+855 16 757 168     samnob@keiladaily.com
KD Logo

Milner ហៅខ្សែការពារ Gnagnon របស់ Sevilla ថាជនទុរយស ក្រោយទាត់យុវជន Liverpool ពីក្រោយទាំងកម្រោល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1524

ការប្រកួតមិត្តភាព pre-season របស់ Liverpool នៅសហរដ្ឋអាមេរិកថ្មីបំផុតបានបញ្ចប់ក្នុងភាពចម្រូងចម្រាសនិងកំហឹង ខណៈ Sevilla បានឈ្នះ២-១។

លទ្ធផលជារឿងបន្ទាប់បន្សំទេសម្រាប់លោក Jurgen Klopp តែអ្វីដែលសំខាន់បំផុតគឺលោកក្ដៅក្រហាយនឹងទង្វើរបស់កីឡាករ Sevilla មួយចំនួន ពិសេសខ្សែការពារជនជាតិបារាំងវ័យ២២ឆ្នាំ Joris Gnagnon ដែលបានទាត់យុវជនវ័យ១៨ឆ្នាំរបស់ហង្សក្រហម Yasser Larouci ពីក្រោយទាំងកម្រោលហើយរងពិន័យកាតក្រហម។

ខ្សែបម្រើដែលប្ដូរមកលេងការពារស្លាប James Milner បានពណ៌នាកីឡាករ Gnagnon ថាជាជនទុរយស។ កីឡាករវ័យ៣៣ឆ្នាំរូបនេះនិយាយថា៖ «អ្នកមិនសូវឃើញកាតក្រហមញឹកញាប់ទេក្នុងការប្រកួតមិត្តភាព។ ពួកគេ(Sevilla)និយាយថាពួកយើងគួរតែទាត់បាល់ចេញក្រៅ តែវាអាស្រ័យលើអាជ្ញាកណ្ដាលក្នុងការបញ្ឈប់ការប្រកួត។ បើអ្នកចង់បង្កកំហុស គ្រាន់តែទាញអាវទៅបានហើយ។ កុំទាត់ក្មេងត្រង់ជង្គង់បែបនេះ។ មើលរូបភាពនោះម្ដងទៀត វាជាទង្វើទុរយស»។

មែនទែនទៅ ការប្រកួត pre-season រវាងក្រុមទាំងពីរនេះមានមិត្តភាពត្រឹមតែឈ្មោះប៉ុណ្ណោះ តែការលេងជាក់ស្ដែងមិនមែនមិត្តភាពឡើយ។ Sevilla មិនមែនជាក្រុមដែល Liverpool ចូលចិត្តទេ។ ក្រុមហង្សក្រហមបានចាញ់ក្រុមអេស្ប៉ាញមួយនេះក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League 2016 ខណៈក្រុមទាំង២ក៏បានជួបគ្នាក្នុងពាន Champions League 2017 ស្មើគ្នាទាំងពីរជើង។


តាម Dailymail កីឡាករមួយចំនួនរបស់ Sevilla បានបញ្ចេញអាកប្បកិរិយាទុរយស ហើយវាគួរឱ្យភ្ញាក់ផ្អើលដែលពួកគេរងពិន័យកាតក្រហមតែម្នាក់ គឺ Gnagnon ដែលទាត់ Larouci ពីក្រោយទាំងកម្រោល។

Larouci ជាយុវជនវ័យ១៨ឆ្នាំជនជាតិអាល់ហ្សេរីដែលបានបង្កើតចំណាប់អារម្មណ៍ក្នុងពេលពីរបីសប្ដាហ៍ចុងក្រោយនេះ។ គេបានចាកចេញពីទីលានតាមប្រង់ការ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖