អ្នកចាត់ការ Liverpool លោក Jurgen Klopp បានសរសើរអ្នកចាំទី Alisson Becker យ៉ាងខ្លាំងចំពោះជ័យជម្នះ១-០លើ Napoli យប់ថ្ងៃអង្គារទី១១ខែធ្នូ ដោយនិយាយថាបើដឹងថាល្អដល់ថ្នាក់នេះ ម្ល៉េះលោកនឹងបង់តម្លៃផ្ទេរទ្វេដងជូន Roma។
Liverpool បានបង់៦៤.៦លានផោនឱ្យ Roma ក្នុងខែកក្កដា ដើម្បីនាំអ្នកចាំទីដៃទី១ប្រេស៊ីល Alisson មក Anfield។ កាលនោះ តម្លៃនោះជាតម្លៃឯតទគ្គកម្មពិភពលោកអ្នកចាំទី មុនពេលត្រូវបានបំបែកដោយ Kepa របស់ Chelsea។
Alisson បានបង្ហាញភាពឆ្លាតវៃនិងសមត្ថភាពអស្ចារ្យរបស់គេជាបន្តបន្ទាប់។ ចុងក្រោយ នៅក្នុងការប្រកួតដែល Liverpool ត្រូវការឈ្នះដាច់ខាតយប់មិញនេះ Napoli មានឱកាសមាសដើម្បីតាមស្មើក្នុងនាទី៩០+៣ ដោយបាល់ហ្វ្រ៊ីឃីកធ្លាក់មកចំជើងខ្សែប្រយុទ្ធប៉ូឡូញ Arkadiusz Milik នៅមុខទី Alisson តែពីរបីម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ Alisson បានសំកាំងខ្លួនពង្រីកមាឌហើយសង្គ្រោះបាល់យ៉ាងអស្ចារ្យ បញ្ជូន Liverpool ទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។
ក្រោយការប្រកួត លោក Klopp និយាយថា៖ “បើខ្ញុំបានដឹងមុនថា Alisson ល្អបែបនេះ ខ្ញុំនឹងបង់តម្លៃផ្ទេរទ្វេដងសម្រាប់គេបាត់ហើយ។ Wow! ការប្រកួតនេះអស្ចារ្យអ្វីម្ល៉េះទេ! ខ្ញុំមិនច្បាស់ទេថាអ្នកចាត់ការម្នាក់អាចមានមោទនភាពចំពោះក្រុមជាងអារម្មណ៍ខ្ញុំពេលនេះ”។
លោក Klopp បន្ថែមថា៖ “របៀបដែលយើងដាក់សម្ពាធ (press) ពួកគេ ធ្វើឱ្យពួកគេត្រូវប្ដូរការប្រកួតរបស់ពួកគេ ហើយពួកគេគ្មានគន្លឹះពិតសម្រាប់យើងឡើយ។ Mo Salah ស៊ុតគ្រាប់បាល់ដ៏មិនគួរឱ្យជឿ ហើយខ្ញុំក្ដៀនយោបល់មិនដឹងថា Alisson ធ្វើការសង្គ្រោះដូច្នេះដោយរបៀបម៉េចទេ វាមហស្ចារ្យ”៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖