+855 16 757 168     samnob@keiladaily.com
KD Logo

Wenger ថាកីឡាករ Arsenal ស្ដារមុខមាត់វិញដូចអ្នកប្រដាល់ទើបងើបពីសន្លប់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1605

អ្នកចាត់ការ Arsenal លោក Arsene Wenger បានប្រៀបធៀបក្រុមរបស់លោកក្នុងជ័យជម្នះ២-០នៅផ្ទះ AC Milan ក្នុងជើងទី១វគ្គ១/៨ Europa League យប់ថ្ងៃព្រហស្បតិ៍ទី៨ខែមីនាឆ្នាំ២០១៨ ទៅនឹងអ្នកប្រដាល់ដែលប្រវេប្រវាប្រឹងងើបបន្ទាប់ពីត្រូវគេវាយឱ្យសន្លប់។

Arsenal ប្រឈមនឹងបរាជ័យ៥ប្រកួតជាប់ៗគ្នាជាលើកដំបូងតាំងពីឆ្នាំ១៩៧៧មក មុនពេលយកឈ្នះក្រុមកំពុងឡើងជើង AC Milan នៅ San Siro យប់មិញ តាមរយៈគ្រាប់បាល់របស់ Henrikh Mkhitaryan និង Aaron Ramsey។

អ្នកចាត់ការជនជាតិបារាំងនិយាយក្រោយការប្រកួតថា៖ “វាជាជ័យជម្នះសំខាន់មួយព្រោះថាយើងមានសប្ដាហ៍ដ៏អាក្រក់មួយ។ នៅពេលអ្នកមានភាពខកចិត្តធំ អ្នកភ្លេចយ៉ាងលឿនថាអ្នកមានគុណភាពខ្លះដែរ។ ក្នុងមួយសប្ដាហ៍ អ្នកមិនអាចក្លាយជាក្រុមអាក្រក់មួយឬកីឡាករអាក្រក់ម្នាក់ឡើយ។ គ្មានអ្វីអចិន្ត្រៃយ៍ឡើយនៅក្នុងជីវិត។ នៅពេលអ្នកត្រូវគេវាយឱ្យដួល វាស្រដៀងនឹងការប្រកួតប្រដាល់ នៅពេលអ្នកត្រូវគេដាល់ឱ្យដួលពាក់កណ្ដាលជំហរ អ្នកគ្មានពេលដើម្បីងើបឡើងវិញ ហើយមួយដៃថ្មីទៀតក៏មកដល់ទៀត។ នេះជាអ្វីដែលបានកើតឡើងចំពោះយើង។ ប៉ុន្តែនៅដំណាក់កាលខ្លះ អ្នកដឹងថាអ្នកត្រូវតបត។ មោទនភាព និងចំណង់របស់អ្នកដើម្បីបង្ហាញគុណភាពត្រូវចេញមកតាមរយៈការប្រកួត”។

សូមរំឭកថា មុនឈ្នះ AC Milan ក្រុមកាំភ្លើងធំបានចាញ់ក្រុម Ostersunds ១-២ក្នុងផ្ទះ, ចាញ់ Man City ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup, រួចចាញ់ Man City ក្នុងលទ្ធផលដដែលនេះនៅ Premier League រួចបន្តចាញ់ Brighton ថែមទៀត។

ក្រុមអ្នកគាំទ្រផ្លូវការរបស់ Arsenal (AST) ចំនួន៨៨%ភាគរយបានបោះឆ្នោតគាំទ្រឱ្យក្លិបបញ្ចប់កិច្ចសន្យារបស់លោក Wenger នៅដំណាច់រដូវកាល២០១៧-១៨នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖