+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបឹងកេតជឿជាក់ថា វឌ្ឍនាកា នឹងត្រលប់ទៅចំណុចកំពូលរបស់គេវិញឆាប់ៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 825

គ្រូបង្គោលក្រុមបឹងកេត លោក ហៅ សុជាតិ បានបង្ហាញសុទិដ្ឋិនិយមលើកីឡាករ ចាន់ វឌ្ឍនាកា ថាគេនឹងត្រលប់ទៅចំណុចកំពូលនៃគុណផល (performance) របស់គេឆាប់ៗនេះវិញ ខណៈការលេងទល់នឹងភ្នំពេញក្រោនថ្មីៗនេះលោកគិតថាទើបតែបាន៨០ភាគរយនៃសមត្ថភាពដែលគេធ្លាប់មានប៉ុណ្ណោះ។ 


វឌ្ឍនាកា បានត្រលប់ចូលបឹងកេតជាថ្មី ក្នុងជុំទី២នៃក្របខ័ណ្ឌ Metfone Cambodian League 2019 នេះ ដោយចុះកិច្ចសន្យា៣ឆ្នាំ ក្រោយចែកផ្លូវពីក្លិបលីគកំពូលម៉ាឡេស៊ី PKNS FC។


វឌ្ឍនាកា បានចូលលេងឱ្យបឹងកេតឡើងវិញបាន២ប្រកួតហើយ ហើយរកបាន៥គ្រាប់ និងបញ្ជូន១គ្រាប់ ពោលគឺស៊ុតចូល សៀមរាប ៣គ្រាប់ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរកបាន២គ្រាប់ព្រមទាំងបញ្ជូន១គ្រាប់ទៀតពេលចូលលេង Metfone Cambodian League លើកដំបូងក្នុងជុំទី២ ទល់នឹង ភ្នំពេញក្រោន ចុងសប្ដាហ៍មុន។


ទោះបែបនេះក្ដី លោក សុជាតិ គិតថា វឌ្ឍនាកា ទើបតែលេងបាន៨០ភាគរយនៃចំណុចកំពូលរបស់គេប៉ុណ្ណោះ។ លោកគិតថាឆ្នាំដែល វឌ្ឍនាកា លេងល្អបំផុតគឺ២០១៥ ដែលគេបានជួយបឹងកេតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Toyota Mekong Club Championship ទល់នឹង Buriram United និងបានឈ្នះពាន Most Valuable Player ប្រចាំពាននេះ។ 


លើសពីនេះ លោក សុជាតិ មើលឃើញថាការត្រលប់មកវិញរបស់ វឌ្ឍនាកា លើកនេះកាន់តែល្អជាងឆ្នាំមុនទៅទៀត ទាំងចិត្តគំនិត និងការប្រឹងប្រែង។ គេប្រឹងហាត់ជាងមុនទ្វេដង និងផ្ដល់ដំបូន្មាន ចែករំលែកបទពិសោធភាពជាកីឡាករអាជីព និងពន្យល់ពីបាល់ទាត់ដល់កីឡាករក្មេងៗក្នុងក្រុម ព្រមទាំងលើកទឹកចិត្តមិត្តរួមក្រុមទាំងអស់ឱ្យខិតខំប្រឹងប្រែងជាងមុន៕


ដោយ៖ សានីត

រូបថត៖ CNCC 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖