Atletico Madrid ចង់បានខ្សែប្រយុទ្ធ Joao Felix របស់ Benfica យ៉ាងខ្លាំង ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងយ៉ាងតានតឹងពីសំណាក់ក្លិបដទៃ។
Felix វ័យ១៩ឆ្នាំ ដែលកិច្ចសន្យារបស់គេមានខបង់ផ្ដាច់តម្លៃ១២០លានអឺរ៉ូ (១០៧.៥លានផោន) រកបាន១៥គ្រាប់និងបញ្ជូន៩គ្រាប់សម្រាប់ Benfica រដូវកាលមុន បន្ទាប់ពីផ្ដើមលេងក្នុងក្រុមធំលើកដំបូងក្នុងខែសីហាឆ្នាំ២០១៨។
ប្រភពស្និទ្ធនឹង Atletico បង្ហើបឱ្យ BBC ដឹងថាវាពិបាកខ្លាំងក្នុងការទិញតារាជម្រើសជាតិព័រទុយហ្គាល់វ័យក្មេងខាងលើ។
ក្លិបជើងឯករង La Liga កំពុងត្រូវការខ្សែប្រយុទ្ធជួរមុខម្នាក់មករួមក្លិប ខណៈ Antoine Griezmann ត្រៀមចាកចេញ។
ខ្សែប្រយុទ្ធឆ្នើមបារាំង Griezmann បានធ្វើការសម្រេចចិត្តក្នុងខែឧសភាកន្លងទៅថានឹងចេញពី Atletico នៅរដូវក្ដៅនេះដើម្បីស្វែងរកការប្រកួតប្រជែងថ្មី តែគេនៅមិនទាន់បញ្ជាក់ថាបានព្រមព្រៀងលក្ខខណ្ឌជាមួយក្លិបថ្មីណាមួយនៅឡើយទេ។
បើ Felix ផ្ទេរចេញពី Benfica ក្នុងតម្លៃ១២០លានអឺរ៉ូមែន នោះគេនឹងក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតទី៥ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Neymar (២២២លានអឺរ៉ូ), Kylian Mbappe, Philippe Coutinho និង Ousmane Dembele។
Felix ទើបតែចូលលេងឱ្យក្រុមធំជម្រើសជាតិព័រទុយហ្គាល់លើកដំបូងកាលពីដើមខែនេះ ពេល ព័រទុយហ្គាល់ ឈ្នះ ស្វ៊ីស ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន UEFA Nations League៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖