អតីតខ្សែបម្រើការពារឆ្នើមអេស្ប៉ាញ Xabi Alonso បានចាប់ផ្ដើមការងារជាគ្រូបង្វឹកក្រុម B របស់ក្លិប Real Sociedad កាលថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០១៩ បន្ទាប់ពីបានចុះកុងត្រា២ឆ្នាំកាលពីខែមិថុនា។
ប្រធានក្លិប Real Sociedad និយាយថាថ្ងៃ Alonso ផ្ដើមការងារនេះជាថ្ងៃសំខាន់បំផុតមួយក្នុងជីវិតលោក ព្រោះនេះជាកិត្តិយសធំមួយដែលអតីតកីឡាករដ៏ជោគជ័យនិងល្បីល្បាញដូច្នេះត្រលប់មកក្លិបវិញ។ ហើយលោកបន្ថែមថា Alonso បង្រៀនក្រុមត្រឹមតែពាក់កណ្ដាលនៃអ្វីដែលគេចេះ ក៏នឹងបង្កើតក្រុមជើងឯកមួយបានដែរ។
Alonso បច្ចុប្បន្នវ័យ៣៧ឆ្នាំ មែនទែនទៅបានផ្ដើមអាជីពជាគ្រូបង្វឹកឆ្នាំមុននៅ Real Madrid ហើយបានដឹកនាំ U13ក្លិបនេះឈ្នះជើងឯកលីគ។
សូមបញ្ជាក់ថា Alonso បានហាត់នៅថ្នាលរបស់ Real Sociedad និងបានឡើងចូលក្រុមធំក្លិបនេះក្នុងឆ្នាំ២០០០ ហើយលេងបាន១២៤ប្រកួតមកទល់ឆ្នាំ២០០៤ មុនផ្លាស់ទៅ Liverpool។
ឆ្នាំ២០០៩ គេត្រលប់មកប្រទេសកំណើត លេងឱ្យ Real Madrid មុនទៅបញ្ចប់អាជីពនៅ Bayern Munich ក្នុងឆ្នាំ២០១៧៕
ប្រែសម្រូល៖ ប៊ុនតឺម
ប្រភព៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖