ក្រោមពន្លឺព្រះអាទិត្យថ្លាក្នុងរដូវរងា អ្នកហាត់បាល់ក្មេងៗផ្ដោតលើលំហាត់បាល់ទាត់ផ្សេងៗដែលគ្រូដាក់ឱ្យធ្វើ។
ពីខ្សែបន្ទាត់ គ្រូបង្វឹកជនជាតិអេស្ប៉ាញជំរុញទឹកចិត្តពួកគេ។ សំឡេងស្រែក “Bueno (ល្អ)” និង “mas (បន្ថែមទៀត)” អាចត្រូវបានស្ដាប់ឮ។
ថ្នាលយុវជនបាល់ទាត់នេះស្ថិតក្នុងទីក្រុង Lahore ក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយ Atletico Madrid។
នៅទីនេះមានយុវជនដូចជា Hammad Zia វ័យ១២ឆ្នាំដែលបានចុះឈ្មោះមុនគេនៅថ្នាលយុវជននេះកាលពី២ឆ្នាំមុន។ ក្នុងចំណោមក្មេងៗដទៃទៀតមាន Subhan វ័យ១៦ឆ្នាំ, Waris វ័យ១៥ឆ្នាំ និង Fizza វ័យ១០ឆ្នាំដែលជាក្មេងស្រីដែលមានទេពកោសល្យបំផុតម្នាក់ក្នុងថ្នាលនេះ។
តើហេតុអ្វីបានជាក្លិបជើងឯកលីគកំពូលអេស្ប៉ាញ១០សម័យ ក្លាយជាក្លិប La Liga ទី១ដែលមកបើកថ្នាលយុវជននៅប៉ាគីស្ថាន?
Atletico មានបំណងមានកីឡាករក្នុងក្រុមជម្រើសជាតិយុវជនប៉ាគីស្ថានក្នុងពេល៣ទៅ៥ឆ្នាំទៀត ហើយក៏សង្ឃឹមក្នុងការមានកីឡាករប៉ាគីស្ថានលេងឱ្យពួកគេនៅថ្ងៃណាមួយផងដែរ។
គំនិតផ្ដួចផ្ដើមដំបូងគឺជាក្ដីស្រមៃរបស់អ្នកជំនួញនៅ Lahore លោក Muhammad Atta Tanseer និងបងប្អូនជីដូនមួយរបស់លោកឈ្មោះ Omer Sheikh ដែលអ្នកទាំងពីរជាអ្នកស្រលាញ់បាល់ទាត់ខ្លាំងក្លា ហើយចង់លើកកម្ពស់កម្រិតទេពកោសល្យបាល់ទាត់ក្នុងប្រទេសប៉ាគីស្ថាន និងកេរ្តិ៍ឈ្មោះបាល់ទាត់ក្នុងប្រទេសនេះ។
ដើមឡើយ ពួកគេបានទាក់ទងទៅ Real Madrid ប៉ុន្តែគម្រោងមិនចេញជារូបរាងឡើយ ហើយថែមទាំងត្រូវបានសើចចំអកដាក់អំឡុងកិច្ចប្រជុំទៀតផង ថ្វីបើពួកគេត្រូវបាននាំឱ្យមើលកន្លែងនានាក្នុងបរិវេណក្លិបនិងបានជួបគ្រូបង្គោលនៅពេលនោះ Zinedine Zidane និងកីឡាកររបស់លោកក៏ដោយ។
នៅ Atletico វិញ ពួកគេក៏បានជួបនឹងភាពគ្មានជំនឿលើដែរ ប៉ុន្តែក្រោយទៅទស្សនកិច្ចច្រើនដងមកប៉ាគីស្ថាន Atletico ចាប់ផ្ដើមពេញចិត្តចំពោះអ្វីដែលពួកគេបានឃើញ។
ថ្នាល Summatus Sports របស់លោក Atta Tanseer និង Sheikh កំពុងមានក្មេងៗហាត់ជាង១០០នាក់ហើយក្នុងប្រព័ន្ធហ្វឹកហាត់របស់ពួកគេ។ ថ្នាលយុវជននៅ Islamabad និង Karachi ត្រូវបានរំពឹងថានឹងត្រូវបានបើកជាបន្តបន្ទាប់ក្រោមយីហោ Atletico។
បន្ថែមពីការអនុញ្ញាតឱ្យប្រើឈ្មោះ Atletico ក៏បានបញ្ជូនគ្រូបង្វឹក Daniel Limones និង Javier Visea មកទីក្រុង Lahore តាំងពីខែកញ្ញាមក។
កម្មវិធីប្រចាំថ្ងៃរបស់ពួកគេគឺបង្ហាត់គ្រូបង្វឹកជនជាតិប៉ាគីស្ថានដែលត្រូវបានជ្រើសរើសថ្មីៗ, ចូលរួមបង្ហាត់វិធីសាស្ត្រសម្លឹងមើលទេពកោសល្យកីឡាករនៅតាមសាលានានា បន្ទាប់មកបង្ហាត់ក្មេងៗនៅពេលរសៀល៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖