+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា៖«បើនារីៗខ្មែរចង់ហាត់គុន ឬ គុនចម្រុះ ខ្ញុំអាចសម្រួល ឬ មិនយកថ្លៃ បើអត់មានលទ្ធភាព»

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 520

«នារីខ្មែរយើងភាគច្រើនអត់ដូចបរទេសទេ។ យើងប្រកាន់ខ្ជាប់ប្រពៃណី ហើយទី១ខ្លួនគេមិនចង់ហាត់ក្បាច់គុន និងទី២ ឪពុកម្ចាស់ឬ អាណាព្យាបាលរបស់ពួកគាត់មិនឲ្យហាត់ក្បាច់គុននោះឡើយ។ រឿងហាត់ដើម្បីសុខភាពក៏តិច ហើយ បើហាត់ដើម្បីចង់ឡើងប្រកួតលើសង្វៀនទៀតក៏រឹតតែតិច។ បើសិនបងប្អូននារីៗចង់ហ្វឹកហាត់ខ្ញុំផ្ដល់ជូនពិសេស ហើយ បើអត់លទ្ធភាពទេ ខ្ញុំនឹងជួយបង្ហាត់អត់គិតថ្លៃទៀត បើសិនជាហាត់មានបំណងចង់ឡើងប្រកួតពិតប្រាកដ»។ នេះជាការថ្លែងរបស់ ចាន់ រតនា ជាគ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ»។


ការថ្លែងបែបនេះដោយសារកីឡាការិនីគុនខ្មែរនៅមានចំនួនតិចណាស់បើធៀបទៅនឹងប្រទេសនានា និង តំបន់អឺរ៉ុប។ រាល់ថ្ងៃបើក្រឡេកមើលកីឡាការិនីដែលមានឈ្មោះលេចធ្លោរាល់ថ្ងៃនេះមានមិនច្រើននោះឡើយ ដូចជា នៅ ស្រីពៅ, វី ស្រីខួច, អេ ព្រីយ៉ានុត, និង សំ ថារ័ត្ន។ ការដែលមានកីឡាការិនីតិចបែបនេះ ទើបធ្វើឲ្យមានភាពខ្សត់ខ្សោយឡើងសង្វៀនប្រកួត ហើយ ស្រីខួច ក៏បានត្អូញត្អែរដែរថា ទោះខ្លួនហ្វឹកហាត់ត្រៀមស៊ីហ្គេមប៉ុន្តែ កម្រមានសង្វៀនឡើងប្រកួតណាស់ និង បានត្រឹមតែហាត់ឡាំជាមួយប្រុសៗ ប៉ុណ្ណោះ។

ចាន់ រតនា គូសបញ្ជាក់ ៖«ក្លិបរបស់ខ្ញុំរាល់ថ្ងៃ មាននារីៗបទេសហ្វឹកហាត់ច្រើនជាងបុរសផង។ អ្នកខ្លះហាត់ដើម្បីសុខភាព ហើយមួយចំនួនទៀតហាត់ចង់ឡើងវ៉ៃណាស់។ ខ្ញុំគិតថា នារីបរទេស គាត់មានសេរីភាពជាងនារីខ្មែរដែលអាចមកពីប្រពៃណីកំហិត និង កត្តាគ្រួសារ»។

អ្នកលេងយុទ្ធគុនខម គុនខ្មែរ និង គុនចម្រុះ នៅតែទទូច និង លើកទឹកចិត្តដល់នារីៗឲ្យចូលរួមហ្វឹកហាត់ក្នុងគោលដៅដើម្បីសុខភាពមាំមួន ហើយក៏រួមចំណែកលើកកម្ពស់ក្បាច់គុនខ្មែរផងដែរ។ កូនប្រុសលោក ចាន់ ប៊ុនធឿន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា នៅ ស្រីពៅ បច្ចុប្បន្នកំពុងតែល្អជាពិសេសគុនខ្មែររបស់គេមានបម្លាស់ទីលឿន កម្លាំងដៃធ្ងន់ល្អ និងមានភាពវៃឆ្លាត។ ប៉ុន្តែអ្វីដែលត្រូវកែប្រែឲ្យល្អនៅសង្វៀន ONE នោះគឺ ព្យាយាមហ្វឹកហាត់ ក្បាច់គុន MMA ចំបាប់ និង យូដូជាដើមដើម្បីឲ្យការប្រកួតកាន់តែល្អនៅសង្វៀនអន្តរជាតិ។ ចំណែក វី ស្រីខួច ក៏ល្អដែរប៉ុន្តែ គីឡូហាក់ឡើងធ្ងន់បន្តិច ដូច្នេះពេលទៅវ៉ៃម្ដងៗ ត្រូវបញ្ចុះគីឡូ ហើយពេលបញ្ចុះគីឡូ គឺឆាប់អស់កម្លាំងណាស់។


ម្ចាស់ក្លិប «សិល្បៈ» ចង់ឃើញកីឡាការិនីថ្មីៗជាច្រើនទៀតដើម្បីអាចប្រកួតប្រជែងក្នុងស្រុក និង ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ។ កីឡាការជើងចាស់រូបនេះរំពឹងថា នារីៗនឹងចូលរួមដើម្បីធ្វើឲ្យក្បាច់គុននៅកម្ពុជាកាន់តែផុសផុល និង ទទួលបានការប្រកួតប្រជែងកាន់តែខ្ពស់។

ចាន់ រតនា ជាកីឡាករគុនចម្រុះកម្រិតកំពូលម្នាក់ប្រចាំនៅកម្ពុជានិងប្រចាំសង្វៀនកម្រិតពិភពលោក ONE Championship។ ថ្មីៗនេះអ្នកជំនាញ MMA មួយចំនួនបានលើកឡើងថា បុរសវ័យ ៣៣ ឆ្នាំរូបនេះអាចនឹងប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀន ONE នៅថ្ងៃណាមួយ។ រតនា ឈ្នះ ២ លើកចុងក្រោយនៅសង្វៀន ONE ពោលឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian នៅត្រឹមទឹកទី២ កាលដើមខែឧសភា និងឈ្នះ Abrou Fernandes នៅទឹកទី២កាលខែ ធ្នូ ឆ្នាំ ២០១៨។


ក្លិប «សិល្បៈ» មានទីតាំងស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ហើយ ទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលត្រឹមខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះក្រោយស្នាក់នៅនិងបង្វឹកកូនសិស្ស បានរយៈពេល ៣ ឆ្នាំ។ ការផ្លាស់ប្ដូរទីតាំងក្លិបមិនត្រូវបានកំណត់នោះឡើយ ព្រោះកំពុងតែស្វែងរក។ បើបងប្អូននារីៗ ចង់ហ្វឹកហាត់ដើម្បីប្រកួតទៅថ្ងៃមុខសូមទាក់ទងលេខទូរសព្ទ 092 345 439៕

អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖