+855 16 757 168     samnob@keiladaily.com
KD Logo

អេហ្ស៊ីបនឹងធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិកឆ្នាំ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 843

ប្រទេសអេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Africa Cup of Nations (AFCON) ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិក្នុងទីក្រុង Dakar ប្រទេសសេណេហ្គាល់ កាលថ្ងៃអង្គារទី៨ខែមករា។


អេហ្ស៊ីប នឹងរៀបចំការប្រកួតជើងឯកទ្វីបអាហ្វ្រិកដែលបង្កើនដល់២៤ក្រុមក្នុងឆ្នាំ២០១៩នេះនៅរវាងខែមិថុនានិងកក្កដា បន្ទាប់ពីម្ចាស់ផ្ទះពីដំបូងគឺកាម៉េរូនត្រូវបានដកហូតសិទ្ធិវិញក្នុងខែមុនដោយសារក្ដីបារម្ភជុំវិញភាពយឺតយ៉ាវនៃការត្រៀមលក្ខណៈ។

ប្រទេសនៅភាគខាងជើងទ្វីបអាហ្វ្រិកមួយនេះនឹងទទួលរៀបចំព្រឹត្តិការណ៍ខាងលើជាលើកទី៤ និងជាលើកដំបូងតាំងពីឆ្នាំ២០០៦មក។
សូមបញ្ជាក់ថា មានតែអេហ្ស៊ីបនិងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះដែលត្រូវបានដាក់ជាបេក្ខភាពសម្រាប់ជំនួសកាម៉េរូន។

នេះជាលើកដំបូងដែលព្រឹត្តិការណ៍ Africa Cup of Nations មាន២៤ក្រុមនៅជុំផ្ដាច់ព្រ័ត្រ។ គណៈកម្មការរបស់ CAF បានធ្វើអធិការកិច្ចជាច្រើនលើកទៅកាម៉េរូនក្នុងពេល២ឆ្នាំចុងក្រោយ ហើយបានកត់សម្គាល់ថាកាម៉េរូននឹងមិនរួចរាល់ទាន់ព្រឹត្តិការណ៍ឡើយ។

អេហ្ស៊ីបមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ ទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកចូលទស្សនាការប្រកួតក្នុងស្រុកតិចដោយសារការរឹតបន្តឹងសន្តិសុខក្រោយមានបដិវដ្ដ Arab Spring និងបាតុកម្មនៅ Tahrir Square ក្នុងឆ្នាំ២០១១។


ការប្រកួតជម្រុះជុំចុងក្រោយនៃ Africa Cup of Nations 2019 នឹងធ្វើឡើងនៅក្នុងខែមីនាខាងមុខ ខណៈមកទល់ពេលនេះមាន១៤ក្រុម រួមទាំងអេហ្ស៊ីបផងដែរ ដែលបានធានាកៅអីនៅជុំផ្ដាច់ព្រ័ត្ររួចហើយ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ nileinternational

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖