+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនីខ្មែរអាមេរិកមានមោទកភាពឡើងប្រកួតគុនចម្រុះតំណាងកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 200

កីឡាការិនីខ្មែរ-អាមេរិក Linda Chhon ដែលបានចុះឈ្មោះជាសមាជិកនៅសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានាពេលថ្មីៗនេះបានបង្ហាញអំពីមោទនភាពដើម្បីប្រកួតតំណាងឲ្យកម្ពុជានៅថ្ងៃខាងមុខ។ សង្គ្រាម បានធ្វើឲ្យ លីនដា រស់ភៀសខ្លួនជាមួយគ្រួសាររហូតដល់ទឹកដីអាមេរិកដោយមិនសូវបានស្វែងយល់ច្រើនអំពីវប្បធម៌ខ្មែរ ប៉ុន្តែ លីនដា នៅតែទទួលវាពីឳពុកម្ដាយរបស់ខ្លួន។ 


លីនដា ដែលកំពុងហ្វឹកហាត់ហាត់នៅក្លិបប្រដាល់ Niavaroni Kickboxing Inc នាទឹកដីអាមេរិកថ្លែងថា៖«ខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តនិងមានអារម្មណ៍ពិសេសដែលបានផ្សារភ្ជាប់ឈាមជ័រជាមួយខ្មែរឡើងវិញ និង ជាកីឡាការិនីតំណាងឲ្យខ្មែរ។ ការតភ្ជាប់និងការគាំទ្រនេះពិតជាសំខាន់ខ្លាំងណាស់។ ខ្ញុំសូមអរគុណដែលខ្ញុំបានរួមចំណែកដ៏តូចមួយក្នុងសហព័ន្ធ និង ក្បាច់គុនខ្មែរ»។

កីឡាការិនីវ័យ៣៨ឆ្នាំបានរៀបរាប់ទៀតថា៖«ខ្ញុំបានឆ្លងកាត់វប្បធម៌ជាច្រើន ប៉ុន្តែវប្បធម៌សំខាន់បំផុតនោះ គឺវប្បធម៌តពីឳពុកម្ដាយរបស់ខ្ញុំ។ ពីមុនខ្ញុំអត់ទាន់ស្គាល់គុនខ្មែរ ប៉ុន្តែ ខ្ញុំចូលហ្វឹកហាត់មួយថៃពេលនៅក្មេងកាលអាយុ ១១ ឆ្នាំ ហើយពេលនោះ ខ្ញុំនិងបងប្អូនជីដូនមួយស្នាក់នៅជំរំនៅស្រុកថៃ Si Be ក្រោយរត់ភៀសខ្លួន។ កាលនោះបងប្អូនជីដូនមួយរបស់ខ្ញុំបានហាត់ទាត់ និង ដាល់។ ពេលនោះយើងមិនដឹងថាវាជាក្បាច់គុនខ្មែររបស់យើងនោះឡើយ »។

លីនដា បានយល់ឃើញថា ការដែលក្លាយជាកីឡាការិនីតំណាងឲ្យខ្មែរជារឿងមួយអស្ចារ្យព្រោះមានវប្បធម៌ល្អផូរផង់។ លីនដាសង្កត់ធ្ងន់ថា៖«គោលបំណងរបស់ខ្ញុំ ពេលដើរចូលសង្វៀន ឬ ដើរមុនប្រកួត ខ្ញុំនឹងធ្វើពិធីរាំក្បាច់អប្សរា។ ខ្ញុំស្រលាញ់ទូទាំងពិភពលោក និងចង់បង្ហាញថាយើងជាអ្នកស្នងសិល្បៈជំនាន់ក្រោយរបស់ខ្មែរ។ យើងប្រកួតដើម្បីរស់រានមានជីវិត , ប្រកួតដើម្បីការរស់នៅប្រចាំថ្ងៃ និងប្រកួតដើម្បីមោទនភាព»។


ជាមួយគ្នានោះដែរ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាថ្លែងថា សហព័ន្ធបានបើកទ្វារសម្រាប់កីឡាកររាល់គ្នាមិនថាកីឡាករក្នុងស្រុក, នៅក្រៅប្រទេស ឬ ជាជនបរទេសដែលរស់នៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺពួកគេប្រកួតតំណាងឲ្យទង់ជាតិកម្ពុជា។ លោកបញ្ជាក់ទៀតថា កម្រិតតូចទាប មិនសំខាន់ទេ ប៉ុន្តែរឿងសំខាន់គឺពួកគេមានឆន្ទៈដើម្បីអភិវឌ្ឍខ្លួនទាំងក្បាច់គុន ឬ ក្បាច់ MMA។


លោកគូសបញ្ជាក់បែបនេះទៀតថា សហព័ន្ធមិនផ្ដោតតែលើកីឡាករអាជីពនោះទេ ប៉ុន្តែក៏ផ្ដោតលើកីឡាករស្ម័គ្រចិត្តដែរហើយរឿងដែលត្រូវដឹងនោះមិនមែនគ្រប់គ្នាសុទ្ធតែអាចឡើងប្រកួតក្នុងកម្រិតអន្តរជាតិនោះឡើយ។ លោកសង្កត់ធ្ងន់ថា៖«រឿងចាំបាច់ ក្នុងនាមជាកីឡាករ យើងត្រូវតែមានមោទនភាពចំពោះកម្ពុជានិងត្រូវទទួលការតបស្នងពីការខំប្រឹង»៕

អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖