+855 16 757 168     samnob@keiladaily.com
KD Logo

Griezmann ប្រកាសផ្លូវការថានឹងចេញពី Atletico Madrid នៅរដូវក្ដៅនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 748

ខ្សែប្រយុទ្ធឆ្នើមបារាំង Antoine Griezmann បាននិយាយក្នុងវីដេអូដែលបង្ហោះលើគណនី Twitter ផ្លូវការរបស់ក្លិប Atletico Madrid យប់ថ្ងៃអង្គារទី១៤ខែឧសភាឆ្នាំ២០១៩ថាគេនឹងចាកចេញពីក្លិបនេះនៅដំណាច់រដូវកាល២០១៨-១៩។

តារាជ័យលាភី FIFA World Cup វ័យ២៨ឆ្នាំរូបនេះមិនទាន់ទម្លាយថាគេនឹងចូលរួមក្លិបណាបន្ទាប់នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប្រទេសអេស្ប៉ាញបានសន្និដ្ឋានថា Griezmann នឹងចូលរួម Barcelona ដែលត្រូវបានគេដឹងឮជាសាធារណៈថាបានទាក់ទង Griezmann ឆ្នាំមុន តែអតីតខ្សែប្រយុទ្ធ Real Sociedad ដដែលនេះកាលណោះបានបដិសេធឱកាសផ្លាស់ទៅ Nou Camp ហើយបានបន្តកិច្ចសន្យាថ្មីជាមួយ Atletico ដល់ឆ្នាំ២០២៣។

ទោះបីជាសល់កិច្ចសន្យា៤ឆ្នាំទៀតជាមួយ Atletico ក្ដី តែ Griezmann បានសម្រេចចិត្តទៅស្វែងរកការប្រកួតប្រជែងថ្មីនៅកន្លែងថ្មីហើយក្រោយនិយាយជាមួយគ្រូបង្វឹកនិងប្រធាននាយកប្រតិបត្តិក្លិបរួច។

កីឡាករដែលបានជាប់លេខ៣នៃការប្រជែង Ballon d’Or ឆ្នាំ២០១៦និង២០១៨ បាននិយាយក្នុងវីដេអូថា៖ «ក្រោយនិយាយជាមួយ Simeone និង Miguel Angel និងថ្នាក់ដឹកនាំក្លិបរួច ខ្ញុំចង់ប្រាប់អ្នកគាំទ្រទាំងអស់គ្នាដែលបានផ្ដល់ក្ដីស្រលាញ់យ៉ាងច្រើនដល់រូបខ្ញុំ ថាខ្ញុំបានសម្រេចចិត្តចាកចេញដើម្បីទៅរកអ្វីដែលថ្មី និងការប្រកួតប្រជែងថ្មី។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាចំពោះការគាំទ្រដែលបានផ្ដល់ជូនខ្ញុំ៥ឆ្នាំមកនេះ»។

សូមបញ្ជាក់ថាខបង់ផ្ដាច់កុងត្រា ឬ release clause ក្នុងកិច្ចសន្យារបស់ Griezmann មានតម្លៃ២០០លានអឺរ៉ូ ប៉ុន្តែយោងតាមសារព័ត៌មានមួយចំនួន តម្លៃនេះនឹងធ្លាក់តាមលក្ខខណ្ឌដែលបានចងមកត្រឹម១២០លានអឺរ៉ូវិញនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៩។

Griezmann បានរួមចំណែកជួយ Atletico ឈ្នះជើងឯក Europa League ២០១៧-១៨, UEFA Super Cup 2018 និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ២០១៦៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖