ខ្សែបម្រើកណ្ដាល Naby Keita ដែលនឹងមកចូលរួម Liverpool ក្នុងខែកក្កដាខាងមុខ ទទួលការបណ្ដេញចេញជាលើកទី៤ក្នុងរដូវកាល២០១៧-១៨នេះ ពេលក្រុម RB Leipzig ចាញ់៣-០នៅផ្ទះ Mainz 05 យប់ថ្ងៃអាទិត្យទី៣០ខែមេសា ដែលធ្វើឱ្យពួកគេកាន់តែឃ្លាតពីការប្រជែងកៅអី Champions League។
កីឡាករជម្រើសជាតិហ្គីណេវ័យ២៣ឆ្នាំរូបនេះរងពិន័យកាតលឿងក្នុងនាទីទី៨៩ រួចទទួលកាដូកាតក្រហមភ្លាមៗក្នុងនាទី៩០ ចំពោះកំហុសលើកីឡាករ Alexandru Maxim និង Bote Baku។
កាលពីរវាងថ្ងៃទី១៦ខែកញ្ញានិង២៥ខែតុលាឆ្នាំ២០១៧ Keita រងពិន័យកាតក្រហម២ដងពេលលេងឱ្យ Leipzig និងម្ដងពេលលេងឱ្យជម្រើសជាតិហ្គីណេ។
អតីតសមាជិក Istres និង Red Bull Salzburg ខាងលើ នឹងអវត្តមានពីការប្រកួតនៅថ្ងៃសៅរ៍ខាងមុខ រវាង Leipzig ទល់នឹង Wolfsburg ដែលជាការប្រកួតក្នុងផ្ទះលើកចុងក្រោយរបស់ក្លិបមុនរូបគេធ្វើដំណើរទៅអង់គ្លេស។
Leipzig ពេលនេះកំពុងឈរលេខរៀងទី៦នៅ Bundesliga មាន៤៧ពិន្ទុពី៣២ប្រកួត នៅពីក្រោមក្រុមលេខ៤ Hoffenheim ចំនួន៥ពិន្ទុ ខណៈការប្រកួតនៅសល់២លើកទៀត។
បើសិន Leipzig បានលេង Champions League រដូវកាលក្រោយ Liverpool នឹងត្រូវបង់ថ្លៃ៥៩លានផោនដល់ពួកគេសម្រាប់ Keita ប៉ុន្តែបើសិនពួកគេបានលេងត្រឹម Europa League នោះ Liverpool នឹងបង់ត្រឹម៥២.៧៥លានផោន៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖