+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការគិរីវង់ ៖ ឡើងទៅវគ្គបន្តពានសម្ដេចតេជោ ជាមោទកភាពសម្រាប់​យើង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 670

លោក ឌុក វាសនា អ្នកចាត់ការក្លិបបាល់ទាត់គិរីវង់សុខសែនជ័យលើកឡើងថា ការឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ គឺជាមោទកភាពសម្រាប់ក្រុម និងអ្នកគាំទ្រ​។ 


អ្នកចាត់ការមានមូលដ្ឋាននៅខេត្តតាកែវពន្យល់ថា ថ្វីដ្បិតក្រុមរបស់លោក​មិនថ្មីមែន តែ​សម្រាប់ការរៀបចំវិញ គឺទើបតែបានកែប្រែឲ្យកាន់តែរឹងមាំនៅឆ្នាំនេះប៉ុណ្ណោះ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំដែល​មាន​ឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន និងឯកឧត្តម សុខ សប្បាយណា ជាអនុប្រធាន។ 

លោក ឌុក វាសនា រៀបរាប់ ៖"យើងមានមោទកភាពដែរត្រង់ថា យើងក្លិបចាស់មែន តែអ្វីដែលយើងរៀបចំបានល្អ គឺទើបតែឆ្នាំនេះជាបន្តបន្ទាប់ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន និងឯកឧត្តម សុខ សប្បាយណា ជាអនុប្រធាន។ ពួកគាត់យកចិត្តទុកដាក់ខ្លាំងដើម្បីឲ្យក្លិបកាន់តែប្រសើរ។ ក្រោយឈ្នះណាហ្គាវើលដ៍ គឺពួកគាត់បានផ្ញើសារអបអរសាទរ ហើយក៏បានសួរសុខទុក្ខពីកីឡាករគ្រប់ៗរូប ព្រោះកីឡាករទាំងអស់បានខិតខំប្រឹងប្រែង អ៊ីចឹងពួកគាត់ក៏មានការព្រួយបារម្ភចំពោះពួកគេដែរ។ ពួកគាត់តែងតែនៅក្បែរយើងរហូត។ ខ្ញុំក៏សង្ឃឹមថា ជ័យជម្នះនេះនឹងធ្វើឲ្យយើងទទួល​បានការគាំទ្រពីអ្នកគាំទ្រកាន់តែច្រើន ព្រោះកន្លងមកនេះ យើងឃើញថា អ្នកគាំទ្ររបស់យើងកាន់តែផុសផុល"។ 


លោក ឌុក វាសនា បន្តថា ក្រុមការងារនឹងព្យាយាមរៀបចំក្រុមឲ្យកាន់តែប្រសើរថែមទៀតនៅវគ្គ៨ក្រុមចុងក្រោយ ហើយអ្វីសំខាន់នោះ គឺសមាជិកគ្រប់រូបមានឆន្ទៈខ្ពស់នៅគ្រប់ការប្រកួត។

គួរដឹងដែរថា គិរីវង់សុខសែនជ័យ បានទម្លាក់ក្រុមលេខ៣ឆ្នាំចាស់ណាហ្គាវើលដ៍ នៅវគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផលសរុប២ទល់នឹង១ ពោលគឺជើងទីមួយ ក្រុម​របស់តាកែវមួយនេះ ឈ្នះ២ទល់នឹង០នៅកីឡដ្ឋានគិរីវង់ មុនចាញ់ក្រុមលោក មាស ចាន់ណា វិញ ១ទល់នឹង០ នៅស្តាតចាស់ កាលថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់ឲ្យ, CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖