+855 16 757 168     samnob@keiladaily.com
KD Logo

មាស ម៉ើ រំឭក​ពីរឿងរ៉ាវលើសង្វៀន ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 133

អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២បានបង្ហើបអំពីរឿងរ៉ាវជូរចត់ជាច្រើន និង រឿងរ៉ាវរំភើបខ្លាំង ដែលរូបគេចងចាំនៅក្នុងចិត្ត បន្ទាប់ពីបានប្រឡូកក្នុងសង្វៀនគុនចម្រុះថ្នាក់ជាតិនិងអន្តរជាតិតាំងពីឆ្នាំ ២០១៣ មក។ កីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះវ័យ ២៩ ឆ្នាំរូបនេះបង្ហើបថា ៖«រឿងខ្ញុំមិនអាចបំភ្លេចបាន ពេលទៅវ៉ៃនៅសង្វៀន ONE លើកដំបូង ពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Edward Kelly ក្នុងទឹកទី១។ ខ្ញុំដឹងថា Edward Kelly ពូកែកណ្ដាប់ដៃ និង ទាត់ ដូច្នេះខ្ញុំព្យាយាមចូលចាប់។ តែចៃដន្យមិនប្រយ័ត្ន ក៏ត្រូវ Edward Kelly ទាត់ខ្ញុំចំក្បាលសន្លប់តែម្ដងត្រឹមទឹកទី១។ នេះជាការធ្វេសប្រហែសដែលចាំមិនភ្លេច»។


រីឯរឿងឈឺចាប់មួយទៀតដែលចង់បំភ្លេចនៅតែបំភ្លេចមិនកើតនោះគឺ គ្រូបង្វឹកម្នាក់មានបំណងមិនល្អ និង ចង់លក់ការប្រកួតរបស់ មាស ម៉ើ នៅស្រុកខ្មែរ។ យ៉ាងណាក្ដី មាស ម៉ើ មិនគុំកួនអ្វីទេគ្រាន់តែបញ្ជាក់បែបនេះ៖«រឿងហ្នឹងយូរហើយ ហើយក៏ចប់ដែរ។ ខ្ញុំមិនរំលឹកអ្វីច្រើនទេ ប៉ុន្តែមានគ្រូម្នាក់ចង់លក់ការប្រកួតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ ខ្ញុំមិនអាចធ្វើបែបនេះបានឡើយ។ ចុងក្រោយខ្ញុំក៏លែងមានទំនាក់ទំនងជាមួយគាត់ទៅ»។

ចំណែករឿងរ៉ាវដែលរំភើបបំផុតនៅក្នុងជីវិតវិញត្រូវបានកីឡាករមកពីស្រុកបារាយណ៍ខេត្តកំពង់ធំរំលឹកអំពីការទទួលបានប្រាក់រង្វាន់៣ពាន់ដុល្លារអាមេរិក ពេលឈ្នះខ្សែក្រវាត់។ មាស ម៉ើ បង្ហាញភាពរីករាយបែបនេះ ៖«ពេលខ្ញុំឈ្នះខ្សែក្រវាត់ Khmer Warrior Challenge ពីស្ថានីយទូរទស្សន៍ MyTV និងទទួលបាន ៣ ពាន់ដុល្លារវាពិតជាមានន័យខ្លាំងសម្រាប់ជីវិត។ ខ្ញុំរំភើបខ្លាំង ដែលមិននឹកស្មានក្នុងជីវិត ខ្ញុំទទួលបានបែបនេះ។ វាជាលើកដំបូងខ្ញុំស្គាល់លុយ ៣ ពាន់ដុល្លារ»។ ម្ចាស់ខ្សែក្រវាត់ KWC វគ្គ២ ទម្ងន់ ៦៥ គីឡូក្រាមរូបនេះពិពណ៌នាទៀតថា មុនឈ្នះខ្សែក្រវាត់ គេគ្រាន់តែជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយដែលទទួលប្រាក់តិចតួចប៉ុណ្ណោះហើយពេលបើកប្រាក់ខែម្ដងៗ សល់ត្រឹម២០ដុល្លារដោយសារត្រូវទិញសម្ភារសម្រាប់ការងារ និង កាត់ខោអាវជាដើម"។

យ៉ាងណាក្ដីទោះឃ្លាតឆ្ងាយពីសង្វៀន ក៏នៅទទួលបានការយកចិត្តទុកពីគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ពោលលោកតែងតែប្រាប់ដំណឹង ឬ ពេលមានគេត្រូវការកីឡាករ MMA ទៅប្រកួតនៅក្រៅប្រទេស ជាដើម។ គ្រូបង្វឹកនៅក្លិប Cambodian Top Team ចង់ឲ្យ មាស ម៉ើ ហ្វឹកហាត់ឡើងវិញ ប៉ុន្តែគេមិនទាន់មានពេលគ្រប់គ្រាន់ព្រោះជាប់រត់ឡាន។ បែបណាក្ដី អតីតកូនសិស្សលោក ឡាច វុទ្ធី បានឆ្លៀតពេលហ្វឹកហាត់ខ្លួនឯងខ្លះ ដើម្បីសម្រកគីឡូ។


គួរដឹងថា មាស ម៉ើ ផ្អាកឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម៉្លេះ បន្ទាប់ពីចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះ គេប្រកបរបរចិញ្ចឹមជីវិត ដោយរត់តាក់ស៊ី (ឡានទួរីស ១២ កៅអី) ទៅមកភ្នំពេញ-កំពង់ធំ។ ការដែលផ្អាកហ្វឹកហាត់ និង ឡើងសង្វៀននេះដោយសារមានបន្ទុកគ្រួសារ ត្រូវការចំណាយប្រចាំថ្ងៃ ព្រោះមានប្រពន្ធ និង កូនរហូតដល់ ៣ នាក់នៅក្នុងបន្ទុក។ យ៉ាងនេះក្ដី មាស ម៉ើ នៅតែស្រលាញ់ក្បាច់គុនចម្រុះដែលខំតស៊ូហ្វឹកហាត់តាំងពីយូរយារមក។ កូន សិស្ស លោក ហ៊ុន ច័ន្ទរាជ្យ រំពឹងថា អាចនឹងវិលមកធ្វើការក្នុងវិស័យគុនចម្រុះដែលខ្លួនស្រលាញ់នេះទៅថ្ងៃមុខ បើសិនទទួលបានកម្រៃសមរម្យដើម្បីចិញ្ចឹមគ្រួសារ។

មាស ម៉ើ ចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនដំបូងគឺ យូដូ ហើយគេអតីតកីឡាករជម្រើសជាតិយូដូ និង ចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនដង មុនពេលចូលហ្វឹកហាត់រួមគ្នា ស្នាក់នៅរួមគ្នា និង ហូបចុករួមគ្នាកាលឆ្នាំ ២០១៣ ដើម្បីដណ្ដើមខ្សែក្រវាត់ KWC។ មាស ម៉ើ ឡើងប្រកួតគុនចម្រុះទាំងក្នុងស្រុក និង ឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣៕

អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖