ក្រុម Atletico Madrid និង Sporting Lisbon នឹងប៉ះគ្នាក្នុងជើងទី១វគ្គ៨ក្រុមចុងក្រោយ UEFA Europa League នៅកីឡដ្ឋាន Wanda Metropolitano ម៉ោង២ព្រឹកថ្ងៃសុក្រទី៦ខែឧសភាឆ្នាំ២០១៨។
ក្រុមម្ចាស់ផ្ទះ Atletico ហាត់ត្រៀមលក្ខណៈលើកចុងក្រោយនៅកីឡដ្ឋានរបស់ខ្លួន ស្របពេលក្លិបព័រទុយហ្គាល់ ហាត់នៅកីឡដ្ឋាន Jose Avelade របស់ពួកគេនៅទីក្រុង Lisbon ថ្ងៃពុធម្សិលមិញ មុនធ្វើដំណើរមកកាន់ប្រទេសជាប់របងពួកគេសម្រាប់ការប្រកួតយប់នេះ។
គ្រូបង្គោល Sporting លោក Jorge Jesus លើកឡើងថា Atletico ប្រហែលជាក្រុមខ្លាំងជាងគេបំផុតដែលនៅសល់ក្នុងវគ្គ៨ក្រុមចុងក្រោយនេះ និងជាក្រុមដែលរំពឹងឈ្នះការប្រកួតនេះយ៉ាងច្បាស់ ប៉ុន្តែថាក្រុមរបស់លោកមានសិទ្ធិស្រមៃនិងជឿជាក់លើខ្លួនឯង ព្រោះថា Sporting បានបង្ហាញរួចហើយថាពួកគេអាចតតាំងជាមួយក្រុមល្អៗបំផុតបាន ដូចកាលលេងទល់នឹង Real Madrid ជាដើម។ លោក Jesus ក៏បានសរសើរលោក Diego Simeone ដែលក្នុងរយៈពេល៧-៨ឆ្នាំចុងក្រោយនេះបាននាំ Atletico ឡើងទៅកាន់កម្រិតរបស់ Real Madrid និង Barcelona និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ២ដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ដូច្នេះចំណុចដែលលោកខ្លាច Atletico គឺការធ្វើការជាក្រុមរបស់ក្រុមនេះជាមួយគ្រូបង្វឹកដែលនៅជាច្រើនឆ្នាំមកហើយ។
ទោះយ៉ាងនេះក្ដី គ្រូ Atletico លោក Simeone ក៏បានលើកសរសើរដល់លោក Jorge Jesus វិញដែរចំពោះភាពក្លាហាននិងអ្វីដែលគ្រូរូបនេះបញ្ជូនទៅឱ្យកីឡាករក្រុម Sporting។ លោក Simeone បន្ថែមថា Sporting លេងបានល្អណាស់ទល់នឹង Juventus និង Barcelona ពិសេសការព្យាយាមបិទការលេងរបស់គូបដិបក្ខឱ្យដល់កម្រិតអប្បបរមា ហើយលោកជឿថាការប្រកួតយប់នេះនឹងតានតឹង។
ប៉ុន្តែ Sporting ដែលជាក្រុមព័រទុយហ្គាល់តែមួយគត់ឈានដល់វគ្គនេះ មានប្រវត្តិមិនល្អឡើយពេលប៉ះក្លិបអេស្ប៉ាញមួយរយៈចុងក្រោយនេះ ដោយចាញ់ទាំង៥ដងក្រោមថ្វីជើងក្លិបមកពី La Liga៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖