+855 16 757 168     samnob@keiladaily.com
KD Logo

Sir Alex Ferguson ថា Messi អស្ចារ្យជាង Maradona ហើយនេះជាហេតុផលបញ្ជាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1292

ការដេញដោលមតិគ្នាជុំវិញថាតើវីរបុរសបាល់ទាត់អាហ្សង់ទីនរូបណាជាកីឡាករអស្ចារ្យជាងរូបណា រវាងលោក Diego Maradona និង Lionel Messi បានកើតឡើងជាច្រើនឆ្នាំមកហើយ។

វីរបុរស Liverpool និងជាអ្នកវិភាគរបស់ Sky Sports លោក Graeme Souness គិតថា Messi អស្ចារ្យជាង Maradona ឯអ្នកសារព័ត៌មានកីឡាឆ្នើម Hugh McIlvanney ដែលបានទទួលមរណភាពសប្ដាហ៍មុន បានជំទាស់។

លោក Souness បាននិយាយថា៖ “ខ្ញុំបានលេងទល់នឹង Maradona ៥ប្រកួត ហើយខ្ញុំសូមប្រាប់អ្នកថា Messi អស្ចារ្យជាង”។ បន្ទាប់មកលោក McIlvanney តបថា៖ “ខ្ញុំមិនខ្វល់ថាអ្នកបានលេងទល់នឹងនរណាទេ។ Diego អស្ចារ្យជាង”។

ប៉ុន្តែមិត្តរបស់លោក Hugh McIlvanney គឺលោក Sir Alex Ferguson ក៏គិតថាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបច្ចុប្បន្នឆ្នើមជាងអតីតប្រធានក្រុមដែលឈ្នះ World Cup 1986 ដែរ។
អ្នកចាត់ការឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសវ័យ៧៧ឆ្នាំ Sir Alex បញ្ជាក់ថា៖ “ខ្ញុំនៅខាង Souness ចំពោះរឿងនេះ(ថា Messi ល្អជាង Maradona)។ អាជីពនៅចំណុចកំពូលរបស់ Maradona មានរយៈពេលតែពីរបីឆ្នាំប៉ុណ្ណោះ”។

ក្នុងអាជីពជាកីឡាករ លោក Maradona ដែលបច្ចុប្បន្នវ័យ៥៨ឆ្នាំ បានឈ្នះជើងឯកលីគជាមួយ Boca Juniors ម្ដង(១៩៨១), និងជាមួយ Napoli ២ដង (១៩៨៧, ១៩៩០)។ ក្រៅពីនេះលោកបានឈ្នះពាន Copa del Rey ជាមួយ Barcelona ក្នុងឆ្នាំ១៩៨៣ និងពាន Coppa Italia ១៩៨៧ និង UEFA Cup ក្នុងឆ្នាំ១៩៨៩ ជាមួយ Napoli ដែលលោកបានរួមចំណែកផ្លាស់ប្ដូរពីក្រុមត្រដាបត្រដួសមួយមកជាក្រុមជើងឯក។ តែជោគជ័យធំបំផុតរបស់លោកគឺជួយអាហ្សង់ទីនឈ្នះ FIFA World Cup 1986 និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀតក្នុងឆ្នាំ១៩៩០។ លោកបានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំសតវត្សរ៍របស់ FIFA ក្នុងឆ្នាំ២០០០។

រីឯ Messi មិនដែលបានឈ្នះពានធំដុំអ្វីជាមួយជម្រើសជាតិទេ ក្រៅតែពីមេដាយមាសអូឡាំពិក២០០៨និងជើងឯក FIFA U20 World Cup 2005 ដែលជាចំណុចអវិជ្ជមាននៅពេលគេនិយាយពីភាពអស្ចារ្យរបស់កំពូលខ្សែប្រយុទ្ធរូបនេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានត្រឹមជួយអាហ្សង់ទីនរងជើងឯក Copa America ៣ដង (២០០៧, ២០១៥, ២០១៦) និងរងជើងឯក FIFA World Cup 2014។
ប៉ុន្តែក្នុងអាជីពនៅក្លិបវិញ Messi ពិតជាធ្វើបានអស្ចារ្យមិនគួរឱ្យជឿ។ គេបានឈ្នះ Champions League ៤ដង, La Liga ៩ដង, Copa del Rey ៦ដង, UEFA Super Cup ៣ដង និង FIFA Club World Cup ៣ដងជាមួយ Barcelona តាំងពីឡើងចូលក្រុមធំក្លិបនេះក្នុងឆ្នាំ២០០៤មក ហើយរកបាន៥៧៧គ្រាប់ពី៦៦១ប្រកួត។ សម្រាប់ពានផ្ទាល់ខ្លួនវិញ គេបានឈ្នះ Ballon d’Or ៥ដង និងពានផ្សេងៗទៀតជាច្រើនរាប់មិនអស់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖