គ្រាប់បាល់ក្នុងនាទី៨៣របស់ខ្សែបម្រើស្លាបចាស់វស្សា Franck Ribery ជួយឱ្យ Bayern Munich ផ្ដួល RB Leipzig ១-០ ក្នុងសប្ដាហ៍ទី១៦ Bundesliga យប់ថ្ងៃពុធទី១៩ធ្នូ ដើម្បីបន្ថយគម្លាតនាំមុខរបស់ក្រុមកំពូលតារាង Dortmund មកត្រឹម៦ពិន្ទុ។
កីឡាករបារាំងវ័យ៣៥ឆ្នាំ ដែលបានប្ដូរចូលជំនួស Serge Gnary ដែលរងរបួស ក្នុងនាទី២៨ បានញាក់ផុតអ្នកតាមបិទ២នាក់ រួចស៊ុតពីចម្ងាយ១០ម៉ែត្រដើម្បីបំបែកពងមាន់ក្រុមគោជល់អាល្លឺម៉ង់ យកជ័យជម្នះទី៤ជាប់ៗគ្នាក្នុងលីគ។
Bayern ពេលនេះឈរលេខរៀងទី៣ក្នុងតារាង មាន៣៣ពិន្ទុពី១៦ប្រកួត ស្មើ Borussia Monchengladbach តែចាញ់សំណល់គ្រាប់បាល់ចំណេញ។
Dortmund ឈរកំពូលតារាងមាន៣៩ពិន្ទុ ក្រោយរងបរាជ័យក្នុងលីគជាលើកដំបូងក្នុងរដូវកាលនេះក្រោមថ្វីជើងក្រុម Fortuna Dusseldorf ២-១។ រីឯក្លិបរបស់ក្រុមហ៊ុនគោជល់ RB Leipzig ឈរលេខរៀងទី៤ មាន២៨ពិន្ទុ៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព៖ Reuters
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖