+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកស៊ុតចូលឱ្យ Barca យប់មិញចង់ឱ្យ Atletico ឈ្នះឬស្មើយប់នេះ ព្រោះ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 934

Barcelona ជិតគ្រងជើងឯក La Liga មែនទែនហើយ ក្រោយឈ្នះ២-០នៅទឹកដី Deportivo Alaves យប់ថ្ងៃអង្គារទី២៣ខែមេសា។

ប្រសិន Atletico Madrid ចាញ់ Valencia យប់ថ្ងៃពុធនេះ ជើងឯកលីគកំពូលអេស្ប៉ាញនឹងបានលើ Barca ដោយស្វ័យប្រវត្តិតែម្ដង ព្រោះក្រុមលោក Ernesto Valverde លើស១២ពិន្ទុនិងមានប្រៀប head-to-head ខណៈការប្រកួតសល់តែ៤ដងទៀត (ក្រោយ ATM ប្រកួតយប់នេះរួច)។

ប៉ុន្តែខ្សែបម្រើU21អេស្ប៉ាញ Carles Alena ដែលស៊ុតចូល១គ្រាប់យប់មិញ ចង់ឱ្យដំណើរប្រជែងពានបន្តដល់ថ្ងៃសៅរ៍ខាងមុខ ដើម្បីរង់ចាំលើកពាននៅពីមុខអ្នកគាំទ្ររបស់ Barca ផ្ទាល់នៅ Nou Camp តែម្ដងពេលទទួល Levante។

Alena និយាយថា៖ «ឥឡូវយើងរង់ចាំលទ្ធផលរបស់ Atletico។ ឬករណីមួយទៀត យើងអាចចាំដល់ថ្ងៃសៅរ៍ដើម្បីឈ្នះលីគជាមួយអ្នកគាំទ្ររបស់យើង។ ខ្ញុំចង់ឈ្នះនៅថ្ងៃសៅរ៍នៅផ្ទះរបស់យើងជាង ហើយអបអរជាមួយអ្នកគាំទ្រយើងតែម្ដង។ តែបើឈ្នះមុនថ្ងៃសៅរ៍ក៏យើងស្វាគមន៍ដែរ។ ពួកយើងសមនឹងឈ្នះជើងឯកលីគ។ ពួកយើងជាក្រុមល្អបំផុតក្នុងរដូវកាលនេះ»។

សូមបញ្ជាក់ថា ពេលនេះ Barcelona មាន៨០ពិន្ទុពី៣៤ប្រកួត ខណៈក្រុមលេខ២ Atletico Madrid មាន៦៨ពិន្ទុពី៣៣ប្រកួត។

បើ Atletico ចាញ់ Valencia យប់នេះ ពាននឹងបានលើ Barca ដោយស្វ័យប្រវត្តិ។ តែបើ Atletico ឈ្នះឬស្មើ នោះការរង់ចាំនឹងបន្តដល់ថ្ងៃសៅរ៍។ នៅថ្ងៃសៅរ៍ បើ Barcelona ឈ្នះ នោះពួកគេនឹងលើកពានតែម្ដង ដោយមិនខ្វល់លទ្ធផលរបស់ Atletico ទល់នឹង Real Valladolid ឡើយ។ លើសពីនេះ Barca ថែម​ទាំង​អាច​លើក​ពាន​ទាំង​មិនទាន់ទាត់​ជាមួយ Levante ទៅទៀត ព្រោះ​នៅ​ថ្ងៃ​សៅរ៍​ទី​២៧​ខែ​មេសា ATM លេង​មុន ដូច្នេះ​ប្រសិន ATM ចាញ់ Valladolid នោះ ពាន​ក៏​នឹង​បាន​លើ​ដៃ Barca ​ដោយ​ឯកឯង​ដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖