បន្ទាប់ពីបំពេញការផ្ទេរពី Chelsea ទៅ Atletico Madrid ជាផ្លូវការលើកិច្ចសន្យាខ្ចីរយៈពេល១៨ខែកាលពីថ្ងៃចន្ទទី២៨ខែមករាឆ្នាំ២០១៩ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានបង្ហោះរូបថតមួយសន្លឹកលើ Instagram រំឭកទៅអតីតកាល កាលគេចូលហាត់បាល់ដំបូងនៅថ្នាលយុវជនក្លិប Atletico។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលហាត់បាល់ដំបូងនៅថ្នាល Atletico ពីឆ្នាំ២០០៥ដល់២០០៧ រួចផ្លាស់ទៅថ្នាល Getafe ក្នុងឆ្នាំ២០០៧ មុនចូលរួម Real Madrid ក្នុងឆ្នាំ២០០៨។
Morata បានផ្ដើមអាជីពក្រុមធំនៅ Real Madrid ក្នុងឆ្នាំ២០១០ រួចផ្លាស់ទៅ Juventus ក្នុងឆ្នាំ២០១៤។ បន្ទាប់ពីមានភាគជោគជ័យក្នុងពេល២រដូវកាលនៅ Serie A Morata ក៏ត្រូវបាន Real Madrid ទិញត្រលប់មកវិញក្នុងរដូវក្ដៅឆ្នាំ២០១៦។
តែដោយនៅតែពិបាកឈរជើងក្នុងជម្រើស១១នាក់ដំបូងរបស់លោក Zinedine Zidane កាលណោះ Morata ក៏ចេញពី Real ជាថ្មី ហើយមកចូលរួម Chelsea ក្នុងតម្លៃឯតទគ្គកម្មរបស់ក្លិបខាងក្រោយនេះ៧០.៦លានផោនក្នុងរដូវក្ដៅឆ្នាំ២០១៧។
ឥឡូវនេះគេត្រលប់ទៅប្រកបអាជីពនៅប្រទេសកំណើតវិញហើយ បន្ទាប់ពី Atletico យល់ព្រមបង់ថ្លៃកម្ចី៩លានផោន។
Morata ពាក់អាវលេខ២២នៅ Wanda Metropolitano ហើយគេក៏បានចាប់ផ្ដើមហ្វឹកហាត់នៅក្លិបថ្មីនេះរួចហើយដែរ ដោយហាត់ស៊ុតទី និងជំនាញប្រតិកម្មក្នុងតំបន់ចង្អៀត។
Morata និយាយថា៖ “ខ្ញុំបានផ្ដើមអាជីពខ្ញុំនៅ Atletico ហើយគ្រប់គ្នាដឹងថាខ្ញុំមកពីណា និងដឹងប្រវត្តិខ្ញុំ ហើយដឹងថាវាមានន័យយ៉ាងម៉េចចំពោះខ្ញុំ។ អតីតកាលគឺជាអតីកាល វាមិនអាចកែប្រែបានទេ ហើយខ្ញុំមោទនណាស់ចំពោះវា។ ខ្ញុំអន្ទះសារចង់ឱ្យគ្រប់យ៉ាងត្រូវបានបំពេញ ដូច្នេះខ្ញុំអាចចាប់ផ្ដើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្ញុំ”។
នៅ Chelsea មួយរដូវកាលកន្លះ Morata រកបាន២៤គ្រាប់និងបញ្ជូនបាល់៦គ្រាប់ពីការចូលលេងបាន៧២លើក ក្នុងនោះ៤៨លើកក្នុងជម្រើស១១នាក់ដំបូង។ គិតជាមធ្យម គេរកបានមួយគ្រាប់ក្នុងពេល១៧៧នាទីសម្រាប់ Chelsea៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖