+855 16 757 168     samnob@keiladaily.com
KD Logo

តារាឆ្នើមរបស់កម្ពុជាទើបមកពីម៉ាឡេស៊ីម្នាក់សូមម្យ៉ាងពីអ្នកគាំទ្របើចង់ឱ្យលីគខ្មែរខ្លាំងដូចប្រទេសជិតខាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1215

«អ្នកគាំទ្រ» គឺ​ជា​ភាពខុសគ្នាធំមួយ​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​មួយ​ចំនួនរវាង​លីគ​កំពូល​កម្ពុជា​និងលីគកំពូលម៉ាឡេស៊ី​។ នេះ​បើ​តាម​បទពិសោធនៃការចេញទៅប្រកបអាជីពនៅក្រៅប្រទេសជាលើកដំបូង នៅប្រទេសម៉ាឡេស៊ី ​របស់​ ប្រាក់ មុន្នីឧត្ដម​។


ឧត្ដម លើកជាសំណូមពរ​តាម​រយៈ CNCC ទៅកាន់អ្នកគាំទ្រថាដើម្បីឱ្យលីគយើងខ្លាំងដូចប្រទេសជិតខាង អ្វីៗត្រូវចាប់ផ្ដើមពីអ្នកគាំទ្រ ដោយស្នើឱ្យចូលរួមទស្សនាការប្រកួតផ្ទាល់របស់ក្លិបនីមួយៗក្នុងជំហានដំបូងយ៉ាងហោច៥ទៅ១០ភាគរយនៃចំនួនអ្នកគាំទ្រផ្ទាល់របស់ក្រុមជម្រើសជាតិ។

អតីតសមាជិកក្លិប Negeri Sembilan និយាយថា៖ «ខ្ញុំចង់សំណូមពរដល់អ្នកគាំទ្របាល់ទាត់នៅខ្មែរយើងទាំងអស់ ក្លិបខ្មែរយើងចាប់ផ្ដើមមានស្តាតផ្ទាល់ខ្លួនជាបណ្ដើរៗ បើអ្នកគាំទ្រច្រើន ក្រុមហ៊ុនឧបត្ថម្ភច្រើន បាល់ទាត់យើងកាន់តែរីកច្រើន។ ខ្ញុំចង់ឃើញក្លិបនីមួយៗមានអ្នកគាំទ្រច្រើន មិនបានដូចជម្រើសជាតិ សូមត្រឹម៥%ឬ១០%នៃចំនួនគាំទ្រជម្រើសជាតិក៏បាន។ យើងចេញពី៥%ទៅ១០% យើងអាចឡើងដល់៣០%នៃក្រុមជម្រើសជាតិ។ បើអ្នកគាំទ្រចូលរួមច្រើន ក្លិបយើងនឹងខ្លាំង ហើយជម្រើសជាតិយើងក៏នឹងកាន់តែប្រសើរតាមហ្នឹងដែរ»។

ឧត្ដម ពណ៌នាបន្ថែមអំពីស្ថានភាពលីគរបស់ម៉ាឡេស៊ីថា៖ «តាមខេត្តមួយៗនៅម៉ាឡេស៊ី អ្នកគាំទ្រធ្វើឱ្យបាល់ទាត់គេរីកចម្រើន។ ទោះបីក្លិបណាមួយជួបលទ្ធផលយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រគេនៅតែស្រែកច្រៀងហ៊ោលើកទឹកចិត្តកីឡាករពួកគេពេញការប្រកួត ទឹកចិត្តគាំទ្ររបស់អ្នកគាំទ្រនៅទីនោះខ្លាំងក្លាមែនទែន។ ហើយពេលប្រកួតម្ដងៗ កីឡាករនៃក្លិបនីមួយៗតែងតែប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីមុខមាត់ខេត្ត/ក្រុងរបស់ពួកគេនិងអ្នកគាំទ្រពួកគេ គឺបន្ទាប់ពីប្រឹងលេងដើម្បីជម្រើសជាតិ ពួកគេប្រឹងដើម្បីមុខមាត់ខេត្ត/ក្រុងរបស់ពួកផ្ទាល់»។

ក្រឡេកមកបាល់ទាត់កម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញកីឡដ្ឋានណែនណាន់តាន់តាប់រកកន្លែងអង្គុយសឹងមិនបានតែនៅពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតលក្ខណៈអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការប្រកួតរបស់ក្លិបក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគនិងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវិញ ចំនួនអ្នកចូលទស្សនាផ្ទាល់នៅមានចំនួនទាបនៅឡើយ៕

ប្រភព​៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖