+855 16 757 168     samnob@keiladaily.com
KD Logo

Chelsea បាត់បង់អ្នកចាទីដៃទី១ Courtois យ៉ាងហោច២ខែដោយសាររបួសជង្គង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 560
ខណៈយុទ្ធនាការការពារតំណែងជើងឯក Premier League របស់ Chelsea កំពុងត្រដាបត្រដួស ឥលូវនេះអ្នកចាត់ការ Jose Mourinho ត្រូវ​ឈឺ​ក្បាល​នឹង​បញ្ហា​មួយ​ទៀត​ គឺអ្នកចាំទីដៃទី១ Thibaut Courtois ត្រូវអវត្តមានយ៉ាងហោច២ខែដោយសាររងរបួសជង្គង់កម្រិតធ្ងន់។

អតីតយុវជនរបស់ក្លិប Genk លេងឱ្យជម្រើសជាតិបែលហ្ស៊ិកក្នុងវគ្គជម្រុះ Euro 2016 ដែលឈ្នះ បូស្នី និង ស៊ីព្រូស រួច​ត្រលប់​មក​ក្លិប​វិញ​ កាល​ថ្ងៃ​អង្គារ​ទី៨​កញ្ញា ហើយចូលហាត់នៅមួយថ្ងៃបន្ទាប់។ គឺនៅថ្ងៃពុធនោះហើយ ដែលអ្នកចាំទីកម្ពស់១,៩៩ម៉ែត្រ រងរបួសជង្គង់អំឡុងពេលប្រកួតគ្នាឯង។

ក្រុមគ្រូពេទ្យរបស់ Chelsea ព្យាយាមពិនិត្យស្ថានភាពរបួសឱ្យបានល្អិតល្អន់ ប៉ុន្តែត្រូវរារាំងដោយសារការហើមដែលរំខានដល់ការវិនិច្ឆ័យឱ្យជាក់លាក់។ ពី​ដំបូង Chelsea ភ័យក្រែងដាច់សរសៃពួរជង្គង់ តែបន្ទាប់មកក្ដីព្រួយបារម្ភនោះរសាយទៅវិញ។

ទោះយ៉ាងណា អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិកវ័យ២៣ឆ្នាំរូបនេះនឹងមិនធ្វើដំណើរទៅទឹកដី Everton ជាមួយ​ម្ចាស់​ជើង​ឯក​លីក​កំពូល​អង់គ្លេស​៥​សម័យ​នា​ជំនួប Premier League ថ្ងៃសៅរ៍ទី១២កញ្ញានេះឡើយ មានន័យថា Asmir Begovic ដែលទើបផ្ទេរមកពី Stoke City នឹងបំពេញតួនាទីជំនួស។ 
       
Chelsea កំពុងយ៉ាប់យ៉ឺនដោយ៤ប្រកួតកន្លងមកនៅPremier League បានត្រឹមឈ្នះ១ស្មើ១និងចាញ់ដល់ទៅ២លើក ឈរ​លេខ​រៀង​ទី១៣​បណ្ដោះ​អាសន្ន​។ ហើយ​នៅថ្ងៃទី១៦កញ្ញាសប្ដាហ៍ក្រោយ ពួកគេត្រូវទទួល Maccabi Tel Aviv ក្នុងពានរង្វាន់ Champions League ហើយ​៣​ថ្ងៃ​បន្ទាប់​មក​ត្រូវ​ប៉ះ​គូ​ប្រជែង​ដ៏​ជូរ​ចត់​គឺកាំភ្លើងធំ Arsenal ក្នុងលីកកំពូលអង់គ្លេសទៀត៕

ប្រែសម្រួល៖ keiladaily 001
ប្រភព&រូបថត៖ dailymail
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖