+855 16 757 168     samnob@keiladaily.com
KD Logo

លីកកំពូលរបស់កម្ពុជា នឹងបន្តការប្រជែងនៅចុងសប្តាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 538
        ក្របខ័ណ្ឌមិត្តភាពខេមបូឌានលីក ឆ្នាំ២០១៥ ដែលបានផ្អាកការប្រកួតជើងទី២តាំងពីថ្ងៃទី១៦ ខែសីហា មកនោះ នឹងបន្តការប្រកួតឡើង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ ហើយក៏ជាពេលដែលក្រុមទាំង១២ បន្តប្រជែងគ្នាឡើងមកតំបន់ Top4 ដើម្បីទទួលបានឱកាសឡើងទៅវគ្គខ្វែងផងដែរ។
        គិតមកដល់ពេលនេះក្រុមចំនួន១០ បានបញ្ចប់ការប្រកួតជម្រុះលើកទី១៤ក្នុងជើងទី២ដូចគ្នា ប៉ុន្តែក្រុមបឹងកេតអង្គរ និងក្រសួងការពារជាតិ ទើបតែប្រកួតបាន១៣ដងទេ ព្រោះជំនួបលើកទី១៤របស់ក្រុមទាំង២ ត្រូវបានលើកពេល ដោយសារកាលនោះក្រសួងការពារជាតិ ខ្វះកីឡាករ ខណៈកីឡាករវ័យក្មេងរបស់ក្រុមមួយនេះចំនួន៥នាក់ បានជាប់ទៅជួយក្រុមជ្រើសជាតិU19កម្ពុជា ដែលបានទៅចូលរួមការប្រកួត  ពាន AFF U19 Championship 2015 នៅឡាវនោះ។
        ការឈប់សម្រាប់ជិត១ខែនេះ បានធ្វើឲ្យក្រុមទាំង១២ មានពេលគ្រាប់គ្រាន់ ក្នុងការពង្រឹងក្រុម ខណៈកីឡាករឆ្នើមៗរបស់ក្លិបមួយចំនួន ក៏ត្រូវបានរំសាយមួយរយៈពេលពីការប្រមូលផ្តុំត្រៀមនៃការប្រកួតជម្រុះជុំទី២ 2018 FIFA World Cup Russia ដើម្បីឲ្យមកជួយតាមក្រុមវិញផងដែរ។
        យ៉ាងណាក៏ដោយក្រុមភ្នំពេញក្រោន និងបឹងកេតអង្គរ ដែលកំពុងប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមយកលេខ១នោះ ត្រូវបានគេមើលឃើញថា នឹងបន្តឈ្នះដូចគ្នា ព្រោះការប្រកួតលើកនេះ ក្រោន ត្រូវជួបក្រុមអាស៊ីអឺរ៉ុបយូណាយធីត ដែលពួកគេធ្លាប់លត់ ៦-១ ក្នុងជើងទី១ ហើយបឹងកេត ត្រូវជួបក្រុមបាតារាង គិរីវង់សុខសែនជ័យ ដែលពួកគេធ្លាប់បំបាក់ ១២-២។
        ទោះបីជាយ៉ាងណា គិរីវង់ ដែលទើបពង្រឹងក្រុមនោះ ប្រហែលជាមិនបណ្តោយឲ្យចាញ់បឹងកេត ជាមួយគ្រាប់បាល់យ៉ាងច្រើនបែបនេះទៀតនោះទេ ព្រោះការចាញ់ ១២-២ កន្លងមក ត្រូវបានគេគិតថា ក្រុមមួយនេះអាចមានចេតនាធ្វើជាចាញ់ ដើម្បីបានប្រយោជន៍អ្វីមួយ ហើយគ្រូបង្វឹកភ្នំពេញក្រោន មិនពេញចិត្តជាមួយលទ្ធផល ដែលធ្វើឲ្យគូប្រកួតរបស់ខ្លួនបឹងកេត មានប្រៀបយ៉ាងខ្លាំងនោះឡើយ និងបានហៅការប្រកួតនោះថា ជារឿងមិនហេតុផល។
        ចំណែកក្រុមកំពុងឈរនៅតំបន់ Top4 ខេមបូឌានថាយហ្គឺរ មិនប្រាកដថា អាចនឹងរកបាន៣ពិន្ទុបន្ថែមឬយ៉ាងណានោះទេ ព្រោះលើកនេះពួកគេត្រូវប្រឈមជាមួយក្រសួងការពារជាតិ ដែលពួកគេធ្លាប់ចាញ់ ២-១ ក្នុងការប្រកួតជើងទី១។ រីឯក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ក៏ត្រូវប្រកួតសងសឹកជាមួយបៀលប្រាយយូណាយធីត ដែលពួកគេធ្លាប់ចាញ់ ២-១ ផងដែរ៕



កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
 - បឹងកេតអង្គរ v គិរីវង់សុខសែនជ័យ នៅស្តាតចាស់ ម៉ោង ១៥:៣០
 - អគ្គស្នងការដ្ឋាននគរបាលជាតិ v បៀលប្រាយ នៅពហុកីឡដ្ឋានជាតិ ម៉ោង ១៨:០០
 - ភ្នំពេញក្រោន v អាស៊ីអឺរ៉ុប នៅកីឡដ្ឋាន RSN ម៉ោង ១៨:០០
 - ខេមបូឌានថាយហ្គឺរ v ក្រសួងការពារជាតិ នៅកីឡដ្ឋានវេស្ទើន ម៉ោង ១៥:៣០
 ការប្រកួតនៅថ្ងៃអាទិត្យ
 -មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា v ណាហ្គាខប នៅពហុកីឡដ្ឋានជាតិ ម៉ោង ១៨:០០
-វេស្ទើនភ្នំពេញ v ស្វាយរៀង នៅកីឡដ្ឋានវេស្ទើន ម៉ោង ១៥:៣០ ៕
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖