+855 16 757 168     samnob@keiladaily.com
KD Logo

CV11 មិនទាន់់រកគ្រាប់បាល់បាន ខណៈ​កីឡាករពីម៉ាឡេស៊ី២នាក់ទៀតស៊ុតចូលរៀងខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1022

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា២រូបក្នុងចំណោម៣រូបដែលបានត្រលប់ពីលីគកំពូលម៉ាឡេស៊ី រកគ្រាប់បាល់បានរៀងៗខ្លួនក្នុងការបង្ហាញខ្លួនឡើងវិញក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ លើកលែងតែ ចាន់ វឌ្ឍនាកា។


កែវ សុខផេង រកបានគ្រាប់បាល់ជូនវិសាខា២ប្រកួតជាប់ៗគ្នា ខណៈ ប្រាក់ មុន្នីឧត្ដម ក៏បានរកគ្រាប់បាល់សម្រាប់ព្រះខ័នរាជស្វាយរៀងក្នុងប្រកួតទី២របស់ខ្លួនក្នុងជុំទី២នេះដែរ។

អតីតសមាជិកក្លិបបឹងកេតនិងភ្នំពេញក្រោន សុខផេង ដែលទើបត្រលប់ពីក្លិប PKNP រកបានគ្រាប់បាល់តាំងពីប្រកួតទី១របស់គេសម្រាប់វិសាខា ដោយស៊ុតចូលអគ្គិសនីកម្ពុជា១គ្រាប់នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨។ បន្ទាប់មក កីឡាករមកពីខេត្តក្រចេះដដែល រកបាន២គ្រាប់ទៀតក្នុងប្រកួតទី២ដែល វិសាខា លត់ អង្គរថាយហ្គឺរ ៤-១។


រីឯ មុន្នីឧត្ដម ដែលបានចាកចេញពី Negeri Sembilan មកក្លិបដើមវិញ ទីបំផុតក៏ឡើងឈ្មោះក្នុងបញ្ជីអ្នកស៊ុតចូលដែរ ដោយរកបាន១គ្រាប់ក្នុងជ័យជម្នះ៤-០របស់ព្រះខ័នរាជស្វាយរៀង លើ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសៅរ៍ទី៧ខែកក្កដា បន្ទាប់ពីគ្មានគ្រាប់ក្នុងប្រកួតដំបូងទល់នឹងណាហ្គាវើលដ៍ក្នុងថ្ងៃទី៣០ខែមិថុនា។
ដោយឡែក ចាន់ វឌ្ឍនាកា បានចូលលេងប្រកួតដំបូងរបស់គេសម្រាប់បឹងកេតក្នុងជុំទី២មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៨នេះនៅពាក់កណ្ដាលវគ្គទី២ទល់នឹងអាស៊ីអឺរ៉ុប ដែលបឹងកេតបានឈ្នះ៤-០។ ពេលនោះ វឌ្ឍនាកា ទទួលបានបាល់បញ្ជូននៅក្បែរប្រអប់ជាច្រើនលើក តែមិនអាចសម្រេចគ្រាប់បាល់បាន។ លើសពីនេះ ពេលបឹងកេតប្រកួតឈ្នះវេស្ទើនភ្នំពេញ៥-១នៅថ្ងៃសៅរ៍ទី៧ខែកក្កដា វឌ្ឍនាកា ដែលជាម្ចាស់ពានកីឡាករឆ្នើមនិងស្បែកជើងមាសច្រើនដងរបស់កម្ពុជា គ្មានទាំងឈ្មោះក្នុងបញ្ជីបម្រុងផង។


ទាក់ទងនឹងករណីនេះ លោកគ្រូ ហៅ សុជាតិ បាននិយាយថា វឌ្ឍនាកា មិនទាន់មានកម្លាំងនិងល្បឿនដូចដើមនៅឡើយទេ ដែលនាំឱ្យរូបគេមិនទាន់អាចប្រជែងជាមួយមិត្តរួមក្រុមបាន។


សូមរំឭកថា វឌ្ឍនាកា បានទៅប្រកបអាជីពនៅក្លិបបរទេសជិត២រដូវកាល ប៉ុន្តែហាក់មិនទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ឡើយ ដោយត្រូវបានក្លិបជប៉ុន Fujieda MYFC ផ្ដល់ឱកាសលេងចុងវគ្គទី២តែ២លើកពេញមួយរដូវកាល២០១៧ ហើយក្នុងរដូវកាល២០១៨បានលេងញឹកញាប់នៅក្លិបម៉ាឡេស៊ី Pahang FA ប៉ុន្តែត្រូវបានបញ្ចប់កិច្ចសន្យាមុនកំណត់ដោយគ្រូ Pahang អះអាងថា វឌ្ឍនាកា មិនបានបង្ហាញសមត្ថភាពល្អគ្រប់គ្រាន់ដូចការរំពឹងទុក៕

ផ្ដល់សិទ្ធិ ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖