អនាគតរបស់ Antoine Griezmann នៅ Atletico Madrid មិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្លិបអេស្ប៉ាញមួយនេះចេញមកបដិសេធការចុះផ្សាយដែលថាពួកគេបានទាក់ទង Paulo Dybala រួចហើយដើម្បីត្រៀមជំនួសខ្សែប្រយុទ្ធជម្រើសជាតិបារាំង។
Atletico បានចុះកិច្ចសន្យាថ្មីជាមួយ Griezmann មានសុពលភាពដល់ឆ្នាំ២០២២ ប៉ុន្តែចំណុចគួរឱ្យបារម្ភមួយគឺតម្លៃបង់ផ្ដាច់កុងត្រា (buyout clause) របស់អតីតយុវជន Real Sociedad រូបនេះមានតម្លៃ១០០លានអឺរ៉ូ។
ប្រភពព័ត៌មាននៅអ៊ីតាលីបានលើកឡើងថា Atletico បានព្រមព្រៀងផ្ទាល់មាត់ជាមួយបងប្រុសរបស់ Dybala លើកិច្ចសន្យា៥ឆ្នាំជាមួយតម្លៃផ្ទេរ១៥០លានអឺរ៉ូ ប៉ុន្តែក្លិបបង្វឹកដោយគ្រូអាហ្សង់ទីន Diego Simeone ចេញមកច្រានចោលសេចក្ដីរាយការណ៍នោះ។
ការលើកឡើងនោះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Simeone បានជួប Dybala នៅក្នុងភោជនីយដ្ឋានមួយ។ ប៉ុន្តែករណីនេះត្រូវបានលោក Massimiliano Allegri គ្រូបង្គោល Juventus អះអាងថាគ្រាន់តែជាការរាក់ទាក់ដាក់គ្នាធម្មតារវាងជនរួមជាតិដែលប្រកបអាជីពក្នុងបាល់ទាត់ដូចគ្នាប៉ុណ្ណោះ។ បន្ថែមលើនេះ លោក Allegri និយាយលេងសើចថាលោកសង្ឃឹមថាពេលជួបគ្នានៅភោជនីយដ្ឋាន លោក Simeone យ៉ាងហោចណាស់ក៏ប៉ាវអាហារថ្ងៃត្រង់មួយពេលដល់លោកដែរ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖