+855 16 757 168     samnob@keiladaily.com
KD Logo

សារសំខាន់ៗពីគ្រូរបស់ចាន់ រតនា ក្រោយធ្វើបានកំណត់ត្រាល្អនៅ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 292

អ្នកលេងក្បាច់គុន ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិប «សិល្បៈ» ទើបធ្វើបានកំណត់ត្រាល្អឯកតំណាងឲ្យកម្ពុជាលើសង្វៀន ONE: DREAM OF GOLD នាប្រទេសថៃកាលពាក់កណ្ដាលខែ សីហា កន្លងទៅនេះ បន្ទាប់ពីឈ្នះកីឡាករធ្លាប់ប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកសញ្ជាតិគុយបា Gustavo Balart ដោយពិន្ទុជាឯកច្ឆន្ទ។


«យើងបានរៀបចំហ្វឹកហាត់ផ្ដោតលើការប្រកួតយ៉ាងល្អ និង ហាត់ភាពអំណត់ដើម្បីឲ្យ ចាន់ រតនា អាចមានកម្លាំងស៊ុហ្វរហូតដល់ចប់ទឹក។ រតនា ជាកីឡាករគុនចម្រុះ និង គុនខ្មែរល្អបំផុតតំណាងឲ្យកម្ពុជាក្រោយឈ្នះ ៣ លើកជាប់គ្នាលើឆាកអន្តរជាតិ។ គេ [រតនា] បានឈានដល់កម្រិតល្អមួយទៀតនៃគុនចម្រុះសម្រាប់កម្ពុជា និងត្រូវបន្តអភិវឌ្ឍខ្លួនបន្ថែមទៀត»។ នេះជាការបង្ហើបរឿងក្នុងចិត្តរបស់គ្រូបង្វឹក Lorenzo Lanzafame។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រ, អ្នកពាក់ពាក់ព័ន្ធ, និង ស្ថាប័ន ONE ដែលធ្វើឲ្យអ្នកតាមដានជុំវិញពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់តាមរយៈក្បាច់ម៉ាត់ និង ក្បាច់ទាត់របស់ចាន់ រតនា។ រតនា បានរៀបចំគម្រោងបានល្អណាស់ តទល់នឹង Balart ដែលមានកម្លាំងដៃខ្លាំង និង ពូកែខាងចំបាប់ទៀតផង ហើយ កីឡាករគុយបាតែងតែព្យាយាមចាប់បោកជាច្រើនសារប៉ុន្តែ រតនា ក៏ជំនាញក្នុងការដោះឃ្លេដែរ។


លោកបញ្ជាក់ថា៖« Balart ដ្បិតទាបបន្តិច ប៉ុន្តែគេមានកម្រិតខ្ពស់ និងបទពិសោធន៍ច្រើន។ រតនា អាចការពារខ្លួនដោយបោះកណ្ដាប់ដៃ ជង្គង់ និង កែង រួមទាំងទប់មិនឲ្យ Balart បោកច្រើនផង។ វាមិនងាយស្រួលទេ ហើយ គូប្រកួតដែលអាចជួបលើកក្រោយក៏រឹតតែល្អទៅទៀត»។

គ្រូបង្វឹកមកពី LLFitness និង ក្រុមគ្រូបង្វឹកផ្សេងទៀត ដូចជាលោក ខូវ វិវឌ្ឍនា ,គ្រូបង្វឹក Sov , គ្រូបង្វឹក Jeppe និង Charles បានដាក់គោលដៅបង្វឹក ចាន់ រតនា ឲ្យកាន់តែល្អទ្វេដងបន្ថែមទៀតក្នុងគោលដៅចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ ដែលអាចកើតមាននាពេលខាងមុខ។ លោក Lorenzo សង្កត់ធ្ងន់ថា៖«គោលដៅរបស់យើង គឺ ចង់វ៉ៃដណ្ដើមខ្សែក្រវាត់ និងប្រជែងខ្សែក្រវាត់ទៅថ្ងៃអនាគតខ្លីខាងមុខ។ យើងមិនបញ្ឈប់ត្រឹមហ្នឹងទេ»។


ស្ថិតក្នុងវ័យ៣៣ឆ្នាំ ចាន់ រតនា មានកំណត់ត្រាលើសង្វៀនគុនចម្រុះដោយឈ្នះ ៧ លើក និង ចាញ់ ៣ លើ។ កំណត់ត្រាល្អបំផុត គឺឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE ដូចជាវ៉ៃ កីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ មុនឈ្នះពិន្ទុ Gustavo Balart។

អត្ថបទ៖ ស៊ីធី 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖