+855 16 757 168     samnob@keiladaily.com
KD Logo

លោក Benitez ថាលោក Klopp សំណាងជាងលោកមួយចំណុចក្នុងនាមជាអ្នកចាត់ការ Liverpool

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 847

អតីតអ្នកចាត់ការ Liverpool លោក Rafael Benitez លើកឡើងថាអ្នកចាត់ការហង្សក្រហមបច្ចុប្បន្ន Jurgen Klopp មានសំណាងជាងលោក ព្រោះកាលលោកនៅ Anfield លោកត្រូវលក់កីឡាករចេញសិនមុននឹងអាចទិញកីឡាករថ្មីចូល តែលោក Klopp វិញទិញបានៗដោយមិនបាច់លក់កីឡាករចាស់ចេញសិនទេ។

លោក Benitez បានដឹកនាំ Liverpool ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០ក្រោមសម័យគ្រប់គ្រងរបស់ម្ចាស់ក្លិបចាស់ George Gillett និងលោក Tom Hicks។ លោកបានដឹកនាំ Liverpool ឈ្នះពាន Champions League ឆ្នាំ២០០៥ និងឡើងផ្ដាច់ព្រ័ត្រពាននេះម្ដងទៀតក្នុងឆ្នាំ២០០៧ ហើយព្រមទាំងរងជើងឯក Premier League ឆ្នាំ២០០៩ មុនត្រូវបានបណ្ដេញចេញក្នុងឆ្នាំ២០១០ មួយរយៈខ្លីមុនពេលម្ចាស់ក្លិបថ្មី John W. Henry ចូលកាន់កាប់ក្លិបមកទល់បច្ចុប្បន្ន។

មុនពេលដឹកនាំ Newcastle ទៅប្រកួតទល់នឹង Liverpool ម៉ោង១០យប់ថ្ងៃពុធទី២៦ខែធ្នូឆ្នាំ២០១៨នេះ លោក Benitez និយាយថាលោក Klopp មានកីឡាករល្អៗជាងជំនាន់លោក ដើម្បីនាំក្រុមប្រជែងយកជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងតាំងពីឆ្នាំ១៩៩០មក ព្រោះមានការគាំទ្រផ្នែកហិរញ្ញវត្ថុខ្លាំង។ ជាក់ស្ដែងគ្រាន់តែក្នុងឆ្នាំ២០១៨នេះ លោក Klopp បាននាំចូលកីឡាករថ្មីអស់ទឹកប្រាក់២៥០លានផោនទៅហើយ។

បុរសជនជាតិអេស្ប៉ាញខាងលើនិយាយថា៖ “កាលខ្ញុំនៅទីនោះ ពួកយើងត្រូវលក់សិនមុនទិញចូល។ ឥឡូវខ្ញុំគិតថាពួកគេមានក្រុមប្រសើរជាងមុន ព្រោះនៅពេលអ្នកចាយលុយ អ្នកនាំចូលកីឡាករល្អៗជាងមុន។ នៅពេលពួកគេទិញ Fabinho និង Naby Keita ពួកគេរក្សា Jordan Henderson និង Gini Wijnaldum។ ក្រុមគឺប្រសើរឡើងហើយវាមានន័យថាមានការប្រកួតប្រជែងខ្ពស់ ហើយអ្នកតែងតែមានក្រុមខ្លាំងមួយនៅលើទីលាន”។

ដោយឡែក អតីតអ្នកចាត់ការ Valencia, Chelsea, Inter Milan និង Real Madrid ខាងលើ សរសើរ Mohamed Salah ថាស្ថិតក្នុងចំណោមកីឡាករល្អបំផុតក្នុងលោក។ គេមានល្បឿន មានចក្ខុវិស័យ, មានសមត្ថភាព និងស៊ុតច្បាស់។

ទោះយ៉ាងណា លោកថា Liverpool រដូវកាលនេះមិនពឹងទាំងស្រុងលើ Salah តែម្នាក់ទេ ព្រោះពួកគេមានកីឡាករល្អៗច្រើនណាស់ ហើយអាចផ្លាស់ប្ដូរសមាសភាពក្នុងជម្រើស១១នាក់ តែ១១នាក់ថ្មីនៅតែខ្លាំងដដែល។ លោកបន្ថែមថាបាល់ទាត់គឺអំពីភាពស្ថិតស្ថេរនៃទម្រង់លេង និងគុណភាព ហើយនៅខណៈនេះ Liverpool មានគ្រប់យ៉ាង៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖