+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Atletico ថា Dortmund ជាក្រុមល្អបំផុតមួយរបស់អឺរ៉ុប ហើយ​គ្រូ Dortmund សរសើរ​វិញ​ថា...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 741

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone បាននិយាយថាក្រុមរបស់លោកនឹងតតាំងជាមួយក្រុមល្អបំផុតមួយរបស់ទ្វីបអឺរ៉ុប ពេលទទួល Borussia Dortmund ម៉ោង៣យប់ថ្ងៃអង្គារទី៦ខែវិច្ឆិកានេះ ជាប្រកួតទី៤ក្នុងពូល A នៃពានរង្វាន់ Champions League។

Dortmund បង្វឹកដោយលោក Lucien Favre បានលត់ Atletico ៤-០ នៅអាល្លឺម៉ង់កាលពីកន្លះខែមុន និងកំពុងមាន៩ពិន្ទុពេញពីការប្រកួត៣ដងកន្លងមក ខណៈ Atletico កំពុងមាន៦ពិន្ទុ។ Dortmund ក៏កំពុងឈរលេខ១នៅ Bundesliga ផងដែរ ដោយឈរពីលើ Monchengladbach និង Bayern Munich ៤ពិន្ទុ។

លោក Simeone និយាយថា៖ “ពាក់ព័ន្ធនឹងគូប្រកួតរបស់យើង ខ្ញុំនិយាយម្ដងទៀត Borussia Dortmund ជាក្រុមល្អបំផុតមួយក្នុងទ្វីបអឺរ៉ុប ហើយជាក់ស្ដែងពួកគេលេខ១នៅក្នុងលីគ, ពួកគេមិនទាន់ចាញ់នៅ Champions League ឬក៏លីគរបស់ពួកគេទេ ហើយពួកគេលេងល្អណាស់។ ពួកគេកំពុងលេងបាល់ទាត់ដ៏អស្ចារ្យ ហើយច្បាស់ណាស់ថាបើពួកគេរក្សាកម្រិតនេះបាន ពួកគេមានឱកាសធំក្នុងការក្លាយជាជើងឯកអាល្លឺម៉ង់”។

តែទន្ទឹមនឹងនេះ លោក Favre គ្រូបង្វឹក Dortmund ក៏សរសើរលោក Simeone វិញដែរថាជាគ្រូបង្វឹកល្អបំផុតម្នាក់ក្នុងលោក ហើយក្រុម Atletico ក៏ជាក្រុមល្អបំផុតមួយរបស់អឺរ៉ុបក្នុងពេល៧-៨ឆ្នាំចុងក្រោយនេះដូចដែលបានឃើញនៅ La Liga និង Champions League។ សម្រាប់ការប្រកួតយប់នេះ ក្រុមរបស់លោកត្រូវត្រៀមលក្ខណៈឱ្យបានល្អណាស់ ឯលទ្ធផល៤-០លើកមុនគ្រាន់តែជាផ្នែកមួយនៃអតីតកាល។

គួរដឹងដែរថា Dortmund ដែលមិនទាន់ចាញ់សោះក្នុង១៥ប្រកួតក្នុងគ្រប់ពានរង្វាន់ទាំងអស់នៃរដូវកាលនេះ អាចកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ Champions League ប្រសិនពួកគេឈ្នះនៅ Wanda Metropolitano។

រីឯ Atletico ដែលជាជើងឯករង UCL ឆ្នាំ២០១៤និង២០១៦ នឹងមិនមានតារាសំខាន់ដូចជា Diego Godin, Koke និង Diego Costa ឡើយ ដោយសាររបួស ខណៈ Thomas Lemar និង Stefan Savic ក៏នឹងខកខានដែរ៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖