+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិប១ក្នុងចំណោម៥នេះដែល Griezmann អាចទៅចូលរួមក្នុងរដូវក្ដៅនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1507


Atletico Madrid បានប្រកាសឱ្យដឹងតាំងពីមុនចប់រដូវកាល២០១៨-១៩ជាស្ថាពរម្ល៉េះថា Antoine Griezmann នឹងចាកចេញពីក្លិបក្នុងរដូវក្ដៅនេះដើម្បីទៅស្វែងរកការប្រកួតប្រជែងថ្មី ថ្វីបើគេទើបតែបានចុះកិច្ចសន្យាថ្មីជាមួយក្លិបនេះឆ្នាំមុនក្ដី។ ប៉ុន្តែមកទល់ពេលនេះ Griezmann មិនទាន់បញ្ជាក់ថាក្លិបណាដែលគេនឹងទៅចូលរួមនៅឡើយទេ។ ខាងក្រោមនេះជាក្លិបចំនួន៥ដែលមានសក្ដានុពលសម្រាប់ Griezmann ចូលរួម។


៥- Manchester United


នរណាក៏ដឹងដែរថា Man Utd ចង់បាន Griezmann ប្រហែល២រដូវកាលមុន តែទីបំផុតពួកគេទិញ Romelu Lukaku ជំនួសវិញ។ តែរដូវក្ដៅនេះ Lukaku កំពុងត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Inter Milan ដូច្នេះ Man Utd មុខជាត្រូវរកអ្នកជំនួស។ Man Utd មានលុយសម្រាប់ទិញកីឡាករណាក៏បានដែរឱ្យតែកីឡាករនោះព្រមមក ហើយក្លិបគេព្រមលក់ ហើយក្លិបនេះក៏មានលទ្ធភាពផ្ដល់ប្រាក់ខែកប់ក្ដោងដល់តារាល្បីទាំងនោះដែរ។ Paul Pogba ជាមិត្តជិតស្និទ្ធរបស់ Griezmann។ ប្រសិន Griezmann មក Man Utd នោះ Pogba ក៏ប្រហែលលែងចង់ចេញពី Old Trafford ដែរ។ តែបញ្ហាប្រឈមគឺរដូវកាល២០១៩-២០២០ Man Utd មិនបានលេងពាន Champions League ទេ។


៤- Bayern Munich

ក្លិបយក្សអាល្លឺម៉ង់មួយនេះកំពុងរុះរើក្រុមក្នុងទ្រង់ទ្រាយធំក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដើម្បីជំនួសតារាចាស់ៗដែលចាកចេញនិងដើម្បីពង្រឹងក្រុមប្រជែងពាន Champions League។ Bayern អាចទាក់ទាញចិត្ត Griezmann ដោយសារពួកគេលើកពានក្នុងស្រុកសឹងរាល់ឆ្នាំ ហើយពួកគេក៏មានកីឡាករបារាំងមួយចំនួនដែរដូចជា Corentin Tolisso, Kingsley Coman, Lucas Hernandez និង Benjamin Pavard។

៣- Liverpool



ក្លិបហង្សក្រហមកំពុងមានដៃគូប្រយុទ្ធ៣នាក់ខាងលើល្អបំផុតមួយក្នុងលោកបច្ចុប្បន្ន តែពួកគេក៏ត្រូវការពង្រឹងតំបន់ប្រយុទ្ធបន្ថែមដើម្បីប្រជែងជើងឯក Premier League ពី Manchester City។ ក្រុមលោក Jurgen Klopp មិនចាំបាច់ទិញកីឡាករថ្មីចូលច្រើនទេ ព្រោះល្អសឹងគ្រប់តំបន់ទៅហើយ ដូច្នេះពួកគេមានលទ្ធភាពក្នុងការជះលុយធំលើតារាល្បីម្នាក់បាន។ បើទិញ Griezmann នោះលោក Klopp នឹងកាន់តែមានជម្រើសច្រើន និងអាចបត់បែនប្រព័ន្ធលេងបានច្រើន។


២- Paris St Germain



បើមើលពីសមាសភាពខ្សែប្រយុទ្ធរបស់ PSG បច្ចុប្បន្ន ក្លិបនេះមិនត្រូវការខ្សែប្រយុទ្ធថែមទេ តែអាចមានឱកាសមួយដែល Neymar ចេញក្នុងរដូវក្ដៅនេះហើយត្រលប់ទៅ Barcelona។ ក្នុងករណីនេះ PSG មុខជាត្រូវទិញខ្សែប្រយុទ្ធឆ្នើមថ្មីមកជំនួស ហើយពួកគេថែមទាំងអាចចាយលុយធំដោយមិនបារម្ភពីការបំពានច្បាប់ Financial Fair Play ទៀត។ កន្លងមក PSG ក៏ធ្លាប់ត្រូវបានភ្ជាប់នឹងការចង់បាន Griezmann ដែរ តែក្រោយទិញបាន Neymar និង Mbappe ដំណឹងនោះក៏ស្ងាត់វិញទៅ។


១- Barcelona



មួយឆ្នាំមុន Barcelona ត្រូវបានគេដឹងជាសាធារណៈថាចង់ទិញ Griezmann ហើយក្លិប Atletico Madrid ថែមទាំងបានប្ដឹងពួកគេទៅ FIFA ពីបទលួចទាក់ទងកីឡាករក្លិបដទៃដោយគ្មានការអនុញ្ញាតថែមទៀតផង។ តែក្រោយមក Griezmann បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីជាមួយ ATM ជាជាងចូលរួម Barcaពេលនោះ។ តែឥឡូវ អតីតយុវជន Real Sociedad បានប្រកាសជាសាធារណៈអំពីការចេញពី Atletico ហើយភ្លាមៗគេក៏ត្រូវបានភ្ជាប់នឹងការចូលរួមក្លិបនៅកាតាឡូនីជាថ្មី។ យោងតាមសារព័ត៌មានមួយចំនួន ជម្រើសទី១របស់ Barca គឺ Neymar ប៉ុន្តែប្រសិនការចរចាជាមួយ PSG បរាជ័យ ពួកគេអាចបញ្ឆេះចំណង់ចង់បាន Griezmann ជាថ្មី។ Griezmann មានខបង់ផ្ដាច់កុងត្រាតម្លៃ១០៨លានផោន ដូច្នេះដើម្បីទិញរូបគេ Barca ប្រហែលត្រូវលក់ចេញកីឡាករពីរនាក់៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖