+855 16 757 168     samnob@keiladaily.com
KD Logo

ជានិស្ស័យឬ? កែវ សុខផេង និង សុខ សុវណ្ណ មានរឿងដូចគ្នា៣យ៉ាងក្នុងអាជីព​សឹង​មិននឹកស្មាន​ដល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1047

កែវ សុខផេង និង សុខ សុវណ្ណ ត្រូវបានធ្វើពិធីបង្ហាញមុខជាសមាជិកថ្មីផ្លូវការរបស់ក្លិបវិសាខានៅថ្ងៃពុធទី៣០ខែឧសភាឆ្នាំ២០១៨នេះ ដោយ សុខផេង ពាក់អាវលេខ៦៨ ខណៈ សុវណ្ណ ពាក់អាវលេខ៧៩។

កីឡាករទាំងពីរមានតួនាទីខុសគ្នា ដោយម្នាក់លេងជាខ្សែប្រយុទ្ធ ចំណែកម្នាក់ទៀតលេងជាខ្សែការពារកណ្ដាល។ ប៉ុន្តែអ្នកទាំងពីរមានរឿងដូចគ្នា៣យ៉ាងក្នុងអាជីពរបស់ពួកគេ ដែលប្រិយមិត្តប្រហែលមើលរំលង។

ទី១៖ សុខផេង និង សុវណ្ណ ធ្លាប់លេងឱ្យក្លិបអាជីពល្បីបំផុត​ក្នុង​ស្រុក​ដូចគ្នា២គឺ បឹងកេត និង ភ្នំពេញក្រោន។

សុវណ្ណ ជាយុវជនភ្នំពេញក្រោន ពោលគឺហាត់នៅថ្នាលក្លិបនេះតាំងពីនៅឈ្មោះភ្នំពេញអឹមផាយអឺក្នុងឆ្នាំ២០០៧ រហូតឡើងចូលក្រុមធំ និងលេងឱ្យក្រោនដល់ឆ្នាំ២០១៣ ហើយឈ្នះពានសម្ដេចហ៊ុនសែន២ដង, ខេមបូឌានលីគ២ដង និងរងជើងឯក AFC President’s Cup 2011 មុនមកចូលរួមបឹងកេត។ ចំណែករយៈពេល៥រដូវកាលកន្លះនៅបឹងកេត សុវណ្ណ រួមចំណែកជួយក្លិបនេះឈ្នះជើងឯកលីគកំពូលឆ្នាំ២០១៦និង២០១៧ ព្រមទាំងរងជើងឯក Mekong Club Championship 2015។

ឯ សុខផេង វិញ ជាអតីតយុវជនខេត្តក្រចេះ និងផ្ដើមអាជីពនៅក្លិបបឹងកេត ពេលឡើងមកលីគកំពូលក្នុងឆ្នាំ២០១២ ខណៈបងបង្កើតរបស់គេ គឺ កែវ សុខង៉ន ជាប្រធានក្រុម។ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺតាមរយៈស៊ីហ្គេមនៅសិង្ហបុរី សុខផេង ដែលបានលើកពានលីគ២០១២ជំនាន់លោក ប្រាក់ វុទ្ធី ជាគ្រូបង្គោល ត្រូវបាន ភ្នំពេញក្រោន ទិញទៅចូលរួម នាពាក់កណ្ដាលរដូវកាល២០១៥។ ក្រោយលេងឱ្យក្រោនបាន៣រដូវកាលនិងឈ្នះជើងឯកលីគ១លើកក្នុងឆ្នាំដំបូងដែលគេចូលរួមនោះ សុខផេង បានបើកជំពូកថ្មីនៃអាជីពដោយទៅចូលរួមក្លិប PKNP នៅលីគកំពូលម៉ាឡេស៊ី កាលពីដើមឆ្នាំ២០១៨។

ទី២៖ កែវ សុខផេង និង សុខ សុវណ្ណ ក្រៅពីមិត្តរួមក្លិប ក៏ជាមិត្តរួមជម្រើសជាតិដែរ។

សុវណ្ណ បានជាប់ជម្រើសជាតិក្រុមធំមុន សុខផេង ពោលគឺតាំងពីឆ្នាំ២០១៣ ចំណែក សុខផេង ជាប់ក្រុមធំក្នុងឆ្នាំ២០១៥។ ប៉ុន្តែមែនទែនទៅ ពួកគេទាំង២ធ្លាប់ជាប់ជម្រើសជាតិU17អំឡុងឆ្នាំ២០០៧ ហើយ សុវណ្ណ បន្តជាប់កម្រិតUផ្សេងៗតាំងពីពេលនោះមកជាបន្តបន្ទាប់រហូតដល់ក្រុមធំ រីឯ សុខផេង បានឃ្លាតពីបាល់ទាត់មួយរយៈរហូតមកដល់ពេលចូលរួមបឹងកេត។ តែពិតណាស់ ពួកគេទាំងពីរបានលេងក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុមជម្រើសជាតិរួមគ្នាជាច្រើនប្រកួត។

ទី៣៖ ចូលក្លិបថ្មីជាមួយគ្នាក្នុងថ្ងៃតែមួយ។ ដូចដែលប្រិយមិត្តបានជ្រាបនៅរសៀលថ្ងៃពុធទី៣០ខែឧសភាឆ្នាំ២០១៨នេះអីចឹងថាសមាជិកថ្មី២រូបដែល វិសាខា ប្រកាសគឺ សុខផេង និង សុវណ្ណ។ ពួកគេទាំងពីរនឹងពួតដៃគ្នាជាថ្មីដើម្បីជួយក្រុមចំណូលថ្មីតែចាយលុយធំមួយនេះប្រឹងប្រែងប្រជែងពានរង្វាន់សម្ដេចហ៊ុនសែននិងលីគកំពូលកម្ពុជា។ សម្រាប់លីគ ពួកគេអាចចូលលេងបាននៅប្រកួតទី១នៃជុំទី២ ប៉ុន្តែសម្រាប់ពានសម្ដេចហ៊ុនសែន ពួកគេអាចចាប់ផ្ដើមពីប្រកួតដំបូងទៅតែម្ដង គឺនៅពេល វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលជើងទី១ធ្វើនៅថ្ងៃទី១១ខែកក្កដា៕


អត្ថបទ៖ រាជសម្ភារ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖