ក្រុម Union Berlin ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៦ នឹងលេងក្នុងក្របខ័ណ្ឌ Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នារដូវកាល២០១៩-២០២០ បន្ទាប់ពីពួកគេបានប្រកួត play-off ឈ្នះក្រុមមកពីលីគកំពូល Stuttgart។
ក្រុម Union Berlin បានបញ្ចប់រដូវកាល២០១៨-១៩ក្នុងចំណាត់ថ្នាក់ទី៣ក្នុងលីគទី២អាល្លឺម៉ង់ ដូច្នេះពួកគេត្រូវប្រកួត play-off ជាមួយក្រុមលេខ១៦ ដើម្បីដណ្ដើមកៅអីលីគកំពូល។
ទីបំផុតពួកគេបានផ្ដួល Stuttgart បន្ទាប់ពីស្មើគ្នា០-០ក្នុងជើងទី២យប់ថ្ងៃចន្ទទី២៧ខែឧសភា ដើម្បីឡើងតាមរូបមន្ត away-goal បន្ទាប់ពីស្មើគ្នា២-២ក្នុងជើងទី១នៅទឹកដី Stuttgart ដែលមានកីឡាករល្បីឈ្មោះដូចជាជ័យលាភី World Cup បារាំង Benjamin Pavard ដែលនឹងចូលរួម Bayern ក្នុងរដូវកាលថ្មី និង Mario Gomez និង Holger Badstuber ជាដើម។
Union Berlin នឹងក្លាយជាក្រុមទី៥ដែលមានមូលដ្ឋានក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់ ដែលលេងក្នុងលីគកំពូលប្រទេសនេះ តាំងពីលីគត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៣មក។ ពួកគេក៏ជាក្រុមទី១មកពីលីគទី២ដែលលេង play-off ឈ្នះក្រុមមកពីលីគកំពូលតាំងពីឆ្នាំ២០១២មកផងដែរ។ សម្រាប់ Stuttgart នេះជាលើកទី២ដែលពួកគេត្រូវបានកាត់ទម្លាក់ពីលីគកំពូលក្នុងពេល៤រដូវកាលចុងក្រោយ។
សរុបមក ក្រុមថ្មី៣ដែលឡើងពី Bundesliga 2 មក Bundesliga សម្រាប់រដូវកាល២០១៩-២០២០គឺ FC Koln, Paderborn និង Union Berlin៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖