំពុងប្រកួតនៅក្នុងកម្រិតមួយដូចជើងឯកពិភពលោកម្នាក់។

ថ្វីបើគេបានបរាជ័យក្នុងការប្រកួតសម្ពោធជើងឯក ONE Bantamweight Muay Thai World Tittle ក្នុងខែកុម្ភៈកន្លងទៅក្ដី តែ Han Zi Hao បានផ្ដល់ការប្រកួតដ៏ស្វិតស្វាញពេញ៥ទឹកដល់ជើងឯកពិភពលោក Nong-O Gaiyanghadao ក្នុងកម្មវិធី ONE Super Series។

ក្រោយតតាំងគ្នាដោយឥតញញើតទល់នឹង Nong-O រួច Han ជឿជាក់ថាគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រឈមមុខជាមួយ Andrew “Maddog Fairtex” Miller ស្របពេលរូបគេចាប់ផ្ដើមដំណើរឆ្ពោះទៅមុខម្ដងទៀត។

Han អះអាងថាគេដឹងថាគេបានឈានដល់កម្រិតមួយដែលប្រកួតដណ្ដើមខ្សែក្រវាត់មាសបានហើយ។ ក្នុងការប្រកួតបន្ទាប់នៅចុងសប្ដាហ៍នេះ គេនឹងប្រកួតដោយម៉ឺងម៉ាត់ និងនឹងធឹងជាងមុន។ គោលដៅរបស់គេគឺយកខ្សែក្រវាត់ ONE Championship មកពាក់ឱ្យបានក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។

តែមុននឹងអាចទទួលបានឱកាសប្រកួតខ្សែក្រវាត់ Han នឹងត្រូវឆ្លងកាត់កីឡាករស្កុតលែនដែលទើបតែបានផ្ដួលកីឡាករ Mohamed Bin Mahmoud ដោយមិនលំបាក។ Han នឹងត្រូវបញ្ចេញសមត្ថភាពឱ្យដល់ចំណុចកំពូលរបស់គេប្រសិនចង់យកឈ្នះ Andrew Miller។

Han ក៏ដឹងដែរថា Andrew Miller មានក្បាច់ល្អនិងរឹងដូចអ្នកប្រដាល់ថៃ ព្រោះគេហាត់នៅថៃជាយូរមកហើយ ដូច្នេះគេត្រូវពង្រឹងក្បួនការពារឱ្យបានល្អផងដែរ ទន្ទឹមនឹងការពង្រឹងក្បាច់វាយលុក។ ទោះយ៉ាងណាក៏ដោយ Han មានទំនុកចិត្តថាគេអាចផ្ដួល Andrew ឱ្យសន្លប់ ដោយអះអាងថាកណ្ដាប់ដៃរបស់គេរីកចម្រើនជាងមុន។

សូមបញ្ជាក់ថា ម្ចាស់ជើងឯក Top King Muay Thai មកពីខេត្ត Henan បាននិងកំពុងខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លា ហើយគ្រួសារ មិត្តភ័ក្ដិ និងអ្នកគាំទ្ររបស់គេបានផ្ដល់ការជំរុញទឹកចិត្តគ្មានដែនកំណត់ដល់រូបគេដើម្បីឱ្យគេឈានដល់ចំណុចខ្ពស់បំផុត៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖