+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជា នឹងចេញទៅប្រកួត Homeless World Cup នៅថ្ងៃសុក្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 511
        ក្រុមបាល់ទាត់ជាក្មេងកំព្រា និងជនអាណាថាសរុប៦នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ប្រទេសហូឡង់ នៅថ្ងៃសុក្រ ដើម្បីចូលរួមការប្រកួតកីឡាបាល់ទាត់ជនអាណាថាពិភពលោក ប្រចាំឆ្នាំ២០១៥ (Homeless World Cup 2015) ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥។ 
       អង្គការ Happy Football Cambodia Australia (HFCA) និងអង្គការជាដៃគូឧបត្ថម្ភផ្សេងទៀត ជាអ្នកសម្រេចបញ្ចូនកីឡាករកំព្រាទាំង៦នាក់នេះទៅចូលរួមការប្រកួត ហើយតាមសេចក្តីប្រកាសក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការប្រកួត Homeless World Cup បានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ខណៈការប្រកួតរដូវកាលថ្មីឆ្នាំ២០១៥នេះ មានក្រុមចូលរួមកើនឡើងរហូតដល់៦៤ មកពី៥៣ប្រទេស នៅជុំវិញពិភពលោក ដោយក្នុងនោះមាននារីចំនួន១៦ក្រុម។
          កីឡាករទាំង៦នាក់ ដែលត្រូវបានជ្រើសរើសឲ្យទៅចូលការប្រកួត Homeless World Cup 2015 រួមមាន ថោង គឹមហុង, ចាន់ ស្រស់, ង៉យ ចាន់ធា, ឆេង ម៉ៅ, ស៊ុំ គង្គា, រឿន ប៊ុនរ៉ុង ឯលោក Campbell James ជាគ្រូបង្វឹក លោក Paraic Grogon ជាអ្នកចាត់ការទូទៅនិងលោក ចៅ វិបុល ជាជំនួយការគ្រូបង្វឹក ហើយក្រុមកម្ពុជា ត្រូវបានដាក់ឈ្មោះថា Smart-Cambodia។
         កីឡាករ រឿន ប៊ុនរ៉ុង និង ថោង គឹមហុង ដែលសុទ្ធតែកូនកំព្រានោះ លើកឡើងថា ពួកគេនឹងប្រឹងប្រែងលេងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកបទពិសោធថ្មីៗបន្ថែមសម្រាប់ខ្លួនឯក៏ដូចជាក្រុមទាំងមូល ព្រោះនេះជាលើកដំបូងហើយ ដែលពួកគេក្នុងនាមជាកីឡាករក្មេងអនាថា បានទៅលេងបាល់ទាត់នៅលើឆាកអន្តរជាតិ។
     យ៉ាងណាក៏ដោយលោក Paraic Grogon ដែលជានាយកអង្គការ HFCA ផងនោះនិងលោក ចៅ វិបុល សុទ្ធតែគ្មានរំពឹងថា ក្រុមកម្ពុជា នឹងទទួលបានលទ្ធផលល្អ ប៉ុន្តែអ្នកទាំងសុទ្ធតែផ្តោតសំខាន់ទៅលើការផ្តល់ឱកាសឲ្យក្មេងកំព្រា ដើម្បីឲ្យពួកគេទទួលបានបទពិសោធ ចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។ 
   លោក ចៅ វិបុល បានថ្លែងថា៖«យើងគ្មានរំពឹងទទួលបានជ័យជម្នះពីការប្រកួតនេះនោះទេ ប៉ុន្តែបើយើងមិនទៅគឺកាន់តែខ្សោយ និងបាត់បង់ឱកាសសម្រាប់អភិវឌ្ឍន៍កីឡាករ»។ រីឯលោក Paraic Grogon បានបញ្ជាក់ថា៖«ក្រុមកម្ពុជាយើង មានកម្រិតនៅទាបបើធៀបទៅនឹងក្រុមចូលរួមដទៃទៀត ប៉ុន្ដែបើសិនជាកម្ពុជាមិនបញ្ជូនកីឡាករទៅនោះ គឺយើងនៅតែគិតថាខ្លួនខ្សោយតែរហូតហ្នឹង»។
        គួរបញ្ជាក់ថា ការប្រកួតពាន Homeless World Cup នេះគឺធ្វើឡើងនៅលើទីលានធម្មតាមួយប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ហ្វូតសាលដែរ ដោយប្រកួតត្រឹម១៤នាទីប៉ុណ្ណោះ ដោយ១តង់មាន៧នាទី ហើយក្រុមនីមួយៗអនុញ្ញាត្តិឲ្យកីឡាករចូលលេខម្ខាង៤ នាក់ទេ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖