+855 16 757 168     samnob@keiladaily.com
KD Logo

សង្វៀនប្រដាល់គុនខ្មែរឯកភ្នំផ្លាស់ប្ដូរគោលការណ៍មួយចំនួនដូចសង្វៀន ONE 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 370

«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ ហៅថា « Ek Phnom Kun Khmer Arena» បានផ្លាស់ប្ដូរក្បួនច្បាប់ ឬ គោលការណ៍មួយចំនួនឲ្យដូចទៅសង្វៀនកម្រិតអន្តរជាតិ ONE Championship ដែលផ្លាស់ពី ៥ ទឹកមកប្រកួតត្រឹម ៣ទឹកចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ខាងមុខតទៅ។ នេះជាការបង្ហើបឲ្យដឹង របស់លោក Matias Andrés អ្នកគ្រប់គ្រងទូទៅនៅសង្វៀនខាងលើបន្ទាប់ពីដំណើរការប្រកួតលក្ខណៈជាតិ និងអន្តរជាតិអស់រយៈពេលជាង ៤ ខែមកនេះ។


លោក Matias Andrés បានបញ្ជាក់អំពីការផ្លាស់ប្ដូរពី ការប្រកួត៥ទឹកមកប្រកួត៣ទឹកយ៉ាងដូច្នេះ ៖«សង្វៀន Ek Phnom Kun Khmer Arena ចង់ឃើញគុនខ្មែររីកចម្រើនទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ។ ដើម្បីឈានទៅកម្រិតអន្តរជាតិ គុនខ្មែរត្រូវតែសម្រប និងបង្ហាញអនុភាពនៃក្បាច់វ័យចំណាស់មួយនេះ។ បើសិនយើងមិនសម្របតាមស្ដង់ដារអន្តរជាតិ នោះកីឡាកររបស់យើងមិនអាចរៀបចំខ្លួនបានល្អក្នុងកម្មវិធី ONE នោះទេ ព្រោះកម្រិតរបស់យើងនៅក្រោយគេឆ្ងាយ»។

អ្នកគ្រប់គ្រងទូទៅរូបនេះបានរៀបរាប់ថាលោកបានអញ្ជើញមន្ត្រីមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីពិភាក្សាអំពីការប្ដូរគោលការណ៍នេះ និង បានចែករំលែកអំពីបទពិសោធន៍ជាច្រើនពីគ្នាទៅវិញទៅមកកាលថ្ងៃទី ១ និង ២ ខែ មិថុនា កន្លងទៅ។ ក្នុងនោះគេកត់សម្គាល់ឃើញថា អាជ្ញាកណ្ដាល និង ចៅក្រុមទទួលបានចំណេះដឹង និង សម្ដែងភាពរីករាយក្នុងកិច្ចពិភាក្សានោះ។ ជាមួយគ្នានោះ កិច្ចពិភាក្សានោះក៏ ជជែកអំពីគម្រោងត្រូវចាប់ផ្ដើមកម្មវិធី Kun Khmer ULTRA ផងដែរ។ ការប្ដូរពី ៥ ទឹកទៅ ៣ទឹកក៏ជាជំហានដំបូងដើម្បីឆ្ពោះទៅកម្មវិធី Kun Khmer ULTRA ទៀតផង។

អ្នកគ្រប់គ្រងដែលជាអតីតការីនិពន្ធព័ត៌មានកីឡានៅ ONE Championship បានសង្កត់ធ្ងន់ថា ៖«ការប្រកួត៥ទឹក គឺបញ្ចប់ទៅយឺត។ វាមិនមែនងាយស្រួលទេព្រោះប្រើពេលដល់ ១៥ នាទី។ ខ្ញុំយល់ឃើញបែបនេះ។ ប៉ុន្តែបើសិនវ៉ៃត្រឹម ៣ ទឹកគឺមានកម្លាំងពេញតែម្ដងនិងការទស្សនាក៏រំភើបទៅតាមហ្នឹង។ យើងចង់ឲ្យការទស្សនាគុនខ្មែរគឺរំភើបញាប់ញ័រ និង ទាក់ទាញអ្នកគាំទ្រមកទស្សនាច្រើននៅសង្វៀនរបស់យើង។ ពេលមានការគាំទ្រកាន់តែច្រើន យើងរឹតតែមានកីឡាករល្អៗកាន់តែច្រើនដែរ។ នេះហើយជំហានត្រូវដើរ»។


អ្នកគ្រប់គ្រងសញ្ជាតិឈីលី ជឿជាក់យ៉ាងដូច្នេះ ៖«ខ្ញុំរៀបចំឲ្យគុនខ្មែរល្អប្រសើរលើហេតុផលជាច្រើនដូចជា សប្បាយនឹងការទស្សនាសម្រាប់អ្នកគាំទ្រ, កីឡាករវ៉ៃកាន់តែខ្លាំងជាងមុន, និង កីឡាកររបស់យើងប្រកួតបានល្អនៅសង្វៀន ONE Championship និងសង្វៀនអន្តរជាតិនានា»។ លោកដឹងដែរថា តាមពិតមនុស្សមួយចំនួនមិនត្រូវការផ្លាស់ប្ដូរទេ និង មិនបានតម្រូវចិត្តឲ្យត្រូវគ្រប់គ្នាដែរ ប៉ុន្តែនេះជាអ្វីដែលគុនខ្មែរត្រូវដើរទៅលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយលោករំពឹងយ៉ាងមុតមាំថា កម្ពុជានឹងគាំទ្រគំនិតនេះ និងរួមចំណែកដើម្បីនាំគុនខ្មែរទៅឆាកអន្តរជាតិបានល្អជាងមុន ក៏ដូចជាបង្ហាញវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក។


គួរដឹងដែរថា «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ត្រូវបានសម្ពោធដាក់ឲ្យប្រកួតជាផ្លូវការនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៩នេះ។ នេះជាការរួមចំណែកមួយដើម្បីលើកកម្ពស់ក្បាច់គុនខ្មែរ មិនត្រឹមតែនៅខេត្តបាត់ដំបងប៉ុន្តែ ទូទាំងប្រទេសក្នុងការផ្ដួចផ្ដើមនេះ។ ក្នុងនោះកីឡាករ និង ក្លិបប្រដាល់នៅខេត្តបាត់ដំបងក៏កំពុងសស្រាក់សស្រាំកាន់តែអភិវឌ្ឍឈានមុខ។ ហើយដំណើរថ្មីនេះ នឹងធ្វើឲ្យកីឡាករកាន់តែមានបទពិសោធប្រកួតជោកជាំដូចលើសង្វៀនលំដាប់ពិភពលោក ONE Championship ដែរ៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖