+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ៖ វាជាគំនិតឆ្កួតបើគិតថា Liverpool ធ្លាក់ពី UCL នឹងចំណេញដល់ការប្រជែងជើងឯក PL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1812

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាវាជាគំនិតឆ្កួតបើគិតថាការធ្លាក់ពីពាន Champions League ជួយ Liverpool ប្រជែងជើងឯក Premier League បានកាន់តែប្រសើរនោះ។

Liverpool ខានឈ្នះជើងឯកលីគកំពូលអង់គ្លេសអស់រយៈពេល២៩ឆ្នាំមកហើយ។ នៅក្នុងរដូវកាល២០១៨-១៩នេះ ពួកគេកំពុងនៅពីក្រោមក្រុមកំពូលតារាង Manchester City ១ពិន្ទុក្នុងក្របខ័ណ្ឌ Premier League។

នៅថ្ងៃពុធទី១៣ខែមីនានេះ ក្រុមលោក Jurgen Klopp នឹងប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយ Champions League នៅទឹកដី Bayern Munich (ម៉ោង៣យប់នៅកម្ពុជា) ខណៈជើងទី១នៅ Anfield ស្មើគ្នា០-០។

ក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការក្រុមហង្សក្រហមនិយាយថា៖ “ខ្ញុំមិនគិតថាគ្រូបង្វឹកគ្រប់រូបត្រូវតែឆ្លើយសំណួរមួយនេះទេ។ វាកើតឡើងបានលុះត្រាតែអ្នកជាអ្នកចាត់ការ Liverpool ហើយអ្នកវិភាគគឺមកពីក្លិប Manchester United”។

លោក Gary Neville គិតថាបើ Liverpool ចាញ់នៅ Munich យប់នេះ អាចផ្ដល់ផលល្អដល់ពួកគេដើម្បីឈ្នះជើងឯក Premier League ជាលើកទី១។

តែលោក Klopp ដែលជាអតីតអ្នកចាត់ការ Dortmund បន្ថែមថា៖ “ពួកគេ(អ្នកវិភាគ)និយាយគ្រប់ពេល។ វាមិនមែនមានន័យថាពួកគេកាន់តែនិយាយត្រូវព្រោះករណីនេះទេ។ នេះជាបញ្ហា។ វាងាយស្រួលណាស់ក្នុងការអង្គុយក្នុងការិយាល័យឬស្ទូឌីយោមួយហើយនិយាយរឿងបែបនេះ។ ពួកយើងមិនមែនត្រៀមលក្ខណៈសម្រាប់រដូវកាលមួយដោយគិតថាវិធីល្អបំផុតដើម្បីឈ្នះលីគគឺត្រូវធ្លាក់ចេញពីពានរង្វាន់ផ្សេងៗ(Cup) ឱ្យបានឆាប់នោះទេ”។

លោកបន្ថែមថា៖ “ឥឡូវរដូវកាលជិតចប់ហើយ អីចឹងអ្នកគួរធ្លាក់ពី Champions League ដោយមិនព្យាយាមលេងដើម្បីឡើងវគ្គបន្តឬ? បើគិតអីចឹង ឆ្កួតបាត់។ ខ្ញុំមិនខឹងទេ។ វាគ្រាន់តែជាគំនិតឆ្កួតមួយដែលខ្ញុំត្រូវប្រឈមមុខនឹងរឿងនេះជាប្រចាំ”។

សូមរំឭកថា ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ឆ្នាំ​មុន​បាន​ផ្ដល់​ចំណូល​៧២​លាន​ផោន​ ដែលនាំ​ឱ្យ Liverpool រក​បាន​ប្រាក់​ចំណេញ​សរុប​​១០៦​លាន​ផោន​ជា​ឯតទគ្គកម្ម​ពិភពលោក៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖