+855 16 757 168     samnob@keiladaily.com
KD Logo

អនុប្រធាន MMA កម្ពុជានិយាយពីគម្រោងបើកការប្រកួតក្នុងស្រុកឡើងវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 126

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ហៅថា CMMAF ត្រូវបានបង្កើតឡើងជាផ្លូវការនាខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ។ ការបង្កើតសហព័ន្ធនេះឡើងត្រូវបានថ្នាក់ដឹកនាំបង្ហើបអំពីការជំរុញកីឡាគុនចម្រុះឲ្យកាន់តែផុសផុលទាំងក្នុងស្រុក និង អន្តរជាតិ រួមទាំងការខ្នះខ្នែងដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតក្នុងស្រុកឲ្យបានឆាប់និងញឹកញាប់តាមតែអាចធ្វើទៅបាន។


យ៉ាងណាក្ដី លោក កែ ប៊ិនសូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានឆ្លើយតបទៅសំណួរខាងលើបែបនេះ ៖«ឥឡូវនេះយើងមិនអាចសន្យាបានទេថាការរៀបចំព្រឹត្តិការណ៍ប្រកួត MMA ពេលណានោះទេ។ ប៉ុន្តែជាដំបូង គម្រោងរបស់យើងគឺរៀបចំការបង្វឹកដល់កីឡាករ សិក្សាអំពីរបបអាហារ បណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល និង ចៅក្រមជាមុនសិន។ វាជាជំនាញបច្ចេកទេសចាំបាច់មុននឹងរៀបចំព្រឹត្តិការណ៍ប្រកួតឡើងវិញ។ យើងចង់ឲ្យកីឡាករ គ្រូបង្វឹក និង ចៅក្រមរបស់យើងកាន់តែមានអាជីពច្បាស់លាស់។ យើងកំពុងលៃលកស្នើសុំជួលគ្រូមកពីបរទេសដើម្បីធ្វើរឿងនេះ និងចែករំលែកបទពិសោធពីគ្រូអន្តរជាតិក្រោមស្លាកសហព័ន្ធ»។ឡើងវិញ។ យើងចង់ឲ្យកីឡាករ គ្រូបង្វឹក និង ចៅក្រមរបស់យើងកាន់តែមានអាជីពច្បាស់លាស់។ យើងកំពុងលៃលកស្នើសុំជួលគ្រូមកពីបរទេសដើម្បីធ្វើរឿងនេះ និងចែករំលែកបទពិសោធពីគ្រូអន្តរជាតិក្រោមស្លាកសហព័ន្ធ»។

មានមនុស្សជាច្រើនបានសួរនាំអំពីការរៀបចំការប្រកួតកីឡាគុនចម្រុះក្នុងស្រុក ប៉ុន្តែ សហព័ន្ធត្រូវការក្បួនច្បាប់ ឬ គោលការណ៍ច្បាស់លាស់ជាមូលដ្ឋានគ្រឹះ ហើយត្រូវបណ្ដុះឲ្យមានកីឡាករគ្រប់គ្រាន់ដើម្បីការប្រកួត ក៏ដូចជាគ្រូបង្វឹក, អាជ្ញាកណ្ដាល និង ចៅក្រមផងដែរ។ រឿងនេះអ្នកគាំទ្រ ក៏ដូចជាអ្នកស្រលាញ់កីឡាគុនចម្រុះកម្ពុជាត្រូវអត់ធ្មត់ ព្រោះសហព័ន្ធកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើរឿងនេះ។ ក្រៅពីដំណើរការរៀបចំការងារខាងលើ សហព័ន្ធក៏មានក្រុមប្រឹក្សាយោបល់ដែលអាចជួយផ្ដល់ដំបូន្មានទាក់ទងនឹងរបបអាហារសម្រាប់កីឡាករ និង ទំនាក់ទំនងសាធារណៈសម្រាប់ក្លិបនីមួយៗផងដែរតាមរយៈការធ្វើសិក្ខាសាលា និង រៀបចំវគ្គបណ្ដុះបណ្ដាល។


លោកគូសបញ្ជាក់ទៀតថា ៖«ពេលយើងរៀបចំគោលការណ៍បានល្អ និង មានស្ដង់ដារមួយ វានឹងក្លាយជារឿងងាយស្រួលក្នុងការជ្រើសរើសគ្រូបង្វឹក និង អាជ្ញាកណ្ដាល។ យើងច្បាស់ក្នុងចិត្តថា ការរៀបចំរបស់យើងនឹងដើរដោយរលូន»។

បច្ចុប្បន្ននេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានកៀរគរក្លិបទាំងនៅក្នុងស្រុក និង នៅក្រៅប្រទេសដើម្បីចុះឈ្មោះជាសមាជិករបស់សហព័ន្ធក្នុងគោលដៅពង្រីកវិសាលភាពរបស់ខ្លួនក្នុងស្រុកនិងទៅកាន់ឆាកអន្តរជាតិ។ បច្ចុប្បន្នមាន ២២ ក្លិប/សមាគម ហើយដែលចុះឈ្មោះជាសមាជិកផ្លូវការរបស់ CMMAF និង កីឡាករចុះឈ្មោះបានរហូតដល់ ៤៧ នាក់រួមបញ្ចូលទាំងកីឡាករមានឈ្មោះបោះសំឡេងនៅក្រៅប្រទេសផងដែរ។ ក្នុងចំណោម ២២ ក្លិបដែលចុះឈ្មោះ មាន ៤ ក្លិបនៅក្រៅប្រទេសមកពីប្រទេស បារាំង, កាណាដា , អូស្ត្រាលី និង សហរដ្ឋអាមេរិក។ ចំណែកក្លិបនៅក្នុងស្រុកមកពី ភ្នំពេញ បាត់ដំបង, សៀមរាប និង កំពង់ឆ្នាំង។ នេះជាជំហានដ៏ជោគជ័យមួយទៀតសម្រាប់ CMMAF ហើយ គេរំពឹងថាមានក្លិបមួយចំនួនទៀតនឹងចុះឈ្មោះបន្ត។

យុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមិនត្រឹមតែបង្កើតទំនាក់ទំនងជាមួយក្លិបនៅក្នុងស្រុក ប៉ុន្តែ ក៏បង្កើតបណ្ដាញបាននៅក្រៅស្រុក ដែលមានកូនខ្មែររស់នៅនិងហាត់ក្បាច់គុននៅទីនោះ។ មិនយូរប៉ុន្មានកីឡាករ ឬ គ្រូបង្វឹកដែលមានមូលដ្ឋាននៅ បារាំង, កាណាដា, អូស្ត្រាលី និង សហរដ្ឋអាមេរិក អាចនឹងមកចែករំលែកបទពិសោធន៍នៅកម្ពុជា និង ផ្លាស់ប្ដូរកម្មវិធីហ្វឹកហាត់ជាមួយគ្នាដើម្បីពង្រឹងចំណងមិត្តភាព។


សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានកំពុងផ្ដោតយកចិត្តទុកដាក់ទាំងកីឡាករក្នុងស្រុក ជួយជ្រោមជ្រែងដល់ក្លិបនៅក្នុងស្រុក និង បង្កើនទំនាក់ទំនងទៅកាន់ក្លិបនៅក្រៅប្រទេស ដើម្បីផលិតបានធនធានកីឡាករមានសមត្ថភាពក្នុងគោលដៅទទួលបានលទ្ធផលល្អពេលចេញទៅប្រកួតលើសង្វៀនលំដាប់អន្តរជាតិ ONE Championship, សង្វៀននៅថៃ, សង្វៀននៅមីយ៉ាន់ម៉ា និង សង្វៀនអន្តរជាតិជាច្រើនទៀត៕

អត្ថបទ៖ ស៊ីធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖