+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវ៣យ៉ាងពីចាន់ រតនា ក្នុងកីឡាគុនចម្រុះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 316

អ្នកលេងក្បាច់គុនចម្រុះវ័យ ៣៣ ឆ្នាំ ជាកីឡាករម្នាក់ដែលលេចធ្លោពេលឡើងប្រកួតតំណាងឲ្យកម្ពុជាលើកឆាកអន្តរជាតិជាពិសេសនៅសង្វៀន ONE តាំងពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។ មានរឿងរ៉ាវ ៣ សំខាន់ដែលអ្នកគាំទ្រអាចមិនដឹងអំពីជើងខ្លាំងគុនចម្រុះប្រចាំកម្ពុជា ចាន់ រតនា។


១- រតនា ជាកីឡាករលេចធ្លោមិនធ្លាប់មានរបស់កម្ពុជាក្នុងប្រវត្តិរបស់ ONE
ដ្បិតវ័យ៣៣ឆ្នាំហើយមានប្រពន្ធកូនទៀត ចាន់ រតនា ជាកីឡាករមានភាពអំណត់តស៊ូខ្លាំងក្លាក្នុងការហ្វឹកហាត់រហូតទទួលបានកិច្ចសន្យាប្រកួតនៅសង្វៀន ONE បន្តបន្ទាប់តាំងពីឆ្នាំ ២០១៤ មក។ ចាន់ រតនា ជាកីឡាករដែលទទួលបានកិច្ចសន្យាប្រកួតនៅសង្វៀនពិភពលោក ONE បានយូរ និង ច្រើនប្រកួតជាងគេក្នុងចំណោមកីឡាករនៅកម្ពុជា ពោលប្រកួតលើសង្វៀនអន្តរជាតិនេះរហូតដល់ ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់៣ដង។ រតនា មានកំណត់ត្រាឈ្នះកីឡាករគុនចម្រុះបរទេសច្រើនជាងកីឡាករកម្ពុជាផ្សេងទៀត (ឈ្នះ៣ដង)។ ម្ចាស់ក្លិប «សិល្បៈ» រូបនេះឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian , Abrou Fernandes និង កីឡាករហ្វីលីពីន Ramon Gonzales។ នៅថ្ងៃទី ១៦ ខែ សីហា ខាងមុខ ចាន់ រតនា ត្រូវជួបជើងខ្លាំងគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាប្រទេសថៃ។ នេះជាការស្វែងរកកំណត់ត្រាថ្មីក្នុងជ័យជម្នះ ៣ ដងជាប់គ្នាបើសិនបំបាក់ជើងខ្លាំងមកពី គុយបា បាន។

២-រឿងតូចចិត្តកាលឆ្នាំ២០១៤ក្នុងពិភពគុនចម្រុះ
ចាន់ រតនា បានប្រាប់អំពីរឿងមិនអាចបំភ្លេចបានក្នុងអាជីពប្រកួតគុនចម្រុះ ឬ MMA ពេលប្រកួតនៅសង្វៀន ONE កាលឆ្នាំ ២០១៤។ រតនា រំលឹកថា៖ «រឿងខ្ញុំមិនអាចបំភ្លេចបាន ពេលអាជ្ញាកណ្ដាលឲ្យខ្ញុំចាញ់ ឌុន សំអាង ដោយគិតថាខ្ញុំវ៉ៃខុសបច្ចេកទេសខណៈដែលអាជ្ញាកណ្ដាលឃាត់មិន។ ខ្ញុំយំ ខ្ញុំតូចចិត្តយូរដែរចំពោះលទ្ធផល ដែលខ្ញុំត្រូវឈ្នះពានមានតម្លៃជិត ៥ ពាន់ដុល្លារ»។ ពេលនោះ រតនា គ្មានចេតនាទេ ប៉ុន្តែដួលអស់ជំហរទប់អត់ជាប់ ក៏ទៅត្រូវ សំអាង ខ្លាំងហើយគូប្រជែងបន្តការប្រកួតទៀតលែងកើត។ ទីបំផុត អាជ្ញាកណ្ដាលក៏ផ្ដល់ជ័យជម្នះទៅ សំអាង តែម្ដង។ នោះហើយដែលធ្វើឲ្យ ចាន់ រតនា ស្រក់ទឹកភ្នែកក្នុងអាជីពគុនចម្រុះ។ គួរដឹងថា ពេលស្ថាប័នអន្តរជាតិ ONE មករៀបចំការប្រកួតលើកដំបូងនៅកម្ពុជានៅឆ្នាំ ២០១៤ គឺតម្រូវឲ្យមាន ២ គូប្រកួតគ្នា ហើយ អ្នកឈ្នះឡើងទៅជួបអ្នកឈ្នះដើម្បីដណ្ដើមពាន និងប្រាក់រង្វាន់។ គេចាំបានថាពេលនោះ រតនា បានវ៉ៃឲ្យ ប្រាក់ ចាន់ស៊ីន លើកទង់ជ័យសនាទឹកទី១ នាប្រកួតដំបូងស្របពេល ឌុន សំអាង លត់ ជិន ហេង ចុះចាញ់ត្រឹមទឹកទី១ ដូចគ្នា។ ដូច្នេះ ចាន់ រតនា ត្រូវប៉ះ ឌុន សំអាង នៅវគ្គដណ្ដើមប្រាក់រង្វាន់និងពាន។ រឿងគួរឲ្យសោកស្ដាយក្នុងជីវិតគុនចម្រុះ រតនា វ៉ៃខុសបច្ចេកទេសនៅទឹកទី១ ហើយនាំឲ្យពានលើកដំបូងនៅសង្វៀន ONE ធ្លាក់ទៅលើ ឌុន សំអាង។


៣-មិននឹកស្មានថាល្បីនិងមានឈ្មោះដល់បច្ចុប្បន្ន
សព្វថ្ងៃនេះ ចាន់ រតនា មិនត្រឹមតែជាអ្នកប្រដាល់អាជីពប្រចាំសង្វៀន ONE ដ៏មានប្រជាប្រិយភាពនោះទេ ប៉ុន្តែថែមទាំងជាម្ចាស់ក្លិបប្រដាល់ឈ្មោះ «សិល្បៈ» នៅម្ដុំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទៀតផង។ ក្លិបនេះជាដំបូលបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ និង បង្ហាត់ដើម្បីសុខភាពផងដែរ។ រឿងមួយទៀតមិនគួរកើត រតនា មិននឹកស្មានថា ខ្លួនអាចក្លាយជាកីឡាករល្បីឈ្មោះនោះទេ ព្រោះរូបគេមិនដែលមានបំណងចង់ប្រឡូកក្នុងវិស័យក្បាច់គុននោះឡើយ។ ម្ចាស់ក្លិប «សិល្បៈ» បញ្ជាក់បែបនេះ៖«ខ្ញុំមិនដែលគិតថាខ្លួនឯងក្លាយជាអ្នកប្រដាល់ទេ។ ខ្ញុំទៅហាត់ក្បាច់គុន ព្រោះគ្រាន់តែចង់ទៅលេងជាមួយកូនសិស្សរបស់ឪពុកខ្ញុំតែប៉ុណ្ណោះ។ ឪពុកខ្ញុំគាត់ព្យាយាមបញ្ចុះបញ្ចូលខ្ញុំឲ្យមកហាត់គុនឲ្យស្ទាត់ទៅ ព្រោះមកពីខ្ញុំមិនបានសិក្សាច្រើនដូចគេ។ ប៉ុន្តែទីបំផុត កីឡាបានជួយខ្ញុំច្រើនមែនទែន វាមិនឲ្យខ្ញុំមានគ្រប់សព្វអ្វីទេ ប៉ុន្តែខ្ញុំមានអ្វីហូបចុកគ្រប់គ្រាន់ មានគេស្គាល់ខ្ញុំច្រើន និងមានគេគោរពខ្ញុំខ្លាំង។ ដូចនេះខ្ញុំមិនស្តាយក្រោយទេ ដែលឪពុកខ្ញុំជំរុញឲ្យខ្ញុំដើរផ្លូវនេះ»។ ដោយមានឈាមជ័រជាអ្នកហាត់គុនដែលមានឳពុកឈ្មោះ ចាន់ ប៊ុនធឿន អ្នកលេងគុនបុរាណខ្មែរ និង យុទ្ធក្រមខម បានធ្វើឲ្យ ចាន់ រតនា ស្នងត្រកូលក្បាច់គុនដ៏អង់អាចនេះក្នុងនាមក្មេងជំនាន់ក្រោយ និង ជួយផ្សព្វផ្សាយក្បាច់គុនកម្ពុជាទៅកាន់ពិភពលោកនាពេលបច្ចុប្បន្ន៕


អត្ថបទ ៖ ស៊ីធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖