+855 16 757 168     samnob@keiladaily.com
KD Logo

Stamp Fairtex អះអាងបង្ហាញសមត្ថភាពឱ្យបានល្អបំផុតពេលឡើងការពារខ្សែក្រវាត់នៅចិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 218

Stamp Fairtex បានហ្វឹកហាត់ប្រដាល់មួយថៃអស់រយៈពេល១៦ឆ្នាំមកហើយ។ ការខិតខំហ្វឹកហាត់នោះបានហុចផលនៅពេលនាងបានបង្កើតប្រវត្តិសាស្ត្រក្នុងខែកុម្ភៈឆ្នាំ២០១៩ដោយបន្ថែមខ្សែក្រវាត់ ONE Atomweight Muay Thai World Title មួយទៀតមកក្នុងអាជីពរបស់នាង បន្ថែមពីលើខ្សែក្រវាត់ ONE Atomweight Kickboxing World Title។

នាងបានក្លាយជាអត្តពលិកទី១ក្នុងប្រវត្តិសាស្ត្រ ONE Championship ដែលគ្រងជើងឯកពិភពលោក២ប្រភេទកីឡាផ្សេងគ្នា។

នៅថ្ងៃទី១៥ខែមិថុនាចុងសប្ដាហ៍នេះ កីឡាការិនីថៃវ័យ២១ឆ្នាំ នឹងបង្ហាញជំនាញក្បាច់គុនដ៏ពូកែរបស់នាងជាថ្មី ពេលឡើងការពារខ្សែក្រវាត់មួយថៃពិភពលោក ទល់នឹងកីឡាការិនីអូស្ត្រាលី Alma Juniku ក្នុងព្រឹត្តិការណ៍ ONE: LEGENDARY QUEST ក្នុងវិមាន Baoshan Arena ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

Stamp លើកឡើងថាទោះបីជាមានឬគ្មានអ្នកគាំទ្រផ្ទាល់ក្នុងសង្វៀននៅសៀងហៃចុងសប្ដាហ៍នេះក៏ដោយ ក៏នាងនឹងធ្វើឱ្យបានល្អបំផុតនិងបង្ហាញឱ្យគ្រប់គ្នាឃើញថាហេតុអ្វីនាងឈ្នះជើងឯកពិភពលោក។ នាងបន្ថែមថានាងសង្ឃឹមថានឹងផ្ដល់ការប្រកួតជក់ចិត្តដល់ទស្សនិកជននៅថ្ងៃទី១៥ខែមិថុនា។

សូមរំឭកថា Stamp ផ្ដើមចូលហាត់ប្រដាល់ថៃលើកដំបូងក្នុងវ័យ៥ឆ្នាំ ដោយកាលណោះហាត់ក្នុងបំណងដើម្បីទុកការពារខ្លួនប៉ុណ្ណោះ។ តែដោយសារតែសមត្ថភាពប្រដាល់របស់នាងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នាងក៏ស្រលាញ់កីឡានេះកាន់តែខ្លាំង។

គួរដឹងដែរថា Alma Juniku ក៏ជាជើងខ្លាំងម្នាក់ដែរ ពោលគឺជាជើងឯក WBC និង IPCC Muay Thai Champion របស់អូស្ត្រាលី។

Stamp សង្កត់ធ្ងន់ថានាងបាននិងកំពុងត្រៀមលក្ខណៈយ៉ាងខ្លាំងសម្រាប់ការឡើងការពារខ្សែក្រវាត់ទល់នឹង Alma ព្រោះនាងដឹងពីអ្វីដែល Alma អាចធ្វើបាន ហើយនាងគោរព Alma។ ទោះយ៉ាងណា នាងមានទំនុកចិត្តលើខ្លួនឯងថាអាចការពារខ្សែក្រវាត់បាន៕


ប្រែសម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖