គណៈកម្មការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានសម្រេចដាក់បម្រាម៨ប្រកួតលើខ្សែប្រយុទ្ធ Diego Costa របស់ក្លិប Atletico Madrid ចំពោះការបំពានលើអាជ្ញាកណ្ដាល បន្ទាប់ពីគេរងពិន័យកាតក្រហមអំឡុងការប្រកួតចាញ់ Barcelona ២-០ កាលពីថ្ងៃអាទិត្យទី៧ខែមេសា។
របាយការណ៍របស់អាជ្ញាកណ្ដាលបញ្ជាក់ថាកីឡាករវ័យ៣០ឆ្នាំរូបនេះបានជេរអាជ្ញាកណ្ដាល Jesus Manzano និងថែមទាំងយកដៃចាប់អាជ្ញាកណ្ដាលជាច្រើនដងទៀតផង ក្រោយពេលរូបគេរងពិន័យកាតក្រហមក្នុងនាទី២៨។
ក្នុងចំណោមបម្រាម៨ប្រកួតនេះ គឺ៤ប្រកួតសម្រាប់ការប្រើពាក្យពេចន៍អាក្រក់ដាក់អាជ្ញាកណ្ដាល និង៤ប្រកួតទៀតគឺសម្រាប់ការប្រើហិង្សាកម្រិតស្រាលលើអាជ្ញាកណ្ដាល។
បន្ថែមពីលើនេះ Costa ក៏រងពិន័យជាប្រាក់ចំនួន៦០១០អឺរ៉ូផងដែរ ស្របពេលក្លិប Atletico រងពិន័យ២៨០០អឺរ៉ូ។ ទាំងក្លិបនិងសាមីកីឡាករមានពេល១០ថ្ងៃដើម្បីប្ដឹងតវ៉ា៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Reuters
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖