អ្នកចាត់ការ Cardiff City លោក Neil Warnock បានចោទ Liverpool ថា«ខ្វះភាពល្អប្រពៃ» បន្ទាប់ពីខ្សែការពារស្ដាំ Nathaniel Clyne ទៅចូលរួម Bournemouth លើកិច្ចសន្យាខ្ចីដល់ចប់រដូវកាល២០១៨-១៩។
Clyne វ័យ២៧ឆ្នាំ ដែលផ្ដើមលេងបាល់ទាត់អាជីពក្នុងឆ្នាំ២០០៨នៅ Crystal Palace ក្រោមការដឹកនាំរបស់លោក Warnock ពេលនោះ ត្រូវបានរំពឹងថានឹងចូលរួម Cardiff ក្នុងខែមករានេះ។ ផ្ទុយទៅវិញ កាលពីថ្ងៃសុក្រទី៤ខែមករា អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសបែរជាចូលរួម Bournemouth ទៅវិញ។
លោក Warnock ដែលកំពុងដឹកនាំ Cardiff និយាយថា៖ “វាជារឿងទុរយស។ ខ្ញុំខកចិត្តចំពោះ Nathaniel Clyne ដែលខ្ញុំបានស្គាល់គេជាយូរនិងជាអ្នកផ្ដល់ឱកាសចូលលេងលើកដំបូងដល់គេ(កាលនៅ Crystal ក្នុងឆ្នាំ២០០៨)។ ខ្ញុំមិនត្រឹមតែខកចិត្តចំពោះក្មេងនេះប៉ុណ្ណោះទេ តែក៏ខកចិត្តចំពោះ Liverpool ដែរ ដែលមិនទូរសព្ទមកខ្ញុំ មិនប្រាប់ខ្ញុំពីរឿងនេះ”។
“ពេលឃើញព័ត៌មានតាមទូរទស្សន៍(ថា Clyne ចូល Bournemouth) ខណៈខ្ញុំបានធ្វើគ្រប់យ៉ាងត្រឹមត្រូវហើយពួកគេក៏បានសន្យានឹងខ្ញុំថាគេជាកីឡាកររបស់ខ្ញុំក្នុងសប្ដាហ៍នេះ។ វាជារឿងទុរយសនិងខ្វះភាពល្អប្រពៃ”។
សូមបញ្ជាក់ថា Clyne ដុះដាលចេញពីថ្នាល Crystal Palace និងផ្ដើមលេងបាល់ទាត់អាជីព(ក្រុមធំ)ក្នុងឆ្នាំ២០០៨ មុនទៅចូលរួម Southampton ក្នុងឆ្នាំ២០១២។ ក្រោយឡើងកូដជាប់ជម្រើសជាតិអង់គ្លេសក្នុងឆ្នាំ២០១៤ Liverpool ក៏បានទិញគេទៅ Anfield ក្នុងឆ្នាំ២០១៥។
តែក្នុងរដូវកាល២០១៨-១៩នេះ Clyne បានជាប់ជម្រើស១១នាក់ដំបូងរបស់ Liverpool តែម្ដងគត់នៅ Premier League ដ្បិតកីឡាករវ័យ២០ឆ្នាំ Trent Alexander Arnold ជាជម្រើសទី១។
Clyne បានចូលលេងឱ្យ Bournemouth ពេលចាញ់ Brighton ១-៣ ក្នុងផ្ទះខ្លួនឯងក្នុងជុំទី៣ FA Cup យប់ថ្ងៃសៅរ៍ទី៥ខែមករាឆ្នាំ២០១៩៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖