+855 16 757 168     samnob@keiladaily.com
KD Logo

CTT លើកទឹកចិត្តដល់នារីៗដែលចង់ហាត់ក្បាច់គុនដើម្បីសុខភាព និង អាជីពថែមទាំងជួយជ្រោមជ្រែងបន្ថែម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 194


«កន្លងមក ក្លិប Cambodian Top Team របស់យើងបានបង្កើតកម្មវិធីហ្វឹកហាត់សម្រាប់នារីៗ ដែលរងគ្រោះដោយការបំពានផ្លូវភេទ និងរងអំពើហិង្សាជាច្រើនដងមកហើយដើម្បីឲ្យពួកគាត់ចេះការពារខ្លួន។ ហើយក្លិបរបស់ខ្ញុំរាល់ថ្ងៃមាននារីៗហាត់ដើម្បីសុខភាពច្រើនជាងបុរសទៀតផង។ កូនសិស្សនារីៗនៅក្លិបខ្ញុំហ្វឹកហាត់រៀងរាល់ល្ងាចប្រហែល២០នាក់។ ខ្ញុំសូមលើកទឹកចិត្ត និងស្វាគមន៍បន្ថែមមិនថានារីចង់ហាត់សម្រករាង ឬ សុខភាពទេ ប៉ុន្តែអ្នកចង់ហ្វឹកហាត់អាជីពទៀតរឹតតែល្អ និងហើយខ្ញុំនឹងជួយសម្រួលដល់គាត់ក្នុងស្ថានភាពជាក់ស្ដែង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team និង ជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។

លោកសង្កត់ធ្ងន់ថា ៖«នារីៗ ដែលគាត់ហាត់ចង់ឡើងប្រកួត ឬ ហាត់អាជីព យើងត្រូវមើលដែរបងហើយយើងត្រូវធ្វើតេស្តមួយចំនួន ព្រោះអ្នកខ្លះអត់មានទេពកោសល្យ ឬ អត់ដុងក៏មិនអាចក្លាយអ្នកប្រដាល់ ឬ អ្នកឡើងប្រកួតបានដែរ។ ខ្ញុំយល់ថាបើគាត់មានទេពកោសល្យ គាត់មានឆន្ទៈហាត់ យើងនឹងជួយសម្រួល និងជ្រោមជ្រែងគាត់ រកសង្វៀនឲ្យប្រកួត ព្រោះនារីៗហ្វឹកហាត់ក្បាច់គុនមានតិចណាស់នៅកម្ពុជា »។


គ្រូបង្វឹកដែលតែងតែដឹកនាំកូនសិស្សទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិ ONE Championship រូបនេះរៀបរាប់បន្ថែមបែបនេះ ក្លិប CTT តែងតែមានកម្មវិធីពិសេស ឬ ហៅថា Promotion រៀងរាល់ខែដើម្បីទទួលកូនសិស្សឲ្យហ្វឹកហាត់ ហើយវាជារឿងល្អណាស់បើសិននារីៗ ឬ ស្ត្រីចង់ហ្វឹកហាត់ទាំងក្បាច់គុនខ្មែរ ឬ គុនចម្រុះ។ លើសពីនេះទៅទៀតការហាត់ក្បាច់ការពារខ្លួនប្រើក្បាច់ឃ្លេ ឬ គាបដើម្បីរំដោះខ្លួនចេញនៅពេលបុរសៗប៉ុនប៉ងធ្វើអាក្រក់ ក៏រឿងមួយដ៏ល្អដែរសម្រាប់ស្ត្រីទន់ខ្សោយ។

កូនសិស្សនារីៗដែលបានហ្វឹកហាត់ក្បាច់គុនចម្រុះជាមួយលោក ហ៊ុន ច័ន្ទរាជ្យ និង បានចេញទៅប្រកួតនៅក្រៅប្រទេសជាពិសេសសង្វៀន ONE នោះរួមមាន នៅ ស្រីពៅ , សំ ថារ័ត្ន, វី ស្រីខួច, និង អេ ព្រីយ៉ានុត ជាដើម។ ចំនួនកីឡាការិនីហាត់អាជីពនេះមានតិចណាស់ ហើយ លោកចង់ឃើញកីឡាការិនីគុនខ្មែរ ឬ គុនចម្រុះជាច្រើនទៀតនាពេលអនាគតខាងមុខ។ CTT ជាក្លិបមួយក្នុងចំណោមក្លិបប្រដាល់ទាំងឡាយនៅកម្ពុជាទទួលស្វាគមន៍ និង រង់ចាំជួយសម្រួលជានិច្ចដល់កីឡាការិនីដែលមានបំណងហ្វឹកហាត់ទាំងសុខភាព និង ហាត់អាជីពពិតប្រាកដ។


ក្លិបប្រដាល់ Cambodian Top Team ត្រូវបានបង្កើតឡើងដោយលោក ហ៊ុន ច័ន្ទរាជ្យ នៅឆ្នាំ ២០១៣ នៅម្ដុំទួលទំពូងដើម្បីរួមចំណែកលើកកម្ពស់សុខភាព និង ដើម្បីរួមចំណែកបំផុសចលនាក្បាច់គុនចម្រុះ ឬ គុនខ្មែរនៅកម្ពុជាទៅលើឆាកអន្តរជាតិ។ បន្ទាប់មកក្លិបនេះ ត្រូវប្ដូរមកម្ដុំ អូរឫស្សី វិញហើយក៏ផ្លាស់មកម្ដុំទួលទំពូងជាថ្មីនៅផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមានរាជធានីភ្នំពេញ ដោយទំហំទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ។ នេះជាទីតាំងថ្មីធំទូលាយ ដែលត្រូវដាក់ឲ្យហ្វឹកហាត់ផ្លូវការអំឡុងខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ។ អ្នកចង់ចូលរួមហាត់ដើម្បីសុខភាព ឬ ហ្វឹកហាត់អាជីព សូមទាក់ទងលេខទូរសព្ទពីរខ្សែ ភាសាខ្មែរ 012 282 282 និង និយាយជាភាសាអង់គ្លេសតាមរយៈលេខ 089 333 705៕


អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖