នាយកកីឡារបស់ក្លិប Bayern Munich លោក Hasan Salihamidzic បាននិយាយនៅថ្ងៃពុធទី៩ខែមករាថាក្លិបលោកបានឈានដល់ការព្រមព្រៀងដើម្បីទិញខ្សែការពារជម្រើសជាតិបារាំង Benjamin Pavard ពីក្លិប Stuttgart ក្នុងតម្លៃ៣១.៤លានផោន។
កីឡាករដែលបានរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 នឹងចុះកិច្ចសន្យា៥ឆ្នាំជាមួយ Bayern ដោយរាប់ចាប់ពីរដូវក្ដៅឆ្នាំ២០១៩តទៅ ពោលគឺបន្ទាប់ពីចប់រដូវកាល២០១៨-១៩នេះ។
អតីតយុវជន Lille វ័យ២២ឆ្នាំខាងលើ បច្ចុប្បន្នកំពុងលេងឱ្យ Stuttgart ក្នុងក្របខ័ណ្ឌ Bundesliga។
Pavard ត្រូវបានចាំជាងគេក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីពេលស៊ុតវ៉ុលឡេយ៉ាងអស្ចារ្យបញ្ចូលទីអាហ្សង់ទីនក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ដោយឡែក លោក Salihamidzic ក៏បានបញ្ជាក់ដែរថា Bayern ពិតជាចាប់អារម្មណ៍ខ្សែបម្រើស្លាបវ័យក្មេង Callum Hudson-Odoi របស់ Chelsea ស្របពេលតារាចាស់វស្សា Arjen Robben និង Franck Ribery រំពឹងថានឹងចាកចេញនៅដំណាច់រដូវកាលនេះ។ ទោះយ៉ាងណា អ្នកចាត់ការ Chelsea លោក Maurizio Sarri បានអះអាងថ្មីៗនេះថា Hudson-Odoi នឹងមិនទៅណាទេ។
សូមបញ្ជាក់ថាលីគកំពូលអាល្លឺម៉ង់នឹងដំណើរការវិញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីសម្រាករដូវរងាប្រចាំឆ្នាំ។ Bayern ដែលបានគ្រងជើងឯកលីគ៦ដងចុងក្រោយជាប់គ្នា ពេលនេះកំពុងឈរលេខរៀងទី២ នៅក្រោមក្រុមកំពូលតារាង Dortmund ចំនួន៦ពិន្ទុ។
នៅ Champions League វិញ Bayern ត្រូវតតាំងជាមួយ Liverpool ក្នុងវគ្គ១៦ក្រុមចុងក្រោយនាខែក្រោយ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖