+855 16 757 168     samnob@keiladaily.com
KD Logo

Black Hawk និង The Crown វិលទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 644
      ក្រុម The Crown និង Black Hawk ដែលមានប្រភពចេញពីពូលAដូចគ្នានោះ បានក្លាយជាបេក្ខភាព ដែលត្រូវឡើងទៅប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៥ (CamEd Men Futsal Tourmament 2015) បន្ទាប់ពីក្រុមទាំង២បានទទួលជ័យជម្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។

នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលតម្រូវឲ្យមានការប្រកួតជើងទី១ និងជើងទី២ រួចទើបបូកសរុបលទ្ធផលរកក្រុមមានប្រៀបឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះ ក្រុម The Crown និង Black Hawk សុទ្ធតែទទួលបានជ័យជម្នះក្នុងការប្រកួតជើងទី១ កាលពីថ្ងៃសៅរ៍ដូចគ្នា ដោយក្នុងនោះ The Crown បានយកឈ្នះក្រុម The Pirate ២-១ ហើយ Black Hawk បានឈ្នះក្រុម Sparta ១-០។

យ៉ាងណាមិញ សម្រាប់ការប្រកួតកាត់សេចក្តីក្នុងជើងទី២ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ក្រុម The Crown បានវាយបកតាមស្មើក្រុម The Pirate ទាំងលំបាកបំផុត ហើយការទទួលបានត្រឹម១ពិន្ទុបន្ថែមនេះបានជួយឲ្យក្រុម The Crown បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារពានរបស់ខ្លួនជាថ្មីម្តងទៀត។

ចំណែកក្រុម Black Hawk បានលត់ក្រុម Sparta ក្នុងលទ្ធផល ៧-១ ហើយជ័យជម្នះដ៏លើសលប់នេះបានជួយឲ្យ Black Hawk អាចឡើងទៅជួបក្រុម The Crown នៅវគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត ដែលនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ខណៈជំនួបក្នុងវគ្គជម្រុះតាមពូលAកន្លងមក Black Hawk បានចាញ់ក្រុមលេខ១ប្រចាំពូល The Crown ២-០។ រីឯក្រុមលេខ១ពូលD Sparta និង The Private ក៏ត្រូវប្រកួតដណ្តើមយកលេខ៣នៅថ្ងៃនោះដែរ ខណៈវគ្គជម្រុះក្នុងពូលកន្លងមក ក្រុមទាំង២នេះបានស្មើគ្នា ២-២៕   

អត្តបទ / រូបភាព ៖ KeilaDaily
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖